adverise with khmeread 1

តំណាង​ក្រុមហ៊ុន​អេង ឌី​ប៉ូ អនុវត្ត "​តំបន់​មួយ ពូជ​មួយ​" ទើប​ជោគជ័យ​

    ​ភ្នំពេញ ៖ តំណាង​ក្រុមហ៊ុន​អេង ឌី​ប៉ូ បាន​លើកឡើងថា កសិករ​ដែល​ចង់បាន​ទីផ្សារ​ស្រូវ​សុទ្ធ​ល្អ មាន​កិត្យានុភាព​កសិករ​ត្រូវអនុវត្ត "​តំបន់​មួយ ពូជ​មួយ​" ទើប​ផលិតផល​កសិករ​លក់​បាន​តម្លៃ​ខ្ពស់ គេ​មិន​បង្អាប់ថ្លៃ  ហើយ​ការនាំចេញ​ក៏​ងាយស្រួល​។​

​    ​លោក តាំង សុខ​ឃី ជំនួយការ​ក្រុមហ៊ុន អេង ឌី​ប៉ូ​អភិវឌ្ឍន៍​បានលើកឡើង​បែបនេះ​កាលពី​ព្រឹក​ថ្ងៃទី​២ កញ្ញា ឆ្នាំ​២០១៦ នៅលើ​គម្រោង​ស្រែ​យក្ស​ជា​ស្នាដៃ​កូន​ខ្មែរ ស្ថិតនៅក្នុង​ស្រុក​បាធាយ ខេត្តកំពង់ចាម ខណៈពេល​មាន​ត្រាក់ទ័រ​ទំនើបៗ​ជាច្រើន​គ្រឿង​កំពុង​ភ្ជួរ​ដាស់ដី​ក្នុង​មហា​ស្រែ ដែលមាន​ទំហំ​១០០​ហិកតា​ក្នុង​មួយ​ស្រែ​។​

​    ​លោក​តាំង សុខ​ឃី បន្តថា រាជរដ្ឋាភិបាល​បានផ្តល់​ឱកាស​ដល់​កសិក​រ​គ្រប់រូប​ក្នុង​ការផលិត និង​លក់ ប៉ុន្តែ​ដោយសារ​កសិករ​មិនទាន់ បានធ្វើ​ស្រែ​តាម​ប្រពលវប្បកម្ម គឺ​ធ្វើស្រែ​ពឹង​មេឃ ពុំទាន់​មាន​ប្រព័ន្ធធារាសាស្ត្រ កា​រប​ង្រា​ប​ដី ការជ្រើសរើស​ពូជ ការថែទាំ​បានល្អ​។ នៅពេល​កសិករ ធ្វើបាន​នូវ​កត្តា​ដូច​រៀបរាប់​ខាងលើ​ឈ្មួញ​មិន​ហ៊ាន​បង្អាប់ថ្លៃ ហើយ​ឈ្មោះ​ស្រូវ​នៅ​តំបន់​នេះ​នឹងមាន​កិត្យានុភាព​។​

​    ​លោក​តាំង សុខ​ឃី​បន្តថា ដោយសារតែ​ក្រុមហ៊ុន​របស់លោក​មានប​ទ​ពិសោធន៍​១០​ឆ្នាំ​នៅលើ​គម្រោង​ទី​១​ស្ថិតនៅ​ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល​ឥឡូវនេះ​បានមក​ទិញ​ដី​ប្រជាកសិករ​នៅទីនេះ (​កំពង់ចាម​) ដើម្បី​អភិវឌ្ឍន៍​កសិកម្ម​នៅ​តំបន់​នេះ​លើ​ផ្ទៃដី​ជាង​២​ម៊ឺ​ន​ហិកតា​។ គម្រោង​នេះ​មានការ​គាំទ្រ​ពី​លោក​អភិបាលខេត្ត​កំពង់ចាម​និង​មានការ​គាំទ្រ​ពី​ស្ថាប័ន​ជំនាញ​ដទៃទៀត​នោះ លោក​សង្ឃឹមថា គម្រោង​ស្រែ​យក្ស​ក្រុមហ៊ុន​លោក​នឹង​ទទួលបាន​ជោគជ័យ​។​

​    ​តំណាង​ក្រុមហ៊ុន​រូបនេះ​បន្តថា ក្រុមហ៊ុន​នឹង​អភិវឌ្ឍន៍​តាម​ជំហាន​គ​ង្គី​ក់ មួយ​ជំហាន​ម្តងៗ​ហើយ​ធ្វើយ៉ាងណា មិនឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នេះ តែបើ​ពួកគាត់​ព្រម​លក់​ទើប​ក្រុមហ៊ុន​ទិញយក​។ ចំណែក​ប្រព័ន្ធធារាសាស្ត្រ​ដែល​ក្រុមហ៊ុន​ស្ថាបនា​នោះ ក្រុមហ៊ុន​នឹង​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​នៅជាប់​តំបន់​នេះ​ដោយ​មិន​គិត​ប្រាក់​នោះឡើយ​។​

​    ​គួររំលឹកថា គម្រោង​ស្រែ​យក្ស​ដែលជា​ស្នាដៃ​ពិតៗ​របស់​កូន​ខ្មែរ​នឹង​កើត​ឡើងជា​រូបរាង​ក្នុងពេល​ឆាប់ៗ​នេះ បន្ទាប់ពី​មានការ​គាំទ្រ​ពី​ស្ថាប័ន​ជំនាញ និង រាជរដ្ឋាភិបាល​កម្ពុជា ហើយ​គេ​រំពឹងថា​ការនាំចេញ​អង្ករ​ក្រអូប​ធម្មជាតិ នឹង​សម្រេចបាន​តាម​ផែនការ​មួយ​លាន​តោន​ក្នុង​មួយឆ្នាំ​។​

​    ​តំណាង ក្រុមហ៊ុន​អេង ឌី​ប៉ូ​អភិវឌ្ឍន៍​ធ្លាប់បាន​លើកឡើង​បែបនេះ ខណៈ​ការចាប់ផ្តើម​អនុវត្ត​គម្រោង "​ស្រែ​យក្ស​" របស់ខ្លួន​នឹង​ចាប់ផ្តើម​នៅ​រដូវ​ទឹកសម្រក​នាពេលខាងមុខ​នេះ​។​

​    ​លោក តាំង សុខ​ឃី បានបង្ហាញ​កាលពីពេល​ថ្មីៗ​នេះ​ថា ខណៈ​ការចាប់ផ្តើម​អនុវត្ត​គម្រោង "​ស្រែ​យក្ស​" ក្រោយ​ទឹកសម្រក​នេះ​តទៅ ក្រុមហ៊ុន​នឹង​ចាប់ផ្ដើម​ចុះ​ដំណើរ​ស្ដារ​និង​ពង្រាបដី​ដោយ​ក្នុង​មួយ​ស្រែ​មាន​ទំហំ​មួយ​ពាន់​ម៉ែត្រ​បួន​ជ្រុង​ស្មើនឹង​១០០​ហិកតា ដោយ​ភ្លឺស្រែ​នីមួយៗ ស្មើនឹង​ផ្លូវ​ខេត្ត​ដែល​អាច​ចៀស​រថយន្ត​២​គ្រឿង​យ៉ាង​ងាយស្រួល​។​

​    ​លោក​បាន​បង្ហាញថា គម្រោង​កសិកម្ម​ផលិត​ស្រូវ​ក្រអូប​បែប​ធម្មជាតិ​សម្រាប់​នាំចេញ​ដែល មាន​ទំហំ​ក្នុង​១​ស្រែ​១០០​ហិកតា​បួន​ជ្រុង និង​មាន​ភ្លឺស្រែ​ទំហំ​រថយន្ត ២​គ្រឿង អាច​បើកបរ​ជៀស​គ្នា​បាន គឺ​កំពុងតែ​លេច​រូបរាង​បណ្តើរៗ​ហើយ ដែល​ស្ថិតក្នុង ភូមិសាស្ត្រ​ស្រុក​បាធាយ ខេត្តកំពង់ចាម​នៅលើ​ទំហំ​ដី​ទាំងស្រុង​ប្រមាណ​ជាង​២​ម៉ឺន​ហិកតា​។​


 
​    ​នៅ​ជំហាន​ដំបូង​នេះ​ក្រុមហ៊ុន​អេង ឌី​ប៉ូ​អភិវឌ្ឍន៍​បាន​ចាប់ ផ្តើម​ស្តារ​ដី​តាម​បច្ចេកទេស រៀបចំ​ភ្លឺស្រែ​អង្កន់ ផ្ទៃដី​ឱ្យបាន​ល្អ​ជាមុនសិន ទើប​ជំហាន​បន្ទាប់​នឹង​ដំណើរ​កសាង​ប្រព័ន្ធធារាសាស្ត្រ ស្រោចស្រព​បញ្ចូល​ស្រែ​របស់​ក្រុមហ៊ុន​ផង និង​ចែកជូន​ប្រជាពលរដ្ឋ​នៅជាប់​តំបន់​នេះ​ផង​។​

​    ​លោក​បន្តថា តាម​ការគ្រោងទុក ក្រុមហ៊ុន​នឹង​អភិវឌ្ឍ​តំបន់កសិកម្ម ដំណាំ​ស្រូវ​ប្រភេទ​នាំចេញ​នេះ ឱ្យក្លាយ​ទៅជា "​តំបន់​មហាសមុទ្រ​ស្រូវ​" តែម្តង និង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទាំង​ជាតិ​និង​អន្តរជាតិ​មក​ចូល​ទស្សនា​កម្សាន្ត មហាសមុទ្រ​ស្រូវ​ដែល​កសាងឡើង​ដោយ​ស្នាដៃ​និង​គំនិត​កូន​ខ្មែរ​ពិតៗ​។​

​    ​ជំនួយការ​ក្រុមហ៊ុន​រូបនេះ​បន្តថា ក្រុមហ៊ុន​របស់លោក​បាន​សហការ​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ហ្គោ​ហុង​មកពី​ខេត្ត​ក្វាង​ស៊ី​ុ​ប្រទេស​ចិន​ដែលមាន​សាខា​ក្រុមហ៊ុន​នៅ​ស្រុក​សាមគ្គី​មានជ័យ ខេ​ត្ក​កំពង់ឆ្នាំង​។​

​    ​ក្រុមហ៊ុន​នេះ​បាន​នាំយក​អង្ករ​ក្រអូប​ធម្មជាតិ​របស់​ក្រុមហ៊ុន​អេង ឌី​ប៉ូ​ចូល​ទីផ្សារ​ចិន ដែលជា​ទីផ្សារ​ចង្អៀត ហើយ​ស្រូវ​ត្រូវតែមាន​គុណភាព អនាម័យ និង ត្រូវ​តាម​ស្តង់ដារ​ប្រទេស​ចិន តែម្ដង​។​ដោយឡែក​ក្រុមហ៊ុន​របស់លោក​បាន​នាំ​ចូលទៅ​ទីផ្សារ​ប្រទេស​ចិន​ដោយ​រលូន​។​

​    ​លោក​បន្តទៀតថា នៅពេល​គម្រោង​អភិវឌ្ឍន៍​នេះ​សម្រេចបាន​លើ​ផ្ទៃដី​ជាង​មួយ​ម៉ឺន​ហិកតា លោក​សង្ឃឹមថា ក្រុមហ៊ុន​ហ្គោ​ហុង​នឹង​សហការ​នាំចេញ​អង្ក​ទៅ​លក់​នៅ​ទីផ្សារ​ប្រទេស​ចិន ហើយ​បាន​បំពេញ​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ជំរុញ​ការនាំចេញ​អង្ករ​មួយ​លាន​តោន​ក្នុង​មួយឆ្នាំ​។ ក្រុមហ៊ុន​របស់លោក​បាន​ប្តេជ្ញាចិត្ត​យ៉ាងរឹងមាំ​ក្នុងការ​អនុវត្ត​គម្រោង​នេះ ហើយ​មិន​ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍ កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ឡើយ​។​

​    ​បន្ទាប់មក​លោក​ឧកញ៉ា​ឌី ប៉ូ បានបង្ហាញ​ការដាំ​ស្រូវ​ពិសោធន៍​ចំនួន ២ ស្រែ​នៅ​តំបន់​នោះ ដោយ​មួយ​ស្រែ​ដាំ​ពូជស្រូវ​សែន​ក្រអូប​និង​មួយ​ស្រែ​ដាំ​ពូជស្រូវ​រំដួល ដែល​ពូជស្រូវ​ទាំង​២​នេះ ធ្លាប់​ដាំ​នៅ​គម្រោង​ទីមួយ​នៅ​ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល ទទួលបាន​ជោគជ័យ​គឺ​មួយ​ហិកតា​ឱ្យ​ផល​៦​តោន​។​

​    ​លោក​ឧកញ៉ា ឌី ប៉ូ មានប្រសាសន៍ថា ការពិសោធន៍​របស់លោក​ទទួលបាន​ផល​ល្អ ព្រោះ​ដី​នៅ​ទីនោះ​មាន​ជីជាតិ អាច​ដាំ​ស្រូវ​ក្រអូប​នាំចេញ​បាន​។ បើតាម​ការពិនិត្យ​ស្រូវ​នេះ​បែក​គុម្ព​បានល្អ ហើយនឹង​ទទួលបាន​ទិន្នផល​ខ្ពស់​តាម​ការរំពឹងទុក​៕

 

adverise with khmeread

មតិយោបល់