adverise with khmeread 1

អាយុ ១៨ ឆ្នាំ​ខ្ចីលុយ​ឪពុកម្តាយ ៥០០ ដុល្លារ​ចេញ​រកស៊ី អាយុ ៣៤ ឆ្នាំ​ក្លាយជា​មហាសេដ្ឋី​លុយ​ពាន់​លាន​ដុល្លារ​

    ​កាលពីពេល​ថ្មីៗ​នេះ អ្នកជំនួញ​វ័យក្មេង​លោក Divyank Turakhia បាន​លក់​មុខ​ជំនួញ​ទី​ប្រាំពីរ​របស់គាត់​គឺ Media.net ទៅឱ្យ​ក្រុមហ៊ុន​ចិន​មួយ​ក្នុងតម្លៃ ៩០០ លាន​ដុល្លារ ជាហេតុ​ធ្វើឱ្យ​គាត់​ក្លាយជា​សេដ្ឋី​ពាន់​លាន​ជា​ផ្លូវការ​។​

​    ​ដោយ​ត្រូវបាន​គេ​ស្គាល់​ចំពោះ​ការមិន​សូវ​បញ្ចេញ​មុខជា​សាធារណៈ ការរីកចម្រើន​ដ៏​លឿន​របស់​បុរស​ឥណ្ឌា​វ័យ ៣៤ ឆ្នាំ​រូបនេះ​ពិតជា​មិនគួរ​ឱ្យ​ជឿ​។ ដោយ​ត្រូវបាន​កោតសរសើរ​ចំពោះ​ការបង្កើត​ក្រុមហ៊ុន​ដ៏​សំខាន់​មួយ​ក្នុង​ឧស្សាហកម្ម Domain លោក Turakhia បានក្លាយ​បុរស​ឥណ្ឌា​ដ៏​ជោគជ័យ​ម្នាក់​នៅក្នុង​វិស័យ​បច្ចេកវិជ្ជា​។​

​    ​កើត​នៅ​ទីក្រុង​មុំ​បៃ លោក Turakhia បានចាប់ផ្តើម​សរសេរ Program នៅ​អាយុ ៩ ឆ្នាំ និង​បើក​ឱ្យប្រើ​ប្រព័ន្ធ BBS  (Bulletin Board System) ឥតគិតថ្លៃ​ក្នុងសម័យ​មុន​អ៊ី​ន​ធឺ​ណេ​ត​។​

​    ​បន្ទាប់មក គាត់​បានចាប់ផ្តើម​អាជីព​បច្ចេកវិជ្ជា​របស់គាត់​នៅ​អាយុ ១៤ ឆ្នាំ​ដោយ​ផ្តល់នូវ​យោបល់​ឱ្យ​ក្រុមហ៊ុន​ធំៗ​ពី​របៀប​ប្រើ​អ៊ី​ន​ធឺ​ណេ​ត​សម្រាប់​ជំនួញ​។ ក្នុង​ឆ្នាំ ១៩៩៨ ដោយ​ក្នុងនាម​ជា​សិស្ស​វិទ្យាល័យ​វ័យ ១៦ ឆ្នាំ​ម្នាក់ លោក Turakhia បាន​បង្កើត​ក្រុមហ៊ុន Directi Group ជាមួយ​បងប្រុស​វ័យ ១៨ ឆ្នាំ​របស់គាត់​គឺ​លោក Bhavin Turakhia ដោយ​ប្រើប្រាស់​ប្រាក់កម្ចី​ពី​ឪពុកម្តាយ​របស់​ពួកគេ​ចំនួន ៥០០ ដុល្លារ​។​

​    ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​កាសែត DNJournal គាត់​បាន​កោត​សរសេរ​ភាព​ស្និត​ស្នាល​របស់​គ្រួសារ​គាត់ ចំពោះ​ការបង្ហាញ​ទិសដៅ​ដ៏​ត្រឹមត្រូវ​ដល់​គាត់​។ គាត់​ក៏បាន​រំ​ឮ​ក​ទំនាក់ទំនង​ដ៏​ជិតស្និត​របស់គាត់​ជាមួយ​បងប្រុស​ខ្លួន ដែលជា​ដៃគូ​រកស៊ី​ដំបូង​គេ និង​ឪពុក​របស់គាត់​ដែល​ធ្លាប់ជា​គណនេយ្យករ​ក្នុង​ជំនួញ​របស់ខ្លួន ព្រមទាំង​ម្តាយ​របស់គាត់ ដែលជា​និស្សិត​ចប់​សាលា​ច្បាប់​។​

​    ​ភាពជោគជ័យ​នៃ​ការបណ្តាក់ទុន​អាជីវកម្ម​ដំបូង​របស់​ពួកគេ បានផ្តល់​ឱ្យ​លោក Turakhia នូវ​ទឹកប្រាក់​មួយ​លាន​ដុល្លារ​ដំបូង​នៅពេលដែល​គាត់​មាន​អាយុ ១៨ ឆ្នាំ និង ១០០ លាន​ដុល្លារ​នៅ​អាយុ ២៣ ឆ្នាំ​។ ខណៈ​នៅ​ទីបំផុត​បងប្រុស​របស់​គាត់​គ្រប់គ្រង​ក្រុមហ៊ុន Directi លោក Turakhia បាន​ក្លាយជា​ក្បាលម៉ាស៊ីន​ចំពោះ​ការរីកចម្រើន​ទៅមុខ​របស់​ក្រុមហ៊ុន និង​ជា​អ្នកបង្កើត​ការច្នៃប្រឌិត​ថ្មីៗ​ជា​បន្តបន្ទាប់ និង​ពង្រីក​អាជីវកម្ម​។​

​    ​លោក​បាន​បង្កើត​រចនា​សម្ព័ន្ធ​សាជីវកម្ម​ជាមួយ​សមត្ថភាព​ក្នុងការ​ទប់ទល់​នឹង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ក្រុមហ៊ុន Directi និង​បាន​បង្កើត​យុទ្ធសាស្ត្រ​ដៃគូ​សម្រាប់​ក្រុមហ៊ុន​។ គាត់​ក៏​ទទួលបាន​ការកើត​សរសើរ​ចំពោះ​ការបង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជំនួញ​របស់​ក្រុមហ៊ុន Directi ដូចជា Skenzo, BigJumbo, DomainAdvertising.com និង MediaInvestments.com​។​

​    ​នៅ​សព្វថ្ងៃនេះ ក្រុមហ៊ុន Directi មានតម្លៃ​ប្រហែល ១,៤ ពាន់​លាន​ដុល្លារ ជាមួយ​បុគ្គលិក​ជាង ១.០០០ នាក់ និង​បម្រើ​អតិថិជន​ជាង ១ លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​។ ក្រុមហ៊ុន​នេះ​មាន​អត្រាកំណើន​លឿន​ដល់​ទៅ ១២០% ក្នុង​មួយឆ្នាំ​។​

​    ​កាលពី​ពីរ​ឆ្នាំមុន លោក Turakhia និង​បងប្រុស​របស់គាត់​បាន​លក់​ម៉ាក​ផលិតផល​របស់​ពួកគេ​ចំនួន​បួន​ទៅឱ្យ​ក្រុមហ៊ុន Endurance International Group ក្នុងតម្លៃ ១៦០ លាន​ដុល្លារ​។​

​    ​Media.net ដែល​ពួកគេ​ទើបតែ​លក់​កាលពីពេល​ថ្មីៗ​នេះ ធ្លាប់ជា​ប្រភេទ​ផ្ទាំង​ពាណិជ្ជកម្ម​អន​ឡាញ​មួយ​ហៅថា Contextual Advertising Play ដែល​លោក Turakhia បានដាក់​គោល​ប្រើប្រាស់​ក្នុង​ឆ្នាំ ២០១៤ ដើម្បី​ប្រជែង​ជាមួយ AdSense របស់ Google​។ ផលិតផល​របស់​វាស​ព្វ​ថ្ងៃ​ត្រូវ​បានផ្តល់​អាជ្ញាប័ណ្ណ​ដោយ Publisher កំពូល​, Ad Network និង​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ផ្សាយពាណិជ្ជកម្ម​អន្តរជាតិ​ជាច្រើន​ទៀត​។ ក្រុមហ៊ុន ដែល​ប្រតិបត្តិការ​នៅ​ទីក្រុង New York, Los Angeles, Dubai, Zurich, Mumbai និង Bengaluru នេះ​បច្ចុប្បន្ន​មាន​បុគ្គលិក​ជាង ៨០០ នាក់​។​

​    ​បន្ទាប់ពី​ការទិញ​យក​ដោយ​ក្រុមហ៊ុន​ចិន Beijing Miteno Communication Technology ដែល​រកស៊ី​ខាង​បច្ចេកវិជ្ជា ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទូរគមនាគមន៍ និង​មាន​លោក Zhiyong Zhang ជា​ប្រធាន​ក្រុមហ៊ុន ក្រុមហ៊ុន​នេះ (Media.net) នឹង​រួមបញ្ចូល​ជាមួយ​ក្រុមហ៊ុន Miteno ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​។​

​    ​លោក Turakhia និង​ក្រុម​គ្រប់គ្រង​បច្ចុប្បន្ន​របស់​ពួកគេ​នឹង​បន្ត​ប្រតិបត្តិការ Media.net ហើយនឹង​រក្សា​គំរូ​អាជីវកម្ម និង​វប្បធម៌​របស់​វា​ដដែល​។ ក្រុមហ៊ុន​នេះ​នឹង​ស្វែងរក​ឱកាស​ដើម្បី​ពង្រីក​ខ្លួន​ក្នុងប្រទេស​ចិន ដែលជា​ទីផ្សារ​បច្ចេកវិជ្ជា​ផ្សាយពានិជ្ជកម្ម​ធំ​លំដាប់​ទី​ពីរ​របស់​ពិភពលោក​៕

adverise with khmeread
ប្រភព៖ Viralnova

អ្នកនឹងចូលចិត្ត

មតិយោបល់