1

រថយន្ត​ BMW បើក​បុក​កូរ៉ូឡា​ពេញទំហឹង ​របួស​ធ្ងន់​២​នាក់​រួច​ម្ចាស់​រថយន្ត​ដក​កាំភ្លើងខ្លី​ភ្ជង់​គេឯង​

    ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​២​នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ​ ដោយ​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ខណៈ​កំពុងបើក​រថយន្ត​ក៏ត្រូវ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក BMW បើក​ក្នុង​ល្បឿន​យ៉ាង​លឿន បុក​ចំ​ពី​ចំហៀង​រថយន្ត​កូរ៉ូឡា​ពេញទំហឹង​រង​ការខូចខាត​ និង​បុក​បង្គោល​ភ្លើង​មួយ​ដើម​ទៀត ហើយ​ម្ចាស់​រថយន្ត ​បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​គេឯង​ ដើម្បី​រំដោះខ្លួន​ចេញពី​កន្លែងកើតហេតុ។​

    គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរឱ្យរ​ន្ឋ​ត់​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ ​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៣៦០ កែង​នឹង​ផ្លូវ​លេខ​៥១ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ រថយន្ត២​គ្រឿង ម៉ាក​កូរ៉ូឡា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2P-8368 បើក​មក​ជាមួយគ្នា​នឹង​រថយន្ត​ឡិច​ស៊ី​ស​មួយគ្រឿង​ទៀត តាម​បណ្តោយ​ផ្លូវ​លេខ​៥១ ទិសដៅ​ពី​ជើង​ទៅ​ត្បូង។​

    ពេលមកដល់​ចំណុចកើតហេតុ​ដែលជា​ផ្លូវបែក​ជា​៤ ស្រាប់​តែមាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក BMW ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 2Y-0089 បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​លេខ​៣៦០ ទិសដៅ​ពី​លិចទៅ​កើត បាន​បុក​រថយន្ត​កូរ៉ូឡា ចំ​ពី​ចំហៀង​ខាងមុខ​ពេញទំហឹង​បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ និង​មនុស្ស​ប្រុស​ស្រី​២​នាក់​ដែល​នៅក្នុង​រថយន្ត​កូរ៉ូឡា​រងរបួស​ធ្ងន់ធ្ង​រ។​

    បន្ទាប់មក​រថយន្ត BMW បាន​បុក​បង្គោល​ភ្លើង​មួយ​ដើម​ទៀត ភ្លាមៗ​នោះ​អ្នក​ដែល​បានឃើញ​ហេតុការណ៍​បាននាំគ្នា​ស្ទុះ​សំដៅទៅ​រថយន្ត​បង្ក​បំណង​ឃាត់ខ្លួន​អ្នកបើករថយន្ត ប៉ុន្តែ​ត្រូវ​ម្ចាស់​រថយន្ត​ចេញពី​ក្នុង​រថយន្ត​ បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​គេឯង​គំរាម​បាញ់ ហើយក៏​គេចខ្លួនបាត់​ដោយ​មិនមាន​នរណាម្នាក់​ហ៊ាន​ចាប់​នោះទេ ដោយ​ខ្លាច​អ្នកបើករថយន្ត​​បាញ់។​

    ភ្លាមៗ​នោះដែរ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំ​ណែក​រថយន្ត​ទាំង​២​គ្រឿង​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕

មតិយោបល់