adverise with khmeread Working mom

ជំនាញជីវិតទាំង ៨​ ដែលម្តាយធ្វើការគ្រប់រូបគួរតែមាន

ការក្លាយជាម្តាយគេគឺជាកាដូដ៏អស្ចារ្យបំផុតមួយ ដែលស្ត្រីអាចទទួលបានក្នុងជីវិតរបស់ខ្លួន។ តែទោះយ៉ាងណា ការក្លាយជាម្តាយដែលធ្វើការទេដែលជាការប្រឈមពិតប្រាកដ។ អ្នកមានកិច្ចការ និងការងារផ្ទះជាច្រើនត្រូវធ្វើរៀងរាល់ថ្ងៃ និងកម្ររកពេលវេលាសម្រាប់ខ្លួនឯងណាស់។ អ្នកឈប់ជឿជាក់លើខ្លួនឯង និងជំនាញការងាររបស់អ្នក។ អ្នកគិតថាវិថីការងាររបស់អ្នកគឺចប់ហើយ។ ប៉ុន្តែមិនថាអ្នកជឿវាឬក៏អត់នោះទេ ម្តាយធ្វើការភាគច្រើនមានភាពជោគជ័យជាងនិយោជិតដទៃទៀតទៅទៀត។ ពួកគេជាភរិយាដ៏អស្ចារ្យ ជាម្តាយដ៏អស្ចារ្យ និងជាបុគ្គលិកដ៏ល្អឥតខ្ចោះ។ តើអ្វីទៅជាអាថ៍កំបាំង? អាថ៍កំបាំងគឺថាពួកគេអាចប្រើជំនាញជីវិតដ៏សំខាន់ទាំងនេះ ដែលម្តាយធ្វើការគ្រប់រូបគួរតែយកមកប្រើដើម្បីរស់នៅក្នុងជីវិតរីករាយ និងជោគជ័យ។ 

១- ថែទាំខ្លួនឯង
ជាមួយនឹងរាល់កិច្ចការ និងគម្រោងធំៗទាំងអស់នោះ វាងាយនឹងឲ្យអ្នកភ្លេចពីខ្លួនឯងណាស់។ កូនរបស់អ្នកគឺជាអាទិភាពរបស់អ្នក ហើយអ្នកត្រូវការការងារដើម្បីរកប្រាក់។ ទាល់តែពេលបានការងារហើយ រឿងថែទាំខ្លួនឯងលែងសំខាន់តទៅទៀត។ ទោះជារវល់ប៉ុនណា ក៏អ្នកត្រូវតែ "លៃលកពេលសម្រាប់ខ្លួនឯង" រៀងរាល់ថ្ងៃដែរ។ ទោះបីវាជារយៈពេលត្រឹមតែ ៥ នាទីក៏ដោយ ក៏អ្នកចាំបាច់ត្រូវតែសម្រាក។ ត្រូវថែទាំសម្រស់ និងសុខភាពរបស់អ្នកឲ្យបានរាល់ថ្ងៃ។ អ្នកចង់ឲ្យស្វាមី និងកូនរបស់អ្នកមានមោទនភាពចំពោះភរិយា និងម្តាយដ៏ស្រស់ស្អាត មិនអ៊ីចឹង? អ៊ីចឹងហើយបានជាអ្នកគួរតែព្យាយាមថែទាំខ្លួនឯងឲ្យបានល្អបំផុត។  

២- រៀនធ្វើការជាក្រុម
ទោះបីជារូបអ្នកជាប្រភេទស្ត្រីដែលចូលចិត្តធ្វើអ្វីៗតែម្នាក់ឯងក៏ដោយ ក៏អ្នកត្រូវតែមានជំនាញធ្វើការជាក្រុមដែរ។ អ្នកគឺជាម្តាយ ដែលគ្មានពេលធ្វើអ្វីៗដោយឯករាជ្យនោះទេ។ ត្រូវស្នើឲ្យស្វាមីរបស់អ្នកជួយធ្វើការងារផ្ទះ និងរៀនចែករំលែកកិច្ចការរបស់អ្នកជាមួយនឹងអ្នកធ្វើការជាមួយ។ អ្នកគ្រាន់តែជាមនុស្សធម្មតាទេ។ អ្នកពុំមានមហាកម្លាំងមកពីណានោះទេ ហើយអ្នកមិនអាចលៃលកដោះស្រាយជាមួយនឹងអ្វីៗគ្រប់យ៉ាងតែម្នាក់ឯងបានឡើយ។ 

៣- អត់ទោសឲ្យខ្លួនឯង
មិនថាថ្ងៃនេះគឺជាថ្ងៃអ្វីនោះទេ អ្នកតែងតែរវល់ជានិច្ច។ ម្តាយធ្វើការទាំងឡាយពុំសូវយកចិត្តទុកដាក់ពីកូនៗរបស់ពួកគេទេ ដោយសារតែកាលវិភាគកំពូលមហារវល់របស់ពួកគេ។ ប្រសិនបើអ្នកមិនអាចចំណាយពេលគ្រប់វិនាទីនៅជាមួយគ្រួសាររបស់អ្នកបាន សូមកុំមានអារម្មណ៍ថាខុសឆ្គង។ អ្នកគួរទិញសាច់កាប់ពីផ្សារមកផ្ទះ ប្រសិនបើអ្នកមិនអាចធ្វើអ្វីៗបានក្នុងពេលតែមួយ។ វាមិនមានន័យថាអ្នកជាម្តាយអាក្រក់នោះទេ គ្រាន់តែទិញម្ហូបពីផ្សារ។ ជាជាងស្តីបន្ទោសឲ្យខ្លួនឯង អ្នកគួរតែមានមោទនភាពទៅដែលអាចធ្វើរឿងទាំងអស់នេះបាន។ 

៤- ថ្លឹងថ្លែងឲ្យស្មើគ្នារវាងការងារ និងជីវិតផ្ទាល់ខ្លួនរបស់អ្នក
ការក្លាយជាម្តាយដែលធ្វើការគឺមានន័យថាត្រូវតែធ្វើកិច្ចការខុសៗគ្នាជាច្រើនក្នុងមួយថ្ងៃៗ។ សូមព្យាយាមស្វែងរកវិធីល្អបំផុតដើម្បីថ្លឹងថ្លែងឲ្យស្មើគ្នារវាងការងារ និងជីវិតផ្ទាល់ខ្លួនរបស់អ្នក។ ត្រូវរៀនគ្រប់គ្រងពេលវេលារបស់អ្នកឲ្យបានត្រឹមត្រូវ ដូច្នេះទើបអាចមានពេលធ្វើការផង និងចំណាយពេលទំនេរខ្លះជាមួយនឹងស្វាមី និងកូន។ ការរកឃើញតុល្យភាពការងារ និងជីវិតផ្ទាល់ខ្លួនរបស់អ្នកគឺពិតជារឿងសំខាន់ខ្លាំងណាស់ ប្រសិនបើអ្នកចង់រក្សាសុខភាពឲ្យបានល្អ និងធ្វើជាម្តាយដ៏អស្ចារ្យ។ 

៥- ត្រូវរីករាយឲ្យបានច្រើន
ជីវិតរបស់អ្នកមិនមែនចេះតែងាយស្រួលរហូតនោះទេ។ នេះមានន័យថា ជួនកាលអ្នកគួរតែផ្ទុះចេញជាសំណើចល្អជាងផ្ទុះចេញជាទឹកភ្នែក។ ការគិតវិជ្ជមាននឹងជួយអ្នកឲ្យដើរឆ្លងពេលវេលដ៏លំបាកបានយ៉ាងងាយស្រួល។ ត្រូវមានសុទិដ្ឋិនិយម និងផ្តោតលើចំណុចល្អនៃជីវិតរបស់អ្នកដើម្បីផ្តល់ជាកម្លាំងចិត្តឲ្យអ្នកខំប្រឹងដើរទៅមុខទៀត។ ត្រូវគិតពីកូនតូចរបស់អ្នកគ្រប់ពេលដែលអ្នកមានអារម្មណ៍ថាមិនអាចរ៉ាប់រងបែបផែនជីវិតដ៏មមាញឹករបស់អ្នកបាន។ អ្នកត្រូវតែរឹងប៉ឹង ឆ្លាតវៃ និងក្លាហាន។ កុំអស់សង្ឃឹម និងត្រូវជឿជាក់លើអនាគតដ៏ត្រចះត្រចង់ខាងមុខ។ 

៦- លេងផង និងធ្វើការផងជាមួយនឹងកូនរបស់អ្នក
នៅពេលអ្នកមកដល់ផ្ទះ ហើយនៅតែសល់កិច្ចការត្រូវធ្វើមួយចំនួនទៀត អ្នកច្បាស់ជាខំប្រឹងបញ្ចប់វាឲ្យបានឆាប់ ប៉ុន្តែកូនរបស់អ្នកមិនគិតថាអ្នករវល់នោះទេ។ កូនរបស់អ្ន​កចង់ឲ្យអ្នកយកចិត្តទុកដាក់ពីវាណាស់ ហើយអ្នកក៏មិនអាចសុំស្វាមីឲ្យលេងជាមួយកូនគ្រប់ពេលនោះដែរ។ ត្រូវផ្តល់កិច្ចការខ្លះឲ្យកូនរបស់អ្នកធ្វើ រួចប្រាប់កូនៗឲ្យធ្វើកិច្ចការរបស់អ្នក និង កិច្ចការរបស់វាជាមួយគ្នា។ ម្តាយធ្វើការគួរតែអាចកម្សាន្តលេងជាមួយកូនៗទោះបីជាខ្លួនរវល់ខ្លាំងយ៉ាងណាក៏ដោយ។  

៧- ត្រូវចេះនិយាយថា "ទេ"
ម្តាយធ្វើការទាំងឡាយមានសិទ្ធិពេញលេញក្នុងការនិយាយថា "ទេ" នៅពេលចាំបាច់។ មិត្តភក្តិរបស់អ្នកគួរតែដឹងថា ទោះបីអ្នកចង់ចូលរួមជាមួយពួកគេក្តី ក៏អ្នកមិនអាចចូលរួមបានដែរ ព្រោះជីវិតអ្នកឥឡូវគឺខុសប្លែកពីមុន ហើយអ្នកមិនអាចលៃលកពេលសប្បាយគ្រប់ពេលដូចពីមុននោះទេ។ ពិធីជប់លៀងទាំងនោះមិនសំខាន់ដូចគ្រួសារ និងការងាររបស់អ្នកទេ ហើយអ្នកក៏ដឹងដែរថាវាពិបាកណាស់ក្នុងការនិយាយពាក្យថា "ទេ" ទៅកាន់ពួកគេ។ អ្នកក៏គួររៀននិយាយពាក្យថា "ទេ" នៅកន្លែងធ្វើការផងដែរ។ 

៨- ត្រូវត្រៀមខ្លួនសម្រាប់ការលំបាកនានា
ជីវិតម្តាយធ្វើការគឺតែងតែជារឿងដ៏លំបាកជានិច្ច។ អ្នកត្រូវតែធ្វើជាបុគ្គលិកអស្ចារ្យមានទំនួលខុសត្រូវ​និងឧស្សាហ៍ព្យាយាម, ធ្វើជាភរិយាដ៏គួរឲ្យស្រឡាញ់និងស្រស់ស្អាត, ធ្វើជាម្តាយដែលយកចិត្តទុកដាក់ និងធ្វើជាកូនកតញ្ញូក្នុងពេលតែមួយ។ អ្នកតែងតែរវល់ដូចជាសត្វឃ្មុំអ៊ីចឹង។ ទោះបីជាវាលំបាក តែត្រូវព្យាយាមដោះស្រាយបញ្ហាក្នុងជីវិតរបស់អ្នកដោយពុំមានការត្អូញត្អែរ និងការទួញយំនោះឡើយ៕ 

adverise with khmeread

មតិយោបល់