adverise with khmeread Unnamed

បុរស​ម្នាក់​ចេញទៅ​នេសាទ​ត្រី​នៅ​បឹង​ប៉ះ​ខ្យល់​លិច​ទូក​ស្លាប់

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់​ខណៈ​ទៅរក​ត្រី​ក្នុង​បឹង ហើយ​បាន​ប្រទះឃើញ​សព​កាលពី​ថ្ងៃទី​០៣​ កញ្ញា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​ និង​៣០​នាទី​ នៅ​ចំណុច ជ្រោយ​តា​ក្រ​ញ៉ា​ញ់ ក្នុង​បឹង​វាល​សំណាប ភូមិ​ពាម​តា​ឯក ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម​ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ ឈិន វិចិត្រ ភេទប្រុស​ អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទ​ត្រី​ទីលំនៅ​បច្ចុប្បន្ន ភូមិ​តា​ស្គរ​ ឃុំសារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​០២​ កញ្ញា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១​រសៀល ជនរងគ្រោះ​បាន​ចេញពីផ្ទះ​ទៅ​នេសាទ​ត្រី​ (​រាយ​មង​)​ នៅ​ចំណុចកើតហេតុ​ហើយ ជា​រៀង​រាល់ពេល​ជនរងគ្រោះ​ចេញទៅ​នេសាទ​តែងតែ​វិល​ត្រឡប់មកផ្ទះ​វិញ​នៅវេលា​ម៉ោង​៥​ល្ងាច​។​

    លុះ​នៅ​ថ្ងៃទី​២​ កញ្ញា ​២០១៦​ វេលា​ម៉ោង​១​រសៀល​ពេល​ជនរងគ្រោះ​ចេញទៅ​នេសាទ​ត្រី​មិនបាន​វិល​ត្រឡប់មកផ្ទះ​វិញ ដូច​រាល់ដង​ទេ។ ឈ្មោះ ​ជុំ ស៊ីណា ជា​ប្រពន្ធ​បាត់ ប្តី​មិន​ឃើញ​មក​ផ្ទះ ក៏​នាំ​បងប្អូន​ចេញទៅ​តាមរក​ប្តី​នៅ​ចំណុច​ដែល​ធ្លាប់​នេសាទ​កន្លងមក តែ​មិនឃើញ។​

    បន្ទាប់​មកដល់​ថ្ងៃទី​០៣​ កញ្ញា ​២០១៦ ​វេលា​ម៉ោង​០៩ និង៣០​នាទី ទើប​រកឃើញ​សព​ជនរងគ្រោះ​ស្លាប់ អណ្តែត​ទឹក​ក្បែរ​ទូក​នៅ​ចំណុចកើតហេតុ​ខាងលើ។​

    តាម​ការពិនិត្យ ដងខ្លួន​សាកសព​មិនមាន​ស្លាកស្នាម​អ្វី​ទេ ក្នុង​ពោះ​មានទឹកហូរ​ចេញ​តាម​មាត់។ ​ប៉ូលិស​បាន​សន្និដ្ឋានថា ​នៅពេល​វេលា​ដែល​ជនរងគ្រោះ​ចេញទៅ​នេសាទ​ត្រី​អាកាសធាតុ​មាន​ភ្លៀងខ្យល់​ខ្លាំង បណ្តាល​ឱជនរងគ្រោះ លិច​ទូក​លង់ទឹក​ស្លាប់​តែម្តង​។​

    ករណីនេះ​ផ្នែក​ជំនាញពេទ្យ កម្លាំង​ប៉ុស្តិ៍ អាជ្ញា​ភូមិ ឃុំ និង​ក្រុម​តំណាង ជនរងគ្រោះ បាន ពិនិត្យ​សាកសព​ឃើញថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​​មែន បានប្រគល់​សាកសព​ជូន ប្រពន្ធ ជនរងគ្រោះ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់