adverise with khmeread 14191591 285349461846174 575415350 o

បញ្ជូន​សព​ពលករ​ខ្មែរ​៣​នាក់​មកពី​ថៃ​តាម​ច្រក​ម៉ាឡៃ​និង​ប៉ោយប៉ែត​

    បន្ទាយមានជ័យ ៖ សព​ពលករ​ខ្មែរ​៣​នាក់​ត្រូវបាន​បញ្ជូន​មកពី​ថៃ​តាម​ច្រក​ម៉ាឡៃ​ម្នាក់ ​និង​ប៉ោយប៉ែត​២​នាក់ ដែល​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ការងារ​មកឱ្យ​អាជ្ញាធរ​ខ្មែរ ហើយ​បានប្រគល់​បន្តទៅ​គ្រួសារ​សព​ធ្វើបុណ្យ​តាម​ប្រពៃណី។​

    យោងតាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ បានឱ្យដឹងថា នៅវេលា​ម៉ោង​៦ ​និង​១០​នាទី​ល្ងាច ថ្ងៃទី​៣១​ ខែសីហា ឆ្នាំ២០១៦​ ស្ថាន​អគ្គ​កុង​ស៊ុល​កម្ពុជា ប្រចាំខេត្ត​សា​កែវ ប្រទេស​ថៃ សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ បាន​បញ្ជូន​សាកសព ពលករ​កម្ពុជា តាម​ច្រកទ្វារ​តំបន់​ម៉ាឡៃ ចំនួន​ម្នាក់។​

    លោក​វរៈ​សេនីយ៍​ត្រី តាំង សុខ​ហេង មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ បានឱ្យដឹងថា សព​ឈ្មោះ ទូច ប៊ុនថន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

    លោក ​តាំង សុខ​ហេង បានឱ្យដឹង​ទៀតថា ជនរងគ្រោះ​ស្លាប់​ដោយ ឆក់​ខ្សែភ្លើង កាលពី​ថ្ងៃទី​៣០ ​ខែសីហា ឆ្នាំ២០១៦​។ បច្ចុប្បន្ន សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រួចហើយ​។​

    ដោយឡែក នៅវេលា​ម៉ោង​៧ ​និង​៣០​នាទី ថ្ងៃទី​៣១ ​សីហា ឆ្នាំ​២០១៦ ​ស្ថាន​អគ្គ​កុង​ស៊ុល​កម្ពុជា ប្រចាំខេត្ត​សា​កែវ​ប្រទេស​ថៃ សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ បាន​បញ្ជូន​សាកសព ពលរដ្ឋ​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ចំនួន​២​នាក់​។​

    លោក​អនុសេនីយ៍ឯក ចាន់ រដ្ឋា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បានឱ្យដឹងថា សពពលករ​ ១-​ឈ្មោះ​ សំ តឿ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រវ៉ា​ញ ឃុំ​ក្រវ៉ា​ញ ស្រុក​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់​ និង​២-​សព ឈ្មោះ​សំ សុ​គុណ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ កម្មករ​ធ្វើ​ផ្លូវ​រថភ្លើង​។​

    លោក​ ចាន់ រដ្ឋា បានឱ្យដឹង​ទៀតថា សពឈ្មោះ​ សំ តឿ ភេទ​ស្រី បាន​ចូល​ទៅលេង​កូន ដែល​ធ្វើការ​នៅ​ទីក្រុង​បាងកក ហើយ​បាន​ស្លាប់​ដោយ​គាំងបេះដូង កាលពី​ថ្ងៃទី​២៨​ ខែសីហា ឆ្នាំ​២០១៦​កន្លងមកនេះ​។​

    ចំណែក​សព ឈ្មោះ ​សំ សុ​គុណ ភេទ​ប្រុស កម្មករ​ធ្វើ​ផ្លូវ​រថភ្លើង​នៅ​ខេត្ត​សារ៉ាក់​បូរី ស្លាប់​ដោយសារ​ធ្លាក់​ដែក​រ៉ៃ សង្កត់​លើ កាលពី​ថ្ងៃទី​២៧​ខែសីហា ឆ្នាំ​២០១៦​។ ​សព​ទាំង​២​នាក់​ត្រូវបាន​ក្រុមគ្រួសារ​ទទួលយក​ទៅកាន់ ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​រួចហើយ​៕

adverise with khmeread

មតិយោបល់