គេជឿថា ក្មេងប្រុសកើតនៅទីក្រុង Kent របស់បែលហ្ស៊ិកឈ្មោះ Joe Dixon អាយុ ១១ ឆ្នាំនេះគឺជាក្មេងប្រុសមួយក្នុងចំណោមក្មេងប្រុសជាច្រើន ដែលសម្លាប់អ្នកទោសក្នុងវីដេអូគួរឱ្យរន្ធត់មួយចេញផ្សាយដោយក្រុមភេរវកម្ម ISIS កាលពីសប្តាហ៍មុន។
ក្មេងនេះជាកូនប្រុសរបស់លោកស្រី Sally Jones អាយុ ៤៧ ឆ្នាំ ដែលមានរហស្សនាមថា "មេម៉ាយឈុតស" ដែលចាកចេញពីអង់គ្លេសទៅចូលរួមជាមួយក្រុម ISIS ក្នុងឆ្នាំ ២០១៣។
លោកស្រី Jones ដែលហៅខ្លួនឯងថា "Umm Hussain Britaniya" បានរៀបការជាមួយជនជីហាតម្នាក់ឈ្មោះ Junaid Hussain។
លោកស្រីអះអាងថា ប្តីគាត់កំពុង "មានតំណែងខ្ពស់បំផុតនៅឋានសួគ៌" បន្ទាប់ពីគាត់ត្រូវបានសម្លាប់ដោយយន្តហោះដ្រូនអាមេរិកកាលពីឆ្នាំមុន។
ឈ្មោះរបស់ក្មេងប្រុស Joe បានប្តូរទៅជា Hamza នៅពេលម្តាយរបស់ក្មេងនេះទៅដល់ស៊ីរី។ ប៉ុន្តែក្មេងក្នុងវ័យសិក្សានេះ បានបង្ហាញឈ្មោះថា Abu Abdullah al-Britani ក្នុងវីដេអូប្រហារជីវិតគួរឱ្យខ្លាច។
គ្រួសារនិងមិត្តភក្តិខាងម្តាយឥឡូវនេះបាននិយាយអំពីការខូចចិត្តរបស់ពួកគេដែលឃើញកូនប្រុសគួរឱ្យស្រឡាញ់នេះមានមុខនៅក្នុងវីដេអូរបស់ ISIS។
មិត្តភក្តិម្នាក់អះអាងថាការដែលឃើញកូនប្រុសរបស់ Jones ក្នុងវីដេអូឃ្លីបគួរឱ្យតក់ស្លត់បែបនេះគឺ "អាក្រក់ជាងកំពុងកាន់ទុក្ខទៅទៀត" និងធ្វើឱ្យពួកគាត់ភ័យបុកពោះជំនួស ពេលបាញ់មនុស្សឆៅៗបែបនេះ។
មិត្តនេះបន្តថា "ជីដូនរបស់គាត់ឥឡូវបានបាត់បង់ចៅប្រុសនេះហើយ។ គាត់មិនគិតថាគាត់អាចធ្វើអ្វីបានឡើយដើម្បីនាំគាត់ត្រឡប់មកវិញ ហើយបើគាត់ត្រឡប់មកវិញ ក៏លែងក្លាយជាក្មេងប្រុសគួរឱ្យស្រឡាញ់ទៀតដែរ"។
ប៉ុន្តែមិត្តនោះបន្ថែមថា ទោះយ៉ាងណាក៏គ្រួសាររបស់ក្មេង Dixon "នៅតែស្រឡាញ់វា"។
មិត្តនោះនិយាយថា "ពួកគេនៅតែមានរូបថតរបស់គាត់ បើទោះបីមិនបានយកទៅព្យួរជញ្ជាំងក្តី។ ថ្ងៃណាមួយ ពួកគេនឹងបានជួបគាត់ក្នុងនាមជាមនុស្សប្រុសធំដឹងខុសត្រូវម្នាក់"៕
ប្រភព៖ dailystar
