ភ្នំពេញ ៖ ជនសង្ស័យចំនួន៧នាក់ មានស្រី២នាក់ បានប្រើល្បិចយកមាសក្លែងក្លាយប្តូរយកមាសសុទ្ធឬប្រើល្បិចទម្លាក់យោងបោក យកគ្រឿងអលង្ការ ទូរស័ព្ទដៃ និងលុយជិត១០០០ដុល្លារ ពីនារីម្នាក់ខណ:ពេលចូលទិញសម្លៀកបំពាក់ នៅក្នុងផ្សារកាណាស៊ីតធី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យកាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦នេះ។
ប្រភពជំហានដំបូងបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ដួង សុខហេង អាយុ២៦ឆ្នាំ ស្នាក់នៅភូមិថ្មគោលសង្កាត់ចោមចៅ ត្រូវបានជនសង្ស័យលួងលោម និងនាំខ្លួនយកទៅដោះយកគ្រឿងអលង្ការ និងលុយកាក់ នៅដីឡូត៍មួយកន្លែង ស្ថិតនៅភូមិក្រាំងដូនទៃសង្កាត់ចោមចៅ ។
ប្រភពបន្តថា ដំបូង នារីរងគ្រោះបានដើរចូលផ្សារ ទិញសម្លៀកបំពាក់ ស្រាប់តែជនសង្ស័យ មួយក្រុមមានគ្នា៧នាក់ ក្នុងនោះស្រី២នាក់ បានធ្វើជាជ្រុះមាស ហើយហៅនារីរងគ្រោះមករើសចែកគ្នា។ ពេលនោះជនសង្ស័យ បានដាក់ថ្នាំសណ្តំរួចនាំគ្នាយកនារីរងគ្រោះ ទៅដោះយក គ្រឿងអលង្ការ ទូរស័ព្ទដៃ លុយកាក់ ហើយគេចខ្លួនបាត់។
បន្ទាប់មកកម្លាំងសមត្ថកិច្ច បានសួរនាំជនរងគ្រោះហើយតាមចាប់ក្រុមជនសង្ស័យទាំងនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
