Lionel Messi បានទទូចថា គាត់មិនបានមានន័យបោកបញ្ឆោតនរណាម្នាក់ឡើយ ជាមួយនឹងការសម្រេចចិត្តរបស់គាត់ក្នុងការចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិអាហ្សង់ទីនកាលពីពីរខែមុននេះ។
ខ្សែប្រយុទ្ធឆ្នើមរបស់ Barcelona រូបនេះ បានធ្វើបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងពិភពបាល់ទាត់ជាមួយនឹងការសម្រេចចិត្តចាកចេញពីបាល់ទាត់អន្តរជាតិរបស់គាត់ បន្ទាប់ពីក្រុមរបស់គាត់បានរងបរាជ័យក្រោមដៃឈីលីក្នុងវគ្គផ្តាច់ព្រ័ត្រពានកំពូលទ្វីបអាមេរិក Copa America Centenario កាលពីខែមិថុនាកន្លងទៅ។
បរាជ័យនេះគឺជាបរាយជ័យលើកទីបីវគ្គផ្តាច់ព្រ័ត្រចុងក្រោយជាប់ៗគ្នារបស់ Messi ក្នុងរយៈពេលបីឆ្នាំផ្ទួនៗ ហើយតារាបាល់ទាត់របស់ពិភពលោកវ័យ ២៩ឆ្នាំរូបនេះ បានប្រកាសថាគាត់បានសម្រេចចិត្តចូលនិវត្តន៍ស្របពេលទន្ទឹមគ្នានឹងនោះតែម្តង។
យ៉ាងណាក្តីគាត់បានវិលត្រឡប់មកវិញនិងបានលេងក្នុងដំណើរជម្រុះបាល់ទាត់ពិភពលោក World Cup ដោយបានផ្តួលអ៊ុយហ្គាយក្នុងលទ្ធផល ១-០ ដោយគ្រាប់បាល់ជ័យជម្នះធ្វើបានសម្រេចដោយរូបគាត់ផ្ទាល់ផងដែរ។
Messi បានបញ្ជាក់ទៅកាន់ TV Publica ថា "ខ្ញុំពិតជាមានសេចក្ដីអំណរខ្លាំងជាទីបំផុត ក្នុងការវិលត្រឡប់ចូលក្រុមជម្រើសជាតិវិញ"។
គាត់បានបន្តទៀតថា "ប៉ុន្តែខ្ញុំមិនបានបោកបញ្ឆោតនរណាម្នាក់ពេលដែលខ្ញុំបានចូលនិវត្តន៍នោះឡើយ ខ្ញុំមានអារម្មណ៍បែបនោះ។ យើងពិតជាខកចិត្តជាមួយនឹងអ្វីដែលបានកើតឡើង។ ប៉ុន្តែបន្ទាប់ពីនោះខ្ញុំបានគិតប្រសើរឡើងវិញ។ ខ្ញុំបានពិភាក្សាជាមួយ Paton (គ្រូបង្វឹកអាហ្សង់ទីន) ហើយប្រជានជនក៏ជាផ្នែកមួយដ៏សំខាន់ដែលបានអមឱ្យខ្ញុំធ្វើវា"៕
