1

ប៉ូលិស​ខណ្ឌឫស្សីកែវ បង្ហាញមុខ​ក្រុមចោរប្លន់​យ៉ាងសកម្ម​ក្នុង​រាជធានី​ភ្នំពេញ និងទទួលផល​ចោរកម្ម ទាំង​៧​នាក់​ មុនបញ្ជូនទៅសាលាដំបូង​រាជធានី​ភ្នំពេញ

​    ​ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌឫស្សីកែវ នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៦​នេះ បានបង្ហាញ​មុខសញ្ញា​ក្រុមចោរ​យ៉ាងសកម្ម​ក្នុង​រាជធានីភ្នំពេញ ទាំង៧​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព​ប្រើ កាំបិត ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ប្លន់​យ៉ាងសកម្ម​ដើម្បី​យក​ម៉ូតូ ទូរស័ព្ទ និង​គ្រឿងអលង្ការ​ផ្សេងៗ​ពី​បងប្អូន​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​សាធារណៈ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដែល​សមត្ថកិច្ច បាន​សហការ​បង្ក្រាប បាន​មួយ​សម្បុរ​ធំ​នាពេល​កន្លងមក មុនពេល​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមច្បាប់​។​

​    ​លោក​ ទៀង ច័ន្ទ​សារ អធិការ​ប៉ូលិស​ខណ្ឌឫស្សីកែវ បាន​បញ្ជាក់ថា មុន​ឈានទៅ​បង្ក្រាប​ និង​ក្រោយ​បង្ក្រាប​ក្រុមចោរ​ទាំងនេះ​ បានធ្វើ​សកម្មភាព​គ្រប់​រូបភាព​ និង​ជាច្រើន​ករណី​ ដោយ​ប្រើ​កាំបិត​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ភ្ជង់​ ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​យ៉ាងសកម្ម។

​    ​លោក ទៀង ច័ន្ទ​សារ បន្តថា សកម្មភាព​ដែល​ក្រុម​ជន​ស​ង្ស័យ​បាន​ប្រ​ព្រឹ​ត្តិកន្លងមក​ដោយមានករណី៖


    ករណី​ទី​១-​កាលពី​ថ្ងៃទី​៥ សីហា ក្រុម​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ដោយ​ប្រើ​ដាវ​ដដែល ដើម្បី​កាប់​ភ្ជង់​ប្លន់​យក​ម៉ូតូ​មា​កនិច​១​គ្រឿង​ទៀត​ពី​ជនរងគ្រោះ​បានសម្រេច ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។
    ​ករណី​ទី​២-​នៅ​យប់​ថ្ងៃទី​២២ សីហា ក្រុម​ជនសង្ស័យ​បាន​បន្តសកម្មភាព​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​ជនរងគ្រោះ​ បានសម្រេច​១​គ្រឿង​ទៀត​នៅ​ចំណុច​ផ្ទះ​បុរី​អង្គរ​ភ្នំពេញ​ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​។ 
    ករណី​ទី​៣-​កាលពី យប់​ថ្ងៃទី​២៣ សីហា ក្រុម​ជនសង្ស័យ​នៅតែ​បន្តសកម្មភាព យ៉ាងសកម្ម​ដោយ​ប្រើ​ដាវ​ប្លន់​យក​ម៉ូតូ​ស្មាស់​១​គ្រឿង​ទៀត​ពី​ជនរងគ្រោះ​បានសម្រេច​នៅ​ចំណុច​កាំ​កូ​ស៊ី​ធី ស្ថិតក្នុង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។


    ​ករណី​ទី​៤-​នៅ​យប់​ថ្ងៃ ទី​២៧ សីហា ទៀបភ្លឺ ក្រុម​ជនសង្ស័យ​បានធ្វើ​សកម្មភាព ប្រើ​ដាវ​កាប់​ភ្ជង់​ប្លន់​យក​ម៉ូតូ​វីវ៉ា​១​គ្រឿង​ទៀត​ពី​ជនរងគ្រោះ​ដែល​កំពុង​ឈប់​ចាក់​សាំង​នៅ​ស្ថានីយ៍​ប្រេង​តេ​លា​មួយកន្លែង​ក្នុង​សង្កាត់​ទួល​សង្កែ។
    ​ករណី​ទី​៥-​នៅ​យប់​រំលង​អា​ធ្រា​ត​ថ្ងៃទី​២៨ សីហា ក្រុម​ជនសង្ស័យ​នៅតែ​បន្តសកម្មភាព​ដោយ​ជិះ​ម៉ូតូ​២​គ្រឿង​មាន​បក្ខពួក​៦​នាក់​បានធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​សង់​ឌ្រី​ម​សេ​១២៥​មួយគ្រឿង​ទៀត​ពី​ជនរងគ្រោះ​បានសម្រេច​គេចខ្លួន​ដោយ​សុ​វត្ថ​ភាព 
    និង​ករណី​ទី​៦-​កាលពី​ថ្ងៃទី​៣០ សីហា រំលង​អ​ធ្រា​ត្រ ក្រុម​ជនសង្ស័យ​ទាំងនេះ​បាន​សហការ គ្នា​ធ្វើ​សកម្មភាព​ប្រើ​ដាវ​ភ្ជង់​ប្លន់​យក​ទូរស័ព្ទ​ពី​ជនរងគ្រោះ​ជា​ស្ត្រី​ម្នាក់ នៅ​ចំណុច​ផ្លូវ​បណ្ឌិត​ម៉ុង​រិទ្ធី ស្ថិតក្នុង​ក្រុម​៩ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ហើយ​រត់គេចខ្លួន​ដោយ​សុវត្ថិភាព​តែម្ដង។



​    ​លោក​អធិការ បាន​បន្តថា ក្រុម​ជនសង្ស័យ​ទាំងនេះ​ត្រូវបាន​កម្លាំង​ប៉ូលិស​ខណ្ឌឫស្សីកែវ​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​កម្លាំង​តាម​បណ្ដា​ប៉ុស្ដិ៍​ទាំង​៦​ក្នុង​មូលដ្ឋាន​ដោយ​វាយលុក​ចំ​សម្បុក​តែម្ដង។

​    ​លោក​បន្ថែមថា ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​បាន​២​នាក់ ដើម្បី​បន្ត​ស្រាវជ្រាវ និង​សួរនាំ​ពី​សកម្មភាព​រួម​មក ប៉ុន្មាន​ម៉ោងក្រោយ​ក៏បាន​តម្រុយ​ខ្លះៗ​ទើប​សម្រេច​បើក​ប្រតិបត្តិការ​ជាថ្មី​ម្ដងទៀត ទាំងយប់​រហូតដល់​ម៉ោង​ជិត​៣​ទៀបភ្លឺ  កម្លាំង​សមត្ថ​កិច្ច​បានធ្វើ​ការឡោមព័ទ្ធ ទីតាំង​ដីឡូត៍​មួយកន្លែង ស្ថិត​ក្នុងភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ដែលជា​ជម្រក​ស្នាក់នៅ របស់​បក្ខ​ពួកក្រុម​ជនសង្ស័យ​ប្រមូល​ផ្ដុំគ្នា ដើម្បី​ធ្វើ​សកម្ម​ភាព​ផ្សេងៗ និង​ប្រើប្រាស់​គ្រឿងញៀន ដោយ​ជាល​ទ្ធ​ផល​សម្រេច​ឃាត់ខ្លួន​ក្រុម​បក្ខពួក​ជនសង្ស័យបន្តបន្ទាប់​បន្ថែមទៀត ដកហូត​បាន​រថយន្ដ​ ​Land Cruiser ១​គ្រឿង​និង​កាំបិត​ដាវ សាំ​ម៉ូ​រ៉ៃ​៩​ដើម​។​

​    ​លោក​អធិការ​បាន​បញ្ជាក់ថា ក្នុង​កិច្ច​សហ​ប្រ​ត្ត​ប​ត្តិ​ការ​នៅ យប់​រហូតដល់​ភ្លឺ​ស្រលះ​នេះ​នៅតែ​បន្ត​ស៊ើបអង្កេត ដោយបាន​ពន្លឺ​បន្ថែម កម្លាំង​នគរបាល​បាន ឈានដល់​ការឡោមព័ទ្ធ​ទី តាំង​ទទួលផល​ចោរកម្ម​មួយកន្លែង​ទៀត ស្ថិតក្នុង​ភូមិ​ទួល គោក សង្កាត់​ទួល​សង្កែ ដែល​ទីតាំង​មួយ​នេះ​បានទទួល​ប្រ យោជន៍​ពី​បក្ខពួក​ក្រុមចោរ​ដែល​តែងតែ​ធ្វើ​សកម្មភាព​កាប់​ប្លន់​បានសម្រេច​ហើយ យកមក​លក់ដូរ ឫ​បញ្ចាំ​នៅទីនេះ ដោយ​ជា​លទ្ធផល កម្លាំង សមត្ថកិច្ច​បានសម្រេច​ឃាត់ខ្លួន ម្ចាស់​ទីតាំង​ដើម្បី​បន្ត​សួរនាំ និង​ដកហូត​ម៉ូតូ​ពាក់ព័ន្ធ​ករណី ទទួលផល​ចោរកម្ម​ជាច្រើន​គ្រឿង​ផងដែរ​។​

​    ​លោក​អធិការ​បានបញ្ជាក់​ទៀតថា​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ទី​១-​ឈ្មោះ​ សុភាព វិសាល ហៅ​កូ​កា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង​ទី​២-​ឈ្មោះ ​សូវ​ណ្ណៈ ហៅ​វ​ណ្ណៈ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនសង្ស័យ​ទាំង​២​នាក់​ មានមុខ​របរ​មិន​ពិតប្រាកដ និង​ស្នាក់នៅផ្ទះ​ជួល ផ្លូវ​បេតុង ក្រុម​១៤ ភូមិ​ទួល​សង្កែ សង្កាត់​ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ, ទី​៣-​ឈ្មោះ​មុន្នី ស៊ី​សុវ៉ា​ត់ ហៅ​វ៉ា​ត់​ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មានមុខ​របរ​មិន​ពិត​ប្រាកដ, ​ទី​៤-​ឈ្មោះ ថា​ន់ ថង​ថាំង ហៅ​ថាំង ភេទ​ប្រុស អាយុ២៩​ឆ្នាំ, ទី​៥-​ឈ្មោះ ​អ៊ុន ហ៊ោ ហៅ​ហៀក​​ ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ទី​៦-​ឈ្មោះ​ថុ​ន សុជាតិ ហៅ​ជាតិ​ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនសង្ស័យ​ទាំង​៤​នាក់ មានមុខ​របរ​មិន​ពិតប្រាកដ និង​ស្នាក់នៅ បន្ទប់​ជួល​ស្ថិត​ក្នុងភូមិ​ទួលគោក សង្កាត់​ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ព្រមទាំង​ទី​៧-​ឈ្មោះ សុខ វ៉ា ហៅ​វ៉ា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ស្នាក់នៅ ផ្ទះជួល ផ្លូវ​លេខ​១០៣ ក្រុម​១២ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។​

​    ​ក្រោយ​បង្ហាញមុខ ក្រុម​ជន​ត្រូវ​សង្ស័យ​ទាំង​៧​នាក់ ពាក់ព័ន្ធបទល្មើស​ប្រើ​កាំបិត​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ប្លន់​យ៉ាងសកម្ម​នៅ​រាជធានី​ភ្នំពេញ រួមជាមួយ​វត្ថុតាង ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ ឫស្សីកែវ បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់​ហើយ៕​

អ្នកនឹងចូលចិត្ត

មតិយោបល់