Unnamed %284%29

បុរស​ជា​អនិកជន​ខ្មែរ​សញ្ជាតិ​អាមេរិកកាំង​ម្នាក់ ត្រូវ​ជនដៃដល់​ចាក់​សម្លាប់

    បាត់ដំបង ៖ បុរស​ជា​អនិកជន​ខ្មែរ​សញ្ជាតិ​អាមេរិកកាំង​ម្នាក់ ត្រូវ​ជនដៃដល់​ម្នាក់​ផឹកស៊ី រួម​តុ​ជាមួយគ្នា​ហើយ​មានទំនាស់​ពាក្យសម្តី​គ្នា​ឈានដល់​យក​កាំបិត​ចាក់​របួស​៤​កន្លែង​បណ្ដាលឱ្យ​របួស​ធ្ងន់ធ្ងរ ហើយ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​

    អំពើហិង្សា​នេះ​កើតឡើង​នា​ម៉ោង​១២​ និង​៣០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ហាង​ហែរ​ប៊ី​ដ្រា​ហ្គ​ន ស្ថិតក្នុង​ក្រុមទី​៤ ភូមិ​រំចេក​៤​សង្កាត់​រតនៈ ក្រុង​-​ខេត្តបាត់ដំបង​។​

    សាក្សី​បាន​ប្រាប់​ប៉ូលិស​ថា ជនសង្ស័យ​ឈ្មោះ វង ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ខាងត្បូង​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត ក្រុមទី​១០ ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង បាន​យក​កាំបិត​ចាក់​លើ​ជនរងគ្រោះ​ឈ្មោះ សេក សាវឿន អាយុ​៣៤​ឆ្នាំ ជា​អនិកជន​ខ្មែរ​សញ្ជាតិ​អាមេរិកកាំង មុខរបរ​សាក់​រូប ហើយ​បានមក​រស់នៅ​ស្រុក​ខ្មែរ រយៈពេល​៤​ឆ្នាំ​ហើយ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​

    បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ប៉ូលិស​ជំនាញ ក្រុង​បាត់ដំបង កំណត់​មុខសញ្ញា​បាន ហើយ​កំពុង​ស្វែងរក​ចាប់ខ្លួន​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕​

មតិយោបល់