adverise with khmeread Untitled 1

ទើប​ចេញ​បាន​មួយ​សប្តាហ៍​ទូរស័ព្ទ​ថ្មី Galaxy Note 7 ផ្ទុះ​ថ្ម​ពេល​កំពុង​សាក ឥឡូវ​ក្រុមហ៊ុន​ប្រកាស​ប្រមូលយក​មកវិញ​ទាំងអស់​

    ​ក្រុមហ៊ុន Samsung Electronics រំពឹង​ប្រកាស​ហៅ​ត្រឡប់មកវិញ​ទាំងអស់​នូវ​ទូរស័ព្ទ​ថ្មី​ចុងក្រោយ​របស់ខ្លួន Galaxy Note 7 ដែល​លក់​ទើបបាន​មួយ​សប្តាហ៍ ក្រោយ​មាន​សេចក្តីរាយការណ៍​ថា ទូរស័ព្ទ​មួយចំនួន​បាន​ផ្ទុះ​ពេល​កំពុង​សាក​ថ្ម​។ យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១ កញ្ញា​។  

​    ​របាយការណ៍​នេះ​បាន​ដកស្រង់​សម្តី​មន្ត្រី Samsung មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ ដែល​បន្ថែមថា មូលហេតុ​ផ្ទុះ​ថ្ម​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ថ្ម​របស់​ទូរស័ព្ទ​នេះ​។ 

​    ​ប្រភព​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​និយាយថា ក្រុមហ៊ុន Samsung រំពឹង​ប្រកាស​អំពី​លទ្ធផល​ស៊ើបអង្កេត​របស់ខ្លួន​ក្នុង​មូលហេតុ​បង្ក​ឱ្យ​ផ្ទុះ​នេះ ក៏ដូចជា​ចេញ​វិធានការ​ទប់ទល់​គ្រប់​ជ្រុងជ្រោយ​នៅ​ចុង​សប្តាហ៍​នេះ ឬ​នៅ​ដើម​សប្តាហ៍​ក្រោយ​។​

​    ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ថ្ម​ដែល​ផ្ទុះ​នេះ​បាន​បង្ខំ​ឱ្យ Samsung ពន្យារពេល​នាំចេញ​នូវ​ស្មា​ត​ហ្វូ​ន Galaxy Note 7  ដោយ​ធ្វើឱ្យ​ថយ​តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ធំ​បំផុត​របស់​ពិភពលោក​នេះ​ចំនួន ៧ ពាន់​លាន​ដុល្លារ​។ 

​    ​ក្រុម​អ្នកវិនិយោគ​បានធ្វើឱ្យ​ភាគហ៊ុន​ក្រុមហ៊ុន​ធ្លាក់ចុះ ២ សប្តាហ៍​មកហើយ បន្ទាប់ពី Samsung ប្រាប់​រ៉​យ​ទ័​រ​កាលពី​យប់​ថ្ងៃ​ពុធ​ថា ការនាំចេញ​ទូរស័ព្ទ​នេះ​ត្រូវបាន​ពន្យារពេល​ដើម្បី​ត្រួតពិនិត្យ​តេស្ត​គុណភាព ហើយ​ថា​ការលក់​ទៅកាន់​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ធំ​បំផុត​ចំនួន​បី​របស់​កូរ៉េខាងត្បូង​បាន​ផ្អាក​។ 

​    ​កំហុស​បច្ចេកទេស​ជាមួយ​ទូរស័ព្ទ​ថ្មី​នេះ​អាចជា​វិបត្តិ​ធំ​មួយ​ចំពោះ​ក្រុមហ៊ុន​យក្ស​កូរ៉េខាងត្បូង​មួយ​នេះ ដែល​ពឹង​ផ្អែកលើ Galaxy Note 7 ដើម្បី​រក្សា​ចំណូល​រឹងមាំ​របស់ខ្លួន​ទល់នឹង​ទូរស័ព្ទ iPhone របស់ Apple ដែល​នឹង​ចេញ​នៅ​សប្តាហ៍​ក្រោយនេះ​៕ 

ប្រភព៖ Channelnewsasia

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់