adverise with khmeread 1

NASA ប្រកាស​ជា​ផ្លូវការ​ថា​នឹង​រុករក​ភព​អង្គារ​នៅ​ឆ្នាំ ២០១៨

    ​អង្គការ​ណា​សា (NASA) បានប្រកាសថា ខ្លួន​នឹង​ចាប់ផ្តើម​បេសកកម្ម​ដំបូង​របស់ខ្លួន​ដើម្បី​សិក្សា​ផ្ទៃ​ខាងក្នុង​របស់​ភព​អង្គារ​ក្នុង​ឆ្នាំ ២០១៨ ខាងមុខ​។​

​    ​បើ​យោងតាម​លោក Geoff Yoder ជំនួយការ​រដ្ឋបាល​ស្តីទី​សម្រាប់​មណ្ឌល Science Mission Directorate របស់ NASA បានឱ្យដឹងថា បេសកកម្ម​ដែលមាន​ឈ្មោះថា InSight សង្ឃឹមថា​នឹងសិក្សា​រចនា​សម្ព័ន្ធ​ខាងក្នុង​របស់​ភព​ក្រហម​នេះ​។ ការសិក្សា​នេះ​នឹង​អនុ​ញ្ញា​ឱ្យ​អ្នកវិទ្យាសាស្ត្រ​យល់ដឹង​កាន់តែច្បាស់​ពី​ដើមកំណើត​របស់​ភព​អង្គារ និង​រាល់​ភព​ថ្ម​ដទៃទៀត ដោយ​រួមបញ្ចូល​ទាំង​ភពផែនដី​ផងដែរ​។ 

​    ​បេសកកម្ម​នេះ​នឹង​ពាក់ព័ន្ធ​នឹង​ការបញ្ជូន​ឧបករណ៍​ពិសោធន៍​រញ្ជួយ​ដី​សម្រាប់​រចនាសម្ព័ន្ធ​ខាងក្នុង ឬ​ហៅ​កាត់​ថា SEIS ដើម្បី​វាស់​ចលនា​ក្នុង​ដី​លើ​ភព​អង្គារ​។​

​    ​ការចាប់ផ្តើម​របស់​បេសកកម្ម InSight ត្រូវបាន​កំណត់​នៅ​ខែមីនា ឆ្នាំ ២០១៦ នេះ ប៉ុន្តែ​ដោយសារ​កំហុស​ចន្លោះប្រហោង​មួយ​នៅក្នុង​ម៉ាស៊ីន ទើប​បេសកកម្ម​នេះ​ត្រូវបាន​លើក​ទៅ​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០១៨ ខាងមុខ ខណៈ​ការ​ចុះចត​នៅ​ភព​អង្គារ​ត្រូវ​បានកំណត់​នៅ​ខែវិច្ឆិកា​ឆ្នាំ​ដដែល​។​

​    ​ថវិកា​សម្រាប់​បេសកកម្ម InSight ពីមុន​មាន​ចំនួន ៦៧៥ លាន​ដុល្លារ ប៉ុន្តែ​ដោយសារ​ការពន្យារពេល​ហោះហើរ​ទៅ​ភព​អង្គារ ថវិកា​ត្រូវបាន​បន្ថែម​ប្រហែល ១៥៤ លាន​ដុល្លារ​ទៀត​។ មានការ​បារម្ភ​ជាច្រើន​ថា នេះ​អាច​មានន័យថា​មានឱកាស​តិចតួច​ប៉ុណ្ណោះ​សម្រាប់​បេសកកម្ម​ថ្មីៗ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​៕

adverise with khmeread
ប្រភព៖ 9news

មតិយោបល់