បន្ទាយមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តធំ បើកទៅបុកកៀរម៉ូតូ១គ្រឿងបណ្តាលឱ្យរបួសធ្ងន់២នាក់ រួចបើកគេចបន្តទៅបុកនឹងរថយន្ត១គ្រឿងទៀតដែលឈប់នៅស្ងៀម។
គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង៤ល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ត្រង់ចំណុចលក់ក្រឡាន ក្នុងភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកមង្គលបូរី បានឱ្យដឹងថា មុនពេលកើតហេតុនោះ មានរថយន្តម៉ាកហីយ៉ាន់ដាយ ពណ៌ស ធុនធំ គ្មានស្លាកលេខ បើកដោយឈ្មោះ ហ៊ាន វាសនា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបូរី បើកពីត្បូងទៅជើង។
លុះបើកមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកកៀរ ម៉ូតូម៉ាកហុងដា ធុនសេ100ពណ៌ ក្រហម ពាក់ស្លាកលេខ ក 0363 បន្ទាយមានជ័យ1 បើកបរដោយឈ្មោះ ដួង សង្ហា ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិគោកស្រុក ឃុំស្រះរាំង ស្រុកមង្គលបូរី ឌុបប្រពន្ធឈ្មោះ លីវ ស៊ុំ អាយុ៤៦ឆ្នាំ បើកពីត្បូងទៅជើងស្របទិសគ្នា បណ្ដាលឱ្យម៉ូតូដួលបោកទៅលើថ្នល់ជាតិធ្វើឱ្យពីរនាក់ប្ដីប្រពន្ធរងរបួសធ្ងន់។
បន្ទាប់មករថយន្តបង្កនោះបានបើករត់រហូត ទៅដល់រង្វង់មូលយាយជីច្រូតស្រូវក៏បានបន្តទៅបុករថយន្ត១គ្រឿងទៀតម៉ាកតូយូតា តាកូម៉ាធុនតូចពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AD-8470 ម្ចាស់ឈ្មោះ ង្វៀន វ៉ឹកង៉ឹន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅ សង្កាត់ដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាបុគ្គលិកក្រុមហ៊ុនមិត្តហ្វូនដែលឈប់នៅស្ងៀម។
លោកវរ:សេនីយ៍ត្រី រស់ សំបូរ បានបញ្ជាក់ទៀតថា ក្រោយពីកើតហេតុរួចជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកទៅ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ដើម្បីសង្គ្រោះជីវិត ភ្លាមៗផងដែរ។
ចំណែកឈ្មោះ ហ៊ាន វាសនា អ្នកបើកបររថយន្តបង្ក ត្រូវបានឃាត់ខ្លួនហើយទាំងវត្ថុតាង បានយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកមង្គលបូរី ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
