adverise with khmeread 1

រថយន្ត​២​គ្រឿង​បើក​ប្រជែង​គ្នា​ជ្រុល​បុក​អ្នកជិះ​កង់​ស្លាប់

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​វាង​រថ​យន្ត និង​រថយន្ត និង​អ្នកជិះ​កង់​បណ្តាល​ឱ្យស្លាប់​អ្នកជិះ​កង់​ម្នាក់​នៅ​ថ្ងៃទី​០៥ ​កញ្ញា ​២០១៦ វេ​លាម៉ោង​៣​និង​១៧​នាទី លើផ្លូវ​ជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៥-៥៦​ស្ថិតក្នុង​ភូមិ​កំពង់​ពោធិ៍ ​ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្ដាល ​បណ្ដាលឱ្យ​ស្លាប់​មនុស្សម្នាក់​ប្រុស​ខូចខាត​រថយន្ត​២​គ្រឿង និង​កង់​១​គ្រឿង​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ក្រូច កោប ភេទ​ប្រុស​ អាយុ​៥៩​ឆ្នាំ (​អ្នកជិះ​កង់​) មាន​ទីលំនៅ​ភូមិ​.​ឃុំ កើតហេតុ​បាន​ស្លាប់នៅ​កន្លែងកើតហេតុ​។​

    ចំណែក​ភាគី​បង្ក​ទី​១ អ្នកបើកបរ​រថយន្ត​ម៉ាក​ ALPHARD ​សេរី​២០១៦ ពណ៌​ខ្មៅ ប្រភេទ​ទេសចរណ៍ ពាក់​ស្លាក ភ្នំពេញ ​2AI-6925 បើកបរ​ដោយ​ឈ្មោះ​ តាំង ហេង​សេង​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​អូរឫស្សី​២​ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​ និង​ទី​២ អ្នកបើកបរ​រថយន្ត​ម៉ាក​ សាំង​យ៉ុង ​ពណ៌​បៃតង ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2A-6148 បើកបរ​ដោយ​ឈ្មោះ​ជា វ៉ង់​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាពូង ឃុំ​អ​ន្សោ​ង ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ ​រថយន្ត​ទាំងពីរ​មាន​ទិសដៅ​ភ្នំពេញ​-​អ្នក​លឿង​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ និង​វេលា​កើតហេតុ​ខាងលើ រថយន្ត​ទាំង​ពីរ បាន​បើក​មកដល់​កន្លែងកើតហេតុ​បាន​វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់រថយន្ត​ Alphard ក៏បាន​បុក​គូទ​រថយន្ត Samyung ចំហៀង​ខាងស្តាំ ដោយ​មិនទាន់​អស់​ល្បឿន ក៏​ជ្រុល​បុក​អ្នកជិះ​កង់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​

    ក្រោយពេល​វាស់វែង​រួច​សាកសព​បានប្រគល់​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ​ចំពោះ​មធ្យោបាយ​ទាំង​៣​គ្រឿង​ ត្រូវបានជំនា​ញយកមក​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​លើកដែក និង​អ្នកបើកបរ​រថយន្ត​២​នាក់​ឃាត់ខ្លួន​បណ្តោះអាសន្ន​ដើម្បី​កសាង​សំណុំរឿង​តា​និតិ​វិធី៕​

adverise with khmeread

មតិយោបល់