adverise with khmeread Unnamed

រករឿងវ៉ៃក្បាលគេមួយដៃមិនអស់ចិត្ត ស្អែកឡើងមកដល់ផ្ទះគេរករឿងម្តងទៀត ត្រូវគេកាប់២ខ្វែវរងរបួសធ្ងន់

    កណ្តាល ៖ មានករណីអំពើហិង្សាដោយចេតនាមួយកើតឡើងនាថ្ងៃទី៣០ សីហា ឆ្នាំ២០១៦ វេលាម៉ោង៦ល្ងាចនៅចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ អ៊ី វាសនា  ភេទប្រុស អាយុ១៩ឆ្នាំ(ខ្មែរ) មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរកសិករ រងរបួសចំនួន២កន្លែងនៅជើងខាងស្តាំ០១កន្លែង និងដៃខាងស្តាំ០១កន្លែង។

    ចំណែកជនសង្ស័យឈ្មោះ ពិន ផានុង  ភេទប្រុស អាយុ១៧ឆ្នាំ (ខ្មែរ) មានទីលំនៅភូមិឃុំជាមួយគ្នា មុខរបរកម្មសំណង់(គេចខ្លួន)។

    ប៉ូលិសបន្តថា នៅថ្ងៃកើតហេតុវេលា៥ល្ងាចជនសង្ស័យរួម និងមិត្តភក្តិចំនួន៣នាក់ទៀត ១.ឈ្មោះ ម៉េង សុផុន ភេទប្រុស អាយុ១៧ឆ្នាំ(ខ្មែរ) មុខរបរនៅផ្ទះ, ២.ឈ្មោះ ចាប ចននី ភេទប្រុស អាយុ១៧ឆ្នាំ(ខ្មែរ) មុខរបរនៅផ្ទះ និង៣.ឈ្មោះ ពិន ណាឃីម ភេទប្រុស អាយុ១៩ឆ្នាំ(ខ្មែរ)
មុខរបរលក់ដូរអ្នកទាំងបីមានទីលំនៅភូមិ ឃុំកើតហេតុខាងលើ កំពុងឈរជជែកគ្នាលេងនៅលើចិញ្ចើមផ្លូវជាតិលេខ១។

    ពេលនោះជនរងគ្រោះស្ថិតក្នុងស្ថាន ភាពស្រវឹងស្រាបានដើរមកដល់រួចបានទាត់ទៅលើឈ្មោះ ម៉េង សុផុន មួយជើង រួចច្រានឈ្មោះ ចាប ចននី បណ្តាលឱ្យដួល បន្ទាប់មកក៏មានការប្រតាយប្រតប់ជាមួយជនសង្ស័យ តែមិនមានរងរបួសទេ រួចក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន។

    លុះដល់ម៉ោងកើតហេតុខាងលើជនរងគ្រោះ បានយកកណ្តៀវទៅបម្រុងកាប់ជនសង្ស័យដល់ផ្ទះតែមិនជួបជនសង្ស័យទេជួបតែឪពុកជនសង្ស័យ។ ពេលនោះឱពុកជនសង្ស័យ បានស្រែកទៅកាន់ជនរងគ្រោះថា "បើអ្ហែងចង់វ៉ៃគ្នាមិនចាំបាច់យកកណ្តៀវមកទេវ៉ៃនឹងដៃមួយស្មើទៅ"។ ឮដូចនេះជនរងគ្រោះបានបោះកណ្តៀវចោលរួចក៏បានទៅប្រតាយប្រតប់ជាមួយឪពុកជនសង្ស័យ។

        ឃើញដូចនេះជនសង្ស័យ បានយកកាំបិតដែកវែងមួយដេញកាប់ជនរងគ្រោះត្រូវចំនួន ២កាំបិតចំជើងខាងស្តាំ០១កាំបិតនិងចំដៃខាងស្តាំ០១កាំបិត។ ក្រោយកាប់រួចជនសង្ស័យបានរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាល
នៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ។ ក្នុងករណីនេះសមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី៕

adverise with khmeread

មតិយោបល់