adverise with khmeread 1

រថយន្ត​ស៊ីន​ទ្រី​បើក​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នាក់​ទាំង​ព្រឹក​

    ​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ខ​ណៈ​ដែល​កំពុង​ជិះ​ម៉ូតូ​ដឹក​ម៉ូយ​ទៅ​កន្លែងធ្វើការ​ និង​អ្នកជិះ​ពីក្រោយ​រងរបួស​ធ្ងន់​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ។ ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង០៥ ​និង១៥​នាទី​ព្រឹក​ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ នៅ​ចំណុច​ផ្លូ​វ​ព្រះ​ស៊ី​សុ​វត្ថ​កែង​ផ្លូវ​១៤៤ ស្ថិតក្នុងសង្កាត់​ផ្សា​កណ្តាល​ទី១ ​ខណ្ឌដូនពេញ។​

​    ​តាម​ប្រភព​ព័​ត៌មាននៅ​កន្លែងកើតហេតុ​ បាន​ប្រាប់​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស់​ម្នាក់​ជិះ ម៉ូតូ​មួយគ្រឿង ម៉ាក ហុងដា កូរ៉េ ព​ណ៌ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 1-BD- 3894 ដឹក​នារី​ម្នាក់​ទៅ​កន្លែងធ្វើការ​ដោយ​ជិះ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វត្ថ។ 

    លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ក្រុមហ៊ុន​ស៊ីន​ទ្រី​បើក​ក្នុងទិសដៅ​ពី​លិចទៅ​កើត​តាមផ្លូវ​លេខ​១៤៤​រួច​បត់​ស្តាំ​ទៅ​ត្បូង​តាមផ្លូវ​ព្រះ​ស៊ី​សុ​វត្ថ​ ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​កិន​ពីលើ​អូស​ប្រហែល ១០​ម៉ែត្រ ​កិន​បុរស​អ្នក​ឌុប​ស្លាប់​នៅ​កន្លែង ចំណែក​អ្ន​ក​ជិះ​ពីក្រោយ​ត្រូវ​រងរបួស​បាក់ដៃ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​។​

​    ​តាម​ប្រភពពី​គ្រួសារ​ជនរងគ្រោះ​បានឱ្យដឹងថា កូន​គាត់​មានឈ្មោះ កែវ ភា​រុន ភេទ​ប្រុស អាយុ៣៨​ឆ្នាំ មុខរបរ​ជា​កម្មករ​ និង​រត់​ម៉ូតូឌុប ស្នាក់នៅ ខណ្ឌឬ​ស្សី​កែវ នៅមុន​ពេល​កើត​ហេ​តុ គឺ​កូន​របស់គាត់​ក្រោក​ពី​ម៉ោង​៤​ភ្លឺ ​ដើម្បី​ដឹក​ម៉ូយ​ទៅធ្វើ​ការ​នៅ​ម្តុំ​ផ្សារកណ្តាល​ដូច​សព្វដង តែ​ជា​អកុសលថ្ងៃនេះ​ ត្រូវបាន​ស្លាប់​ដោយសារ​រថយន្ត​ដឹក​សំរាម​បើក​បុក​ទាំង​កំរោល​បណ្តាល​ឱ្យស្លាប់​តែម្តង។ 

    តាម​ប្រភពពី​ប្រជា​ពល​រដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បាន​ប្រាប់ឱ្យដឹងថា អ្នកបើកបរ​រថយន្ត​ដឹក​សំរាម​នៅ​ម្តុំ​ផ្សារកណ្តាល​នេះ​បើកបរ​លឿន​មិនមាន​ការប្រុងប្រយ័ត្ន នឹង​មិន​ទទួល​ការខុសត្រូវ​ពេល​មាន​ជួប​បញ្ហា​ម្តងៗ​។​

​    ​ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​ធ្វើការ​វាសវែង​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​តម្កល់ទុក​ក្នុង​វត្ត ឧត្ត​រ៉ាវ​ត្តី​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធ​សា​នា​៕​

adverise with khmeread

មតិយោបល់