adverise with khmeread 8 daily habits

ទម្លាប់ប្រចាំថ្ងៃទាំង ៨ នេះធ្វើឲ្យអ្នកមើលទៅមិនមានវិជ្ជាជីវៈទាល់តែសោះនៅកន្លែងធ្វើការ

ទម្លាប់អាក្រក់ទាំងឡាយនៅកន្លែងធ្វើការមិនមែនជារឿងកម្របានឃើញនោះទេ។ យើងអាចឃើញវារាល់ថ្ងៃក្នុងចំណោមអ្នកធ្វើការជាមួយ ឬយើងខ្លួនឯងផ្ទាល់ប្រហែលជាមានទម្លាប់ទាំងអស់នោះដោយមិនខ្លួនផងក៏មិនដឹង។ តើទម្លាប់អ្វីខ្លះដែលធ្វើឲ្យយើងមើលទៅមិនអាជីព? 

១- ពូកែរអ៊ូរទាំ
នៅគ្រប់ការិយាល័យទាំងអស់តែងតែមានមនុស្សដែលពូកែរអ៊ូរទាំមិនចេះឈប់។ ពួកគេនៅសុខៗក៏អាចរកនឹកឃើញរឿងត្រូវរអ៊ូបានដែរសូម្បីក្នុងបរិយាកាសដ៏ល្អឥតខ្ចោះក៏ដោយ។ ចៅហ្វាយយើងកាចណាស់, ស្ថានភាពការងារនេះពិបាកទ្រាំណាស់, ក្នុងបន្ទប់នេះក្តៅស្អុះស្អាប់ណាស់, បន្ទប់នេះត្រជាក់ខ្លាំងណាស់, ម៉ោងបាយថ្ងៃត្រង់យើងខ្លីណាស់, ភារៈកិច្ចរបស់ខ្ញុំធំខ្លាំងណាស់, បក្សីនៅខាងក្រៅរំខានខ្ញុំដល់ហើយ, ទឹកក្នុងទូរទឹកកកផឹកទៅធុំក្លិនអីអ៊ីចឹងទេ, រុយនេះអត់ឲ្យខ្ញុំធ្វើការបានទេ។ល។ ប្រាកដណាស់ ជួនកាលយើងត្រូវតែចែករំលែកការរអ៊ូរទាំរបស់យើងដើម្បីឲ្យមានអារម្មណ៍ប្រសើរឡើងវិញ ប៉ុន្តែយើងគួរតែដឹងពីដែនកំណត់របស់យើងផងដើម្បីកុំឲ្យរំខានដល់អ្នកដទៃ។ 

២- និយាយបញ្ជោរហួសហេតុពេក
ការនិយាយបញ្ជោរអំពីម៉ូដសក់ថ្មី សម្លៀកបំពាក់ថ្មី ឬនាឡិកាថ្មីរបស់អ្នករួមការងារជាមួយគឺជារឿងធម្មតាទេ។ ការនិយាយបញ្ជោរសមហេតុផលក្នុងចំនួនមួយល្មមគឺល្អនៅកន្លែងធ្វើការ ប៉ុន្តែការដែលដឹងអំពីព្រំដែននៃការនិយាយបញ្ជោរគឺជារឿងចាំបាច់បំផុត។ ប្រសិនបើអ្នកនិយាយឬបញ្ជោរនរណាម្នាក់ ជាពិសេសក្នុងគោលបំណងបានឡើងតំណែង អ្នកនឹងមើលទៅមិនមានវិជ្ជាជីវៈទេចំពោះគ្រប់គ្នានៅក្នុងការិយាល័យ។ មនុស្សដែលទទួលបានការឡើងតំណែងមិនមែនតាមរយៈស្នាដៃតែតាមរយៈការនិយាយលើកជើង ជាធម្មតាពុំមានបុគ្គលិកណាចូលចិត្តនោះទេ។ 

៣- ពន្យារពេលធ្វើការគ្រប់ពេលទាំងអស់
តើអ្នកមានមិត្តរួមការងារណាដែលចូលចិត្តបបួលអ្នកទៅផឹកកាហ្វេ ជក់បារីជាមួយពួកគេ ជជែកគ្នាលេង ឬដើរលេងដែរទេ? មានមនុស្សមួយចំនួនចូលចិត្តពន្យារពេលធ្វើការដើម្បីតែធ្វើសកម្មភាពទាំងអស់ដូចរៀបរាប់ខាងដើម។ ការបង្អែបង្អង់ពេលធ្វើការ ជាពិសេសប្រសិនបើវាមានពាក់ព័ន្ធនឹងមនុស្សដទៃទៀត វាអាចនឹងធ្វើឲ្យអ្នកមើលទៅមិនមានវិជ្ជាជីវៈខ្លាំងបំផុត។ 

៤- ព្យាយាមបំពេញចិត្តមនុស្សគ្រប់គ្នា
អ្នកគ្រប់គ្រងរបស់អ្នកចង់បានរបស់មួយ ចៅហ្វាយចង់បានរបស់មួយដែរ អ្នកឌីសាញចង់បានរបស់ទីបី ហើយអ្នកទីផ្សារនិយាយថាចង់បានរបស់ទីប្រាំ។ ប្រសិនបើអ្នកជាអ្នកអាជីពដែលមានវិជ្ជាជីវៈ អ្នកនឹងសម្រេចចិត្តថាតើត្រូវធ្វើអ្វីទើបល្អក្នុងស្ថានភាពបែបនេះ។ ការព្យាយាមបំពេញចិត្តមនុស្សគ្រប់គ្នានឹងបង្កើតបានជាអ្វីមួយដែលមិនល្អនោះទេ ហើយវាក៏មិនសក្តិសមចំពោះអ្នកអាជីពនោះដែរ។  

៥- មកធ្វើការយឺត
ការមកយឺតពេលណាត់គូស្នេហ៍គឺមិនអីនោះទេ។ មកយឺតសម្រាប់ការប្រជុំក៏អាចទទួលយកបានដែរ ហើយការមកយឺតសម្រាប់មើលភាពយន្តក៏រឹតតែមិនមានបញ្ហាទៅទៀត។ ទោះយ៉ាងណា ការមកធ្វើការយឺតរាល់ថ្ងៃគឺមិនមានលក្ខណៈវិជ្ជាជីវៈទេ និងមានលក្ខណៈឈ្លើយថែមទៀត។ បុគ្គលិកដែលមកធ្វើការយឺតពុំសូវជាចុះចំណោមជាមួយនឹងពួកអ្នកគ្រប់គ្រងទេ ព្រោះប្រសិនបើអ្នកមកធ្វើការមិនទាន់ពេលផង តើអាចបញ្ចប់កិច្ចការទាំងឡាយទាន់ពេលយ៉ាងម៉េច?

៦- និយាយរឿងកំប្លែងច្រើនពេក
ប្រហែលគ្រប់ការិយាល័យមានមនុស្សមួយចំនួនតែងតែចូលចិត្តនិយាយរឿងកំប្លែងគ្រប់ពេលវេលា។ អ្នកខ្លះនិយាយកំប្លែងមានដែនកំណត់របស់ខ្លួន ចំណែកអ្នកខ្លះទៀតមិនត្រឹមតែនិយាយទេ ថែមទាំងមានកាយវិការ និងលេងសើចយ៉ាងរប៉ិលរប៉ូចជាមួយអ្នកធ្វើការជាមួយថែមទៀត។ និយាយកំប្លែងបង្កលក្ខណៈរីករាយក្នុងការិយាល័យគឺល្អហើយ ប៉ុន្តែកុំឲ្យវាជ្រុលហួសហេតុពេក។   

៧- ស្លៀកពាក់មិនសមរម្យ
ក្រុមហ៊ុនសម័យទំនើប ពួកចៅហ្វាយៗ និងអ្នកគ្រប់គ្រងជាច្រើនបានអនុញ្ញាតឲ្យបុគ្គលិកស្លៀកពាក់ធម្មតាៗមកធ្វើការនាពេលបច្ចុប្បន្ននេះ។ ទោះយ៉ាងណា នេះពុំមានន័យថាអ្នកត្រូវតែស្លៀកពាក់អ្វីដែលមើលទៅដូចឈុតគេងយប់នោះទេ។ ហើយនារីៗក៏មិនចាំបាច់បង្ហាញកន្លែងអាថ៍កំបាំងតាមរយៈការស្លៀកលេចលើលេចក្រោមមកកន្លែងធ្វើការនោះដែរ។ ស្លៀកអ្វីក៏បានដែរ តែឲ្យមើលទៅសមជាអ្នកធ្វើការដែលមានវិជ្ជាជីវៈ។ 

៨- ចូលចិត្តបង្កជម្លោះ
មនុស្សមួយចំនួនមិនអាចរស់នៅដោយគ្មានជម្លោះនោះទេ។ ពួកគេសម្បូរថាមពល និងពេញចិត្តពេញថ្លើមណាស់ពីការឈ្លោះប្រកែកជាមួយអ្នកដទៃ។ អ្នកខ្លះឈ្លោះជាមួយគេដោយស្ងប់ស្ងាត់បំផុត តាមរយៈការប្រើពាក្យសំដីគ្រោតគ្រាតដែលធ្វើឲ្យអ្នកដទៃឈឺចាប់។ អ្នកខ្លះទៀតចូលចិត្តស្រែកនិងគប់របស់ផ្សេងៗ។ នេះមិនមែនជាឥរិយាបថសមរម្យនៅកន្លែងធ្វើការទេ៕ 

adverise with khmeread

មតិយោបល់