adverise with khmeread 1

Sir Alex Ferguson វិលត្រឡប់ទៅក្លឹបស្កុតឡែន ដែលគាត់ចូលលេងតាំងពីជំនាន់ទសវត្សរ៍ ១៩៥០ ដើម្បីជួយផ្សព្វផ្សាយអាវថ្មី

    ​អតីត​អ្នកចាត់ការ​ក្នុងនាម​ជា​វីរបុរស​ប្រចាំ​ក្លឹប​បិសាច​ក្រហម Manchester United លោក Sir Alex Ferguson បាន​ត្រឡប់​ទៅកាន់​ទីកន្លែង​កំណើត​នៃ​ការចាប់ផ្តើម​អាជីព​របស់គាត់ ដោយ​គាត់​បានចាប់ផ្តើម​ជួយ​ជ្រោមជ្រែង​ផ្សព្វផ្សាយ​ឯកសណ្ឋាន​ទី​បី​ថ្មី​របស់​ក្រុម Queen's Park របស់​ប្រទេស​ស្កុ​តឡែ​ន​។​

​    ​បុរស​សញ្ជាតិ​ស្កុ​តឡែ​ន ដែល​ធ្លាប់ជា​ខ្សែប្រយុទ្ធ​ម្នាក់​អំឡុង​ពេលដែល​គាត់​មាន​អាជីព​ជា​កីឡាករ​បាល់ទាត់ អា​ចរក​គ្រាប់​បាល់​នៅក្នុង​ការបង្ហាញ​ខ្លួន​ដំបូង​សម្រាប់ Queen's Park ក្នុងជំនួប​ជាមួយ Stranraer កាលពី​ខែវិច្ឆិកា ឆ្នាំ​១៩៥៨​។​

​    ​ហើយ​អតីត​ក្លឹប​កំណើត​របស់គាត់​មួយ​នេះ បាន​អញ្ជើញ​បុគ្គល​ដ៏​ល្បីល្បាញ​ក្នុង​ពិភព​បាល់ទាត់​រូបនេះ​ទៅកាន់​ទឹកដី Hampden Park ដើម្បី​ជួយ​ផ្សព្វផ្សាយ​ឈុត​សម្លៀកបំពាក់​ពណ៌​ខៀវចាស់​ថ្មី​របស់​ពួកគេ ដែល​គាត់​មើលទៅ​ពិតជា​មាន​ភាព​រីករាយ​ជាខ្លាំង​ក្នុងការ​បំពេ​ញក​ត្វ​កិច្ច​មួយ​នេះ​។​

​    ​Sir Alex បាន​បញ្ជាក់ថា "​ខ្ញុំ​ពិតជា​មាន​សេចក្តី​រីករាយ​ជាខ្លាំង ពេលដែល Queen's Park ទាក់ទង​មក​ខ្ញុំ និង​បាន​ស្នើសុំ​ខ្ញុំ​ឱ្យជួយ​ផ្សព្វផ្សាយ​ឈុត​ថ្មី​របស់​ពួកគេ​"​។​

​    ​បន្ទាប់ពី​ចំណាយ​អស់​រយៈពេល​បី​ឆ្នាំ​ស្នាក់​នៅលើ​ទឹកដី​មួយ​នេះ Ferguson ក៏បាន​ដើរ​ត្រាច់ចរ​បន្ត​ក្នុងនាម​ជា​ខ្សែប្រយុទ្ធ​បន្តទៀត​ផងដែរ​ដែល​បាន​លេង​ឱ្យ​ក្រុម​មួយចំនួន ដូចជា St Johnstone, Dunfermline, Rangers, Falkirk និង Ayr United មុនពេល​ដែល​គាត់​ទទួលបាន​ជោគជ័យ​ដ៏​សម្បើម​ក្នុងនាម​ជា​គ្រូបង្វឹក​។​

​    ​គាត់​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​នា​អំឡុង​ពេលដែល​គាត់​បាន​កាន់កាប់ Aberdeen ដែល​គាត់​បាន​ដឹកនាំ​ទៅដល់​ការ​ឈ្នះ​ពាន​ចំនួន​១១ រួមបញ្ចូល​ទាំង​ពាន UEFA Cup ឆ្នាំ ១៩៨៣ ហើយ​និង Manchester United ដែលជា​កន្លែង​ដែល​គាត់​បាន​ស្នាក់​អស់​រយៈពេល ២៦​ឆ្នាំ​ដែល​ជំរុញឱ្យមាន​ពានរង្វាន់​ធំៗ​ចំនួន ៣៨​សម្រាប់​ក្លឹប រួមបញ្ចូល​ទាំង​ពាន​លី​ក​កំពូល​អង់គ្លេស Premier League ១៣​លើក និង​ជា​ម្ចាស់​ជើងឯក​ក្លឹប​កំពូល​អឺរ៉ុប Champions League ចំនួន​ពីរ​សម័យកាល​។​

​    ​Ferguson បាន​ចូលនិវត្តន៍​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​របស់​បិសាច​ក្រហម នៅឯ​ចុងបញ្ចប់​រដូវ​កាល ២០១២-១៣៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់