adverise with khmeread Rihanna 4b

ក្រោយសារភាពថាលួចស្រឡាញ់ នាង Rihanna ផ្ញើសារមួយទៅ Drake

          តារា​ចម្រៀង​ស្រី Rihanna និង​តារា​ចម្រៀងរែប Drake ហាក់ដូចជា​ចូល​ចិត្ត​លេងសើចជាមួយនឹង​អ្នក​គាំទ្រ​របស់ខ្លួន ​ជុំវិញទំនាក់ទំនង​របស់​អ្នក​ទាំងពីរ។

          មាន​ពាក្យ​ចចាមអារ៉ាម​ថា កំពូល​តារា​ចម្រៀងប៉ប់ Rihanna និង​ Drake វ័យ​២៩​ឆ្នាំ​ ដែល​ចែចង់គ្នា​ច្រើនខែ​ម​ក​ហើយនោះ​ ពិត​ជា​ស្រឡាញ់​គ្នា​មែន​ បន្ទាប់​ពី Drake ប្រកាសជា​ចំហ​ពីសេចក្តីស្រឡាញ់​របស់​ខ្លួន​ចំពោះ Rihanna អំឡុង​ពេល​លោក​ថ្លែង​សុន្ទរកថា​នៅកម្មវិធី​ប្រគល់​ពាន​ VMAs ខណៈ​ប្រគល់​ពាន​ជ័យ​លា​ភី​​ដល់ Rihanna ដោយ​ផ្ទាល់ដៃ ។

          ហើយនៅពេល​នេះ Rihanna ហាក់ដូចជា​បាន​ឆ្លើយ​តបដូចគ្នា​តាម​រយៈ​ការ​បង្ហោះសា​រដ៏​រំជួល​ចិត្ត​តាមបណ្តាញសង្គម Instagram ដែល​ក្នុងនោះ​ នាង​បាន​អរគុណចំពោះមិត្តភក្តិ​និង​ក្រុម​គ្រួសារ​ចំពោះការ​ជួយ​ជ្រោមជ្រែង​នាង​រហូត​ទទួល​បាន​ជោគជ័យ​ក្នុង​ឧស្សាហកម្មចម្រៀងនិង​ក្លាយជា​តារា​ចម្រៀងល្បីទូទាំង​ពិភព​លោក​។

          សារ​របស់ Rihanna វ័យ​២៨​ឆ្នាំ​បាន​សរសេរ​ថា “​រាត្រី # VMA 2016 គឺជា​រា​ត្រី​មួយ​ដែល​ខ្ញុំ​មិនអាចបំភ្លេចបាន​។ ខ្ញុំ​មាន​មនុស្ស​ដ៏អស្ចារ្យ​ក្នុង​ឆាក​ជីវិត​របស់​ខ្ញុំ​”​។

          Rihanna បាន​ភ្ជាប់សារ​ទៅនឹងវីដេអូ​អំពី​ការថ្លែង​សុន្ទរកថា​ទទួល​ពាន​ អំឡុង​កម្មវិធី​ប្រគល់ពាន​នៅ Madison Square Garden កាលពីរាត្រី​ថ្ងៃ​អាទិត្យ​នៅ​ទីក្រុងញូវយ៉ក។

          អំឡុងកម្មវិធីនោះដែរ Drake បាន​និយាយថា “​នាងគឺជា​នារីម្នាក់ដែល​ខ្ញុំ​លួច​ស្រឡាញ់​តាំងពី​ខ្ញុំ​មាន​អាយុ​២២​ឆ្នាំ​។ នាងគឺជា​មិត្តជិតស្និទ្ធម្នាក់ក្នុង​ចំណោម​មិត្តជិតស្និទ្ធ​របស់ខ្ញុំក្នុងពិភពលោក។ ឆាក​ជីវិតពេញវ័យ​របស់ខ្ញុំ ខ្ញុំតែងតែ​តាម​មើល​​នាង បើទោះបីជា​នាងអាយុ​ក្មេងជាងខ្ញុំក៏ដោយ”៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់