adverise with khmeread 37d024b000000578 0 image a 33 1472766905865 copy

ម្ចាស់​ក្រុមហ៊ុន SpaceX ខាត ៣៩០ លាន​ដុល្លារ​មួយ​ប៉ព្រិចភ្នែក បន្ទាប់ពី​ផ្ទុះ​រ៉ុក្កែត​ធ្វើឱ្យ​ឆេះ​ផ្កាយរណប​របស់​ម្ចាស់ Facebook

    ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook លោក Mark Zuckerberg បានបង្ហាញ "​ការខកចិត្ត​យ៉ាងខ្លាំង​" ចំពោះ​ការខូចខាត​ផ្កាយរណប​តម្លៃ ២០០ លាន​ដុល្លារ​របស់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១​កញ្ញា នៅពេល​យាន​រ៉ុក្កែត SpaceX Falcon 9 របស់​ក្រុមហ៊ុន​លោក Elon Musk បាន​ផ្ទុះ​ឆេះ​នៅ​កន្លែង​បាញ់​បង្ហោះ Cape Canaveral អំឡុងពេល​កំពុង​ពិនិត្យមើល​មុន​ការបាញ់​បង្ហោះ​ជា​ទម្លាប់​។ 

​    ​លោក Mark Zuckerberg បច្ចុប្បន្នកំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជាច្រើន​ក្នុង​ទ្វីបអាហ្វ្រិក ហើយ​ទំនង​យក​ឱកាស​នោះ​ថ្លែង​អំពី​ផ្កាយរណប Amos 6 របស់ Facebook ដែល​គ្រោង​បង្ហោះ​នៅ​ថ្ងៃ​សៅរ៍​ទី​៣ កញ្ញា ប្រសិនបើ​វា​មិន​ត្រូវបាន​បំផ្លាញ​ក្នុង​ហេតុការណ៍​ផ្ទុះ​ដ៏​ធំ​នៅ​ម៉ោង ៩ ព្រឹក​ទេនោះ​។ ផ្កាយរណប​នេះ​គ្រោង​ផ្តល់​អ៊ី​ន​ធឺ​ណេ​ត​ឥតគិតថ្លៃ​ដល់​ប្រទេស​យ៉ាងតិច ១៤ នៅ​ទ្វីបអាហ្វ្រិក និង​ក្នុង​តំបន់​មជ្ឈិមបូព៌ា​។ 

​    ​លោក Mark Zuckerberg បានសរសេរថា "​ខណៈ​ខ្ញុំ​កំពុង​នៅ​អាហ្វ្រិក ខ្ញុំ​មានការ​ខកចិត្ត​ជាខ្លាំង​ដែល​ដឹងថា​កំហុស​បច្ចេកទេស​ក្នុង​ការបាញ់​បង្ហោះ​របស់ SpaceX បាន​បំផ្លាញ​ផ្កាយរណប​របស់​យើង ដែល​នឹង​ផ្តល់​ការភ្ជាប់​ទំនាក់ទំនង​ទៅកាន់​សហគ្រិន​ជាច្រើន និង​មនុស្ស​គ្រប់គ្នា​ផ្សេងទៀត​នៅ​ទូទាំង​ទ្វីបអាហ្វ្រិក​។ សំណាងល្អ យើង​បាន​អភិវឌ្ឍ​បច្ចេកវិជ្ជា​ផ្សេងទៀត​ដូចជា Aquila ដែល​នឹង​ភ្ជាប់​ទំនាក់ទំនង​ប្រជាជន​ផងដែរ​។ យើង​បន្ត​ប្តេជ្ញា​ចំពោះ​បេសកកម្ម​របស់​យើង​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​មនុស្ស​គ្រប់គ្នា ហើយ​យើង​នឹង​បន្ត​ធ្វើការ​រហូតដល់​គ្រប់គ្នា​ទទួលបាន​ឱកាស ដែល​ផ្តល់ឱ្យ​ដោយ​ផ្កាយរណប​នេះ​"​។ 

​    ​សម្តី​របស់លោក Mark Zuckerberg អំពី​ការបាត់បង់​ផ្កាយរណប​ទំនង​ដូចជា​ការ​ចំអក​ដាក់​មហាសេដ្ឋី Elon Musk ដែល​ខាត​ប្រហែល ៣៩០ លាន​ដុល្លារ ខណៈ​តម្លៃ​ភាគហ៊ុន​នៅ​ក្រុមហ៊ុន​ពីរ​ទៀត​របស់លោក​គឺ​ក្រុមហ៊ុន Telsa និង SolarCity បាន​ធ្លាក់ចុះ ក្រោយ​ឧបទ្ទវហេតុ​នៅ Cape Canaveral​។​

​    ​ក្រោយ​ឧបទ្ទវ​ហេតុនេះ ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ផលិត​រថយន្ត Tesla របស់លោក Elon Musk បាន​ធ្លាក់ចុះ ៥,៣ ភាគរយ និង​ក្រុមហ៊ុន SolarCity ក៏​ធ្លាក់ចុះ ៩,១ ភាគរយ​ដែរ​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់