adverise with khmeread 1

រដ្ឋមន្ត្រីក្រសួង​អប់រំ​ផ្តល់​អនុសាសន៍​ដល់​ប្រតិភូ​កីឡា​កម្ពុជា​បន្ទាប់ពី​មកពី​កីឡា​អូឡាំពិក​នៅ​ទីក្រុង​រី​យ៉ូ​

    ​ភ្នំពេញ​៖ រដ្ឋ​ន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​លោក ហង់ ជួនណា​រ៉ុ​ន បាន​កោះអញ្ជើញ​ក្រុម​ប្រតិភូ​កីឡា​កម្ពុជា ដែល​ត្រឡប់​មកពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្ដៅ នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល ដើម្បី​មក​ជុំគ្នា​ផ្ដល់​ជា​អនុសាសន៍ និង​លើកទឹកចិត្ត​ជូន​ដល់​ពួកគេ​នៅ​ទីស្តីការក្រសួង​របស់ខ្លួន​កាលពី​ល្ងាចម្សិលមិញ​។​

​    ​លោក​រដ្ឋ​ន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា​មានប្រសាសន៍ថា ការចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក ឆ្នាំ ២០១៦ នេះ ថ្វីត្បិតតែ​កម្ពុជា​មិន​ទទួលបាន​មេដាយ​ក៏ពិតមែន ប៉ុន្ដែ​លទ្ធផល​ដែល​កម្ពុជា​ទទួលបាន គឺ​ល្អប្រសើរ​ច្រើន បើ​ធៀប​នឹង​ការចូលរួម​កន្លងមក​។ ដូច្នេះ​កីឡាករ កីឡាការិនី​ម្នាក់ៗ​ត្រូវ​បន្ដ​ឆន្ទៈ​ដ៏​រឹងមាំ​ក្នុងការ​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​បន្ដ​ចូលរួម​ប្រកួតប្រជែង​លើ​ឆាក​អន្ដរជាតិ និង​ដណ្ដើម​កិ​ត្ដិ​យស​ជូន​ជាតិ​នា​ខាង​មុខជា​បន្តទៀត ។​

​    ​លោក​បន្តថា អ្វីៗ​ទាំងអស់នេះ​គឺជា​បទពិសោធន៍​មួយ​ដ៏​ល្អ​សម្រាប់​ឆ្ពោះទៅរក​ភាពជោគជ័យ​សម្រាប់​ត្រៀមខ្លួន​ឲ្យ​បាន​កាន់តែ​ប្រសើរ ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ឆ្នាំ ២០២០ ខាងមុខ​នៅ​ទីក្រុង Tokyo ប្រទេស​ជប៉ុន​។​

​    ​លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​អត្ត​ព​លិ​ក​ទាំងអស់ សូមកុំ​បាក់​ទឹកចិត្ត ព្រោះនេះ​ជាការ​ចូលរួម​កម្រិត​កីឡា​ពិភពលោក ជាពិសេស​គឺ​កីឡាការិនី​ឆ្នើម​កម្ពុជា ស៊ន សៀវ​ម៉ី ត្រូវ​បន្ត​ខិតខំ​ឡើង​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងឱកាស Olympic 2020 នៅ​ទីក្រុង Tokyo នៅ ៤ ឆ្នាំ​បន្ថែមទៀត​។​


​    ​ចំណែក​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​រាយការណ៍​ជូន​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ ស្តីពី​ដំណើរ​ទៅ​ស្វែងរក​មេដាយ​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង​រី​យូ​ប្រទេស​ប្រេ​ស៊ី​ល​នាពេល​កន្លងទៅ​ថា ប្រតិភូ​និង​អត្ត​ព​លិ​ក​កម្ពុជា​បាន​ជូ​ប​ការលំបាក​ជាច្រើន ដូចជា​ការធ្វើដំណើរ​មាន​រយៈ​ចម្ងាយ​ឆ្ងាយ ចំណីអាហារ​ដែល​អត្ត​ព​លិ​ក​កម្ពុជា​មិន​ធ្លាប់​ជួប​បើទោះបី​ម្ចាស់​ប្រេ​ស៊ី​ល​បាន​អះអាង​អាហារ ដែល​រៀបចំ​ជូន​អត្ត​ពលិកម​ក​ពី​ប្រទេស​នីមួយៗ​យ៉ាងណាក៏ដោយ​ក៏​ពួកយើង​មិនអាច​បរិភោគ​អាហារ​ដើម្បី​បំប៉នកម្លាំង​មុនពេល​ប្រកួត​បានឡើយ​។

​    ​លោក​បន្តថា បញ្ហា​ប្រឈម​មួយទៀត គឺ​អាកាសធាតុ ដោយ​អត្ត​ព​លិ​ក​កម្ពុជា ទម្រាំ​តែ​ផ្សាំ ទៅនឹង​អាកាសធាតុ និង​ម៉ោង​សម្រាក ដែល​ខុសគ្នា​ជាច្រើន​ម៉ោង​នោះ គឺ​យើង​បាន​ចំណាយពេល​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ផងដែរ​។​

​    ​គួររំលឹកថា កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​របស់ខ្លួន​ចំនួន ៦ រូប ប្រកួត​លើ ៦ វិញ្ញាសា ក្នុង​ប្រភេទ​កីឡា​ចំនួន ៤ ដូចជា​កីឡាអត្តពលកម្ម ហែល​ទឹក ចំបាប់ និង​កីឡា​តេ​ក្វាន់​ដូ​៕​

adverise with khmeread

មតិយោបល់