adverise with khmeread Terrible bosses

មេរៀនភាពជាអ្នកដឹកនាំចំនួន ៨ ដែលអ្នកអាចរៀនពីចៅហ្វាយអាក្រក់របស់អ្នក

បទពិសោធន៍គួរឲ្យភ័យខ្លាចអាចបង្កើតបានជាមេរៀនដ៏អស្ចារ្យជាច្រើន។ ការធ្វើការឲ្យចៅហ្វាយអាក្រក់គឺជារឿងគួរឲ្យស្រ្តេស៍ និងមិនរីករាយនោះទេ។ ក៏ប៉ុន្តែ អ្នកអាចរីកចម្រើនយ៉ាងច្រើនពីបទពិសោធន៍បែបនេះ ប្រសិនបើអ្នកឆ្លុះបញ្ចាំងមកលើការងាររបស់អ្នក។ ជាមួយនឹងផ្នត់គំនិតដ៏ត្រឹមត្រូវ យើងអាចរៀនសូត្រមេរៀនភាពជាអ្នកដឹកនាំបានតាំងពីពួកបុព្វជិត និងពួកមនុស្សបាបទៀតផង។ ខាងក្រោមនេះគឺជាមេរៀនមួយចំនួន ដែលអ្នកអាចរៀនពីចៅហ្វាយអាក្រក់របស់អ្នក។ 

១- តែងតែធ្វើជាគំរូដឹកនាំគេ
ចៅហ្វាយអាក្រក់គង់តែដឹកនាំជាគំរូគេ មិនថាពួកគេចង់ឬមិនចង់នោះទេ។ ប្រសិនបើអ្នកគ្រប់គ្រងស្រែកជំទាលទៅមនុស្សក្នុងបំណងដោះស្រាយបញ្ហា អ៊ីចឹងវិធីសាស្ត្រនេះប្រាកដជានឹងពេញនិយមផងដែរក្នុងចំណោមបុគ្គលិករបស់ខ្លួន។ ផ្ទុយមកវិញ មេដឹកនាំដែលមានប្រសិទ្ធភាពនឹងធ្វើជាគំរូគេតាមរយៈការដើរឲ្យទាន់សម័យកាលក្នុងឧស្សាហកម្មរបស់ពួកគេ និងបង្ហាញការគួរសមទៅកាន់មនុស្សគ្រប់គ្នា។ 

២- កុំទុកឲ្យមនុស្សរង់ចាំការសម្រេចចិត្ត
ល្បឿន និងគុណភាពនៃការធ្វើសេចក្តីសម្រេចចិត្តគឺជាលក្ខណៈពិសេសមួយ ដែលញែកដាច់រវាងចៅហ្វាយល្អ និងចៅហ្វាយអាក្រក់។ ចៅហ្វាយដែលគ្មានប្រសិទ្ធភាពធ្វើការសម្រេចចិត្តយឺត ហើយបង្ហាញចេញពីភាពមិនប្រាកដប្រជា។ វិធីសាស្ត្រល្អគឺត្រូវពន្យល់នូវដំណើរការធ្វើសេចក្តីសម្រេចចិត្តរបស់អ្នកទៅកាន់ក្រុមការងាររបស់អ្នក ដោយត្រូវដាក់ចេញនូវសំណើជាលាយលក្ខណ៍អក្សរ រួចហើយធ្វើការសម្រេចចិត្តដោយប្រើក្របខណ្ឌស្របណាមួយ។ 

ប្រភព: ដើម្បីពង្រឹងដល់ជំនាញក្នុងការធ្វើសេចក្តីសម្រេចចិត្ត គួរអានសៀវភៅ "Decisive: How to Make Better Choices in Life and Work By Chip and Dan Heath"។ 

៣- កុំរៀបចំកិច្ចប្រជុំដ៏គួរឲ្យធុញទ្រាន់
ការប្រជុំគឺជាឧបករណ៍សំខាន់ក្នុងពិភពការងារបច្ចុប្បន្ន។ បើគ្មានការប្រជុំ វានឹងពិតជាលំបាកខ្លាំងណាស់ក្នុងការប្រមូលនូវការពិត បញ្ចុះបញ្ចូលមនុស្ស និងរុញស្ថាប័នឲ្យឆ្ពោះទៅមុខ។ ចៅហ្វាយដែលមានការបណ្តុះបណ្តាលខ្សោយបើកកិច្ចប្រជុំតាមរបៀបគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឲ្យគ្រប់គ្នាចូលរួមមានអារម្មណ៍តានតឹង។ ផ្ទុយមកវិញ អ្នកគ្រប់គ្រងដែលមានប្រសិទ្ធភាពចាប់ផ្តើម និងបញ្ចប់កិច្ចប្រជុំទាន់ពេល និងប្រើប្រាស់របៀបវារៈជាលាយលក្ខណ៍អក្សរ។ 

៤- យល់ពីសារៈសំខាន់នៃការទំនាក់ទំនង
ការទំនាក់ទំនង និងការបញ្ចុះបញ្ចូលគឺជាជំនាញដ៏សំខាន់របស់អ្នកគ្រប់គ្រង និងអ្នកអាជីពដើម្បីប្រើប្រាស់ក្នុងការងាររបស់ពួកគេ។ ចៅហ្វាយអាក្រក់និយាយភាសាពិបាកស្តាប់គ្នា និងមិនបានប្រឹងប្រែងដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមការរបស់ពួកគេនោះទេ។ កាន់តែយ៉ាប់ទៅទៀតនោះគឺថាមានអ្នកចាត់ការខ្លះធ្វើទំនាក់ទំនងតែតាមអ៊ីមែលសុទ្ធតែម្តង។ វិធីសាស្ត្រល្អចំពោះការទំនាក់ទំនងគឺត្រូវចាប់ផ្តើមទទួលស្គាល់សារៈសំខាន់នៃជំនាញទំនាក់ទំនង។ ជំហានបន្ទាប់គឺត្រូវអភិវឌ្ឍជំនាញស្តាប់ដ៏សកម្ម។ អ្នកពូកែជំនាញទំនាក់ទំនងពិតប្រាកដយកពេលវេលារៀនសូត្រពីវិធីសាស្ត្រនិយាយជាសាធារណៈ និងរៀនពីរបៀបបញ្ចុះបញ្ចូល។ 

ប្រភព: សៀវភៅ "10 Powerful Public Speaking Tips from Some of the Best Speakers in the World"

៥- កុំគ្រប់គ្រងលំអិតពេក
ការគ្រប់គ្រងលំអិតលើនរណាម្នាក់វាធ្វើឲ្យបុគ្គលនោះតានតឹងអារម្មណ៍ និងធ្វើឲ្យខ្ជះខ្ជាយពេលវេលារបស់អ្នកគ្រប់គ្រងថែមទៀត។ អ្នកគ្រប់គ្រងអន់នឹងសរសេរចូលនូវជំហាននីមួយៗនៅក្នុងបញ្ជី ហើយបន្ទាប់មកអនុវត្តវាយ៉ាងលំអិត។ ផ្ទុយមកវិញ អ្នកគ្រប់គ្រងដែលមានប្រសិទ្ធភាពរៀនពីជំនាញប្រគល់ភារកិច្ចដ៏មានប្រសិទ្ធភាព (មានដែនកំណត់ច្បាស់លាស់ និងមានកាលកំណត់ច្បាស់លាស់)។ អ្នកគ្រប់គ្រងល្អនឹងសួររកចំណុចចំៗ ជាក់លាក់។ ឧទាហរណ៍ "សូមបញ្ជូនឲ្យខ្ញុំនូវសំណើមួយទំព័រ ដែលពន្យល់ថាតើសន្និសីទអាជីវកម្មមួយណាដែលអ្នកចង់ចូលរួម និងមូលហេតុ។ ថ្ងៃផុតកំណត់សម្រាប់ការបញ្ជូនសំណើនេះមកខ្ញុំគឺនៅថ្ងៃព្រហស្បតិ៍ពេលល្ងាច"។ 

ប្រភព: សៀវភៅ "Discover advice from 14 management experts on how to develop delegation skills"។ 

៦- កុំជេរប្រមាថបុគ្គលិករបស់អ្នក
មានស្ថានភាពគួរឲ្យឈឺក្បាលជាច្រើននៅកន្លែងធ្វើការ ដូចជា ការរអ៊ូរទាំរបស់អតិថិជន ការចែកចាយយឺត ការកាត់បន្ថយកញ្ចប់ថវិកា និងរឿងរ៉ាវជាច្រើនទៀត។ ចៅហ្វាយអាក្រក់គឺពុំមានប្រសិទ្ធភាពក្នុងការធ្វើការងារឆ្លងកាត់ការប្រឈមទាំងនេះទេ។ ពួកគេជះកំហឹងដាក់បុគ្គលិក។ ការជេរ និងការប្រមាថនឹងបំផ្លាញទំនាក់ទំនង និងធ្វើឲ្យបុគ្គលិកឆ្នើមក្នុងផ្នែកនីមួយៗចាប់ផ្តើមស្វែងរកការងារថ្មី។ ជាជាងស្រែកគំហកដាក់បុគ្គលិករបស់អ្នក ចូររៀនពីរបច្ចេកទេសគ្រប់គ្រងស្ត្រេស៍ដើម្បីដោះស្រាយអារម្មណ៍មួហ្មងរបស់អ្នក។ 

៧- កុំព្រងើយកន្តើយនឹងទស្សនៈវិស័យ និងការជម្រុញលើកទឹកចិត្ត
បើគ្មានទស្សនៈវិស័យពោរពេញដោយការជម្រុញទឹកចិត្តទេ មនុស្សនឹងបាត់បង់ចំណាប់អារម្មណ៍ក្នុងការងាររបស់ពួកគេបន្តិចម្តងៗ។ ចៅហ្វាយគ្មានប្រសិទ្ធភាពតែងព្រងើយកន្តើយនឹងបញ្ហានេះ ហើយផ្តោតលើតែបញ្ហាពីមួយថ្ងៃទៅមួយថ្ងៃប៉ុណ្ណោះ។ វិធីសាស្ត្រល្អគឺត្រូវបង្កើតទស្សនវិស័យមួយសម្រាប់នាយកដ្ឋានឬផ្នែកនីមួយៗ ហើយផ្សព្វផ្សាយទស្សនវិស័យនោះប្រកបដោយទឹកចិត្តសាទរបំផុត។ ការរៀនសូត្រពីរបៀបជម្រុញទឹកចិត្តបុគ្គលិករបស់អ្នកឲ្យសម្រេចលទ្ធផលអស្ចារ្យគឺទាមទារឲ្យមានការអនុវត្ត ប៉ុន្តែមានប្រភពអស្ចារ្យជាច្រើនដើម្បីជួយអ្នកលើរឿងនេះផងដែរ។ 

ប្រភព: ដើម្បីអភិវឌ្ឍជំនាញទស្សនវិស័យរបស់អ្នក សូមទស្សនាកម្មវិធី TED Talk ចំណងជើងថា "How great leaders inspire action by Simon Sinek"។ អ្នកនឹងបានដឹងថា "ការរកលុយ" នឹងមិនអាចយកមកធ្វើជាទស្សនវិស័យបាននោះទេ។ សាធារណជន និងអតិថិជនរំពឹងបានអ្វីច្រើនជាងនេះទៀត។ 

៨- កុំភ្លេចសន្យា
ការរក្សាពាក្យសន្យាគឺជាវិធីដ៏អស្ចារ្យដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់អ្នក។ ចៅហ្វាយអាក្រក់កម្រគិតតាមរយៈការប្តេជ្ញាចិត្តរបស់ពួកគេណាស់ ហើយធ្វើការសន្យាឆាប់រហ័សណាស់។ ចៅហ្វាយបែបនេះអាចសន្យាដំឡើងប្រាក់ខែដល់ ១០.០០០ ដុល្លារភ្លាមៗនៅពេលអ្នកទាមទារវា ជាជាងយកពេលពីរឬបីថ្ងៃពិនិត្យមើលកញ្ចប់ថវិកាឲ្យបានជាមុនសិន។ ដើម្បីចៀសវាងបញ្ហាជាមួយការទំនាក់ទំនង ចូរយកពេលមួយចំនួនដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្ត។ ប្រសិនបើអ្នកទទួលបានសំណើពីនាយកប្រតិបត្តិម្នាក់ អ៊ីចឹងត្រូវបញ្ជាក់ឲ្យច្បាស់ពីអ្វីដែលអ្នកនឹងផ្តល់ឲ្យ។ ឧទាហរណ៍ "ខ្ញុំនឹងផ្តល់នូវគម្រោងទីផ្សារទាក់ទងនឹងការពង្រីកទៅប្រទេសចិននៅត្រឹមថ្ងៃទី ៣១ ខែសីហា"។    

ការប្តេជ្ញា និងការសន្យាព្រាវៗនឹងនាំទៅរកការខកចិត្តសម្រាប់គ្រប់គ្នា៕  

adverise with khmeread

មតិយោបល់