Unnamed

អ្នក​ចុះឈ្មោះ​ចូលរួម​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​ខេត្តសៀមរាប​នា​ខែធ្នូ ឆ្នាំ​២០១៦ បាន​ជាង​២០០០​នាក់​ហើយ ក្នុងនោះជនបរទេសមានប្រហែល​៩០ភាគរយ

​    ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង លើក​ទី​២១ នៅមុខ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែល​គ្រោង​ធ្វើឡើងនា​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៦ ចុងឆ្នាំ​នេះ គណៈ​កម្មការ​​ទទួលបាន​ការចុះឈ្មោះ ចូលរួមបាន​ចំនួន​ជាង​២​ពាន់​នាក់​ហើយ បន្ទាប់ពី​បានប្រកាស​បើកការចុះឈ្មោះ​ជា​ផ្លូវការ អស់​រយៈពេល​តាំងពី ៣​ខែ​មុន ខណៈ​ការរំពឹងទុក​អាច​នឹង​កើនឡើង​ត្រឹម​៩​ពាន់​នាក់​។​

​    ​លោក សែម ផល្លា ប្រធាន​ក្រុមហ៊ុន Cambodia Events Organizer ដែលជា​ក្រុមហ៊ុន​ជំនាញ​ខាង​រៀប ចំ​ព្រឹត្តិការណ៍​ម៉ា​រ៉ាង​តុងនៅ​កម្ពុជា​ជាមួយ​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា មានប្រសាសន៍​បញ្ជាក់​នៅ​ថ្ងៃ សុក្រ​នេះ​ថា ក្នុងចំណោម​ជាង​២០០០​នាក់​នេះ ប្រហែល​៩០%​​​សុទ្ធ​សឹងតែ​ជា​ជនបរទេស ដោយឡែក​សម្រាប់ ប្រជាពលរដ្ឋ​កម្ពុជា​ទើបនឹង​ចុះឈ្មោះ​បាន​តិចតួច​ប៉ុណ្ណោះ​។ 

    ដូច្នេះហើយ​លោក​ប្រធាន​ក្រុមហ៊ុន​រូបនេះ​បាន សំណូមឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​នានា ដែលមាន​បំណង​ចូលរួម ក្នុង​ទិវា​រត់ប្រណាំង​សប្បុរសធម៌​មួយ​នេះ មេត្តា​ចុះ ឈ្មោះ​ឱ្យ​ទាន់​រួសរាន់ឱ្យ​បាន​ទាន់ពេលវេលា ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​គណៈកម្មកា​រ​បច្ចេកទេស​រៀបចំ​ឱ្យ បាន​ដោយ​រលូន និងជោគជ័យ​ផងដែរ​។ 

    លោក​បន្ថែមថា សម្រាប់​ឆ្នាំ​២០១៦​នេះ លោក​រំពឹងថា​ចំនួន​នៃ​អ្នកចូលរួម​អាច​នឹង​កើនឡើង​ជាង​បណ្តា​ឆ្នាំមុនៗ ប៉ុន្តែ​គណៈកម្មការ​បច្ចេកទេសកំណត់​ត្រឹម​៩​ពាន់​ប៉ុណ្ណោះ ដោយអាស្រ័យ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​កន្លែង​រៀបចំ​នោះ​អាចដាក់​បាន​ត្រឹម​៩​ពាន់​នាក់​ទេ​។​

​    ទិវា​រត់ប្រណាំង​នេះ មាន​វិញ្ញាសា​ចំនួន​៣ គឺ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង ចម្ងាយ​២១​គីឡូម៉ែត្រ ដែលជា​ចម្ងាយ ស្តង់ដារ​អន្តរជាតិដោយការចុះឈ្មោះ​បង់ថ្លៃ គឺ​៤៥​ដុល្លារ សម្រាប់​ជនបរទេស និង​ខ្មែរ ១៥​ដុល្លារ​, រត់​១០​គីឡូ ម៉ែត្រ ត្រូវ​បង់ថ្លៃ​៤០​ដុល្លារ សម្រាប់​ជនបរទេស និង​១២​ដុល្លារ
​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ខណៈ​វិញ្ញាសា​រត់កម្សាន្ត​លក្ខណៈ​គ្រួសារ ៣​គីឡូម៉ែត្រ គឺ​បរទេស​២០​ដុល្លារ និង​ខ្មែរ​តម្រូវ​ឱ្យ​បង់ប្រាក់​ត្រឹម​៥​ដុល្លារ​ប៉ុណ្ណោះ​។សម្រាប់​ការចុះឈ្មោះ​អាច​ចុះឈ្មោះ​នៅ​ការិយាល័យ​ផ្ទះ​លេខ​៧៩C ផ្លូវ​១៥៥ សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​នៅ​ខេត្តសៀមរាបនៅ​សណ្ឋាគារ Angkor Century ឬ​តាមរយៈ​ទូរស័ព្ទ ០២៣ ២១៣ ៥២៥​។ ការរត់​ប្រ​ណាំ​នេះ​នឹងត្រូវ​ចាប់ផ្តើម នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៤​ធ្នូ វេលា​ម៉ោង​៦​ព្រឹក​។​

​    លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា មានប្រសាសន៍ ដែរ​ថា ចំពោះ​គោលបំណង​សំខាន់ៗ​នៃ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ គឺធ្វើឡើង​ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​មន្ទីរ​រ​ពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​, មន្ទីរពេទ្យ​គន្ធបុប្ផា និង​រត់​ដើម្បី​បំផុសស្មារតី​ដល់​មនុស្សជាតិ​ជួយ​ការពារ​បរិស្ថាន​តំបន់​អង្គរ​ផងដែរ​។​

​    សូមបញ្ជាក់ថា ទិវា​រត់ប្រណាំង​ប្រចាំឆ្នាំ​ខែធ្នូ រៀងរាល់ឆ្នាំ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នេះ​បាន​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​ពេញនិយម​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍ​មួយ​នេះ បន្ទាប់ពី​ទិវា​នេះ​បាន​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​អស់​រយៈ ពេល​២១​ឆ្នាំកន្លងមក ជាមួយនឹង​ការស្វែងរក​មូល​និ​ធី​ពី​ការចុះឈ្មោះ​ហើយ​បាន បរិច្ចាគ​ទៅកាន់​កិច្ចការ​មនុស្ស ធម៌​ជា​រៀងរាល់​លើក​រួចហើយនោះ​៕​
(​រូបភាព​ឯកសារ​)

មតិយោបល់