adverise with khmeread 5

ឃាត់ខ្លួនក្រុមក្មេងទំនើង៣នាក់បន្ទាប់ពីផឹកស៊ីដេញវាយគ្នាតាមផ្លូវ

    ភ្នំពេញ ៖ ក្មេង​ទំនើង​២​ក្រុម​មាន​គ្នា​ប្រមាណ​ជាង​១០​នាក់​ផឹកស៊ី​ស្រវឹង​ជោកជាំ រួច​ឌឺដង​ដៀមដាម​ដាក់គ្នា​ក៏បាន​បង្ក​ជា​ជម្លោះ​ដេញ​វាយ​គ្នា​នៅតាម​ដងផ្លូវ ត្រូវបាន​សមត្ថកិច្ច​ខ​ណ្ឌ​៧​មករា​ឃាត់ខ្លួន​បាន​ភ្លាមៗ​៣​នាក់ ។​
     អំពើ​អ​នា​ធិ​បតរ​យ្យ​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង ១៥​នាទី​យប់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​១១៣ កែង​ផ្លូវ​លេខ ១៨២ ស្ថិតក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា ។​
     ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​មាន​ក្មេង​ទំនើង​២​ក្រុម​ខាងលើ​មាន​គ្នា​ប្រមាណ​ជាង​១០​នាក់ បាន​ចូល​ផឹកស៊ី​នៅក្នុង​ភោជនីយដ្ឋាន វិមាន​សួរ ។​
    ខណ​:​ពេល​ផឹកស៊ី​ស្រវឹង​ត្រាង​ហើយ​នោះ ពួកគេ​បាន​ឌឺដង​ដៀមដាម​ដាក់គ្នា​នៅ​តុ​ផឹកស៊ី ពេលចេញ​មកវិញ​ក៏បាន​រើស​ដុំថ្ម និង​ដំបង​ដេញ​វាយ​គ្នា​យ៉ាង​អនាធិបតេយ្យ​នៅតាម​ផ្លូវ​សាធារណៈ បណ្តាលឱ្យ​រងរបួស​បែ​ក​ក្បាល​ម្នាក់ ហើយ​បាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​
     ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​៧​មករា បាន​ចុះមក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ និង​ឃាត់ខ្លួន​បាន​ក្រុម​ក្មេង​ទំនើង​៣​នាក់ និង​រ៉ឺម៉ក​ម៉ូតូ​កង់​បី​មួយគ្រឿង​យកទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​៧​មករា ដើម្បី​ធ្វើការ​សួរនាំ ។​
     សមត្ថកិច្ច​បានឱ្យដឹង​ថា បន្ទាប់ពី​ធ្វើការ​សួរនាំ​យុវជន​ទាំង​៣​នាក់​គឺជា​ជន​រង គ្រោះ​ដែល​ត្រូវគេ​ដេញ​វាយ ហើយ​ជនរងគ្រោះ​ម្នាក់​ដែល​រងរបួស​នោះ​ក៏​ជា​មិត្ត​
​ភក្ត្រ​របស់​ពួក​បង្កហេតុ​ដែរ​។ ប៉ុន្តែ​ដោយសារតែ ពួកគេ​បង្ក​ភាពអនាធិបតេយ្យ​នៅតាម​ដងផ្លូវ​នោះ សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​៧​មករា រង់ចាំ​ទំនាក់ទំនង​ទៅ​ឪពុកម្តាយ​ឱ្យមក​ធានា​និង​ធ្វើ​កិច្ចសន្យា ៕​

adverise with khmeread

មតិយោបល់