Unnamed %281%29

សមត្ថកិច្ចចម្រុះបង្ក្រាបមេក្លោងមុខសញ្ញាវាយប្លន់ម្នាក់(មានវីដេអូ)

    ភ្នំពេញ ៖ មេក្លោងដែលជាមុខសញ្ញាវាយប្លន់យកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋនៅពេលយប់ពេលនេះត្រូវបានកម្លាំងប៉ូលិសខណ្ឌពោធិសែនជ័យសហការជាមួយប៉ូលិសជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់​ និងអន្តរាគមន៍ក្រុងបង្ក្រាបបានម្នាក់ក្នុងចំណោមបក្ខពួកច្រើននាក់ កាលពីវេលាម៉ោង១ និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ សីហា ២០១៦ នៅចំណុចបន្ទប់ជួលជាន់ទី២បន្ទប់លេខ១៨ ស្ថិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

    ប៉ូលិសបានឱ្យដឹងថា បន្ទាប់ពីកម្លាំងធ្វើការស៊ើបអង្កេតស្រាវជ្រាវអស់រយៈពេលយ៉ាងយូរ ទើបនៅយប់កើតហេតុកម្លាំងសមត្ថកិច្ចចម្រុះ បានសហការគ្នា ឆ្មក់ចូលបន្ទប់របស់ជនសង្ស័យទើបឃាត់បានតែម្តង។

    ប៉ូលិសបន្តថា ជនសង្ស័យដែលជាមុខសញ្ញាខាងលើនេះ គឺជាមុខសញ្ញាចាស់ ដែលធ្លាប់រកស៊ីជួញដូរគ្រឿងញៀននិងធ្លាប់មានដីកាតាមចាប់ខ្លួនរាប់មិនអស់ ហើយថ្មីៗនេះ ជនសង្ស័យបានធ្វើសកម្មភាព បង្កើតក្រុមវាយប្លន់យកសម្ភារៈមានតម្លៃដូចជា លុយទូរស័ព្ទ
របស់របរប្រើប្រាស់មានតម្លៃជាច្រើន ហើយលើកចុងក្រោយនេះគឺវាយប្លន់យកម៉ូតូមិនបានសម្រេច ព្រោះប៉ះជាមួយកម្លាំងសមត្ថកិច្ចល្បាតហើយជនសង្ស័យនឹងបក្ខពួករត់រួចខ្លួន។

    ប៉ូលិសបន្តទៀតថា មុខសញ្ញាខាងលើនេះ មានឈ្មោះ ប៉ា សុភ័ក្ត្រ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអង្កកែវ សង្កាត់ចោមចៅ។

    បច្ចុប្បន្នជនសង្ស័យត្រូវបានប៉ូលិសសាកសួរបន្ថែមដើម្បីតាមចាប់បក្ខពួក ដែលនៅសល់ និងបញ្ចូនខ្លួនទៅឃុំបន្តនៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌដើម្បីរង់ចាំថ្ងៃឡើងតុលាការចាត់ការតាមនិតិវិធីច្បាប់៕


 

មតិយោបល់