Leicester citys english striker jamie v

Jamie Vardy បង្ហើប​ប្រាប់​មូល​ហេតុដែល​បោះបង់ Arsenal សុខចិត្ត​រួមសុខទុក្ខ​ជាមួយ Leicester

    ​Jamie Vardy បាន​បង្ហើប​ឱ្យដឹងពី​ហេតុផល​នៅ​ពីក្រោយ​ការសម្រេចចិត្ត​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់គាត់​ក្នុងការ​បដិសេធ​ការ​ចែចង់​របស់​កាំភ្លើង​ធំ Arsenal ដោយ​ជ្រើសរើស​ស្នាក់នៅ​បន្ត​ជាមួយនឹង​កញ្ជ្រោង Leicester​។​

​    ​ខ្សែប្រយុទ្ធ​ដែល​ដើរ​ពី​ចំណុចសូន្យ​រហូត​បានក្លាយ​ទៅជា​ម្ចាស់​ជើងឯក​លី​ក​កំពូល​អង់គ្លេស Premier League រូបនេះ ទទួលបាន​ឱកាស​ផ្ទេរ​ទៅកាន់​ទឹកដី Emirates ពេលដែល​កាំភ្លើង​ធំ​បាន​បើក​ដំណើរការ​ការដេញថ្លៃរ​បស់​ពួកគេ​ទៅលើ​រូបគាត់​ក្នុងតម្លៃ​ខ្លួន ២០​លាន​ផោន​កាលពីដើម​ទីផ្សារ​រដូវ​ក្តៅ​។​

​    ​ប៉ុន្តែ​អតីត​តារាបាល់ទាត់​មកពី​ក្លឹប​មិនមាន​ក្របខ័ណ្ឌ​រូបនេះ បាន​ជំនួស​ដោយ​ការជ្រើសរើស​បន្ត​ស្នាក់នៅ​ជាមួយ​ម្ចាស់​ជើងឯក Premier League ដោយ​គាត់​បាន​ចុះហត្ថលេខា​ថ្មី​នៅលើ​កុងត្រា​បន្ត​ការ​ស្នាក់នៅ​បន្ត​រយៈពេល​បួន​ឆ្នាំ​បន្ថែម​កាលពី​ខែមិថុនា​។​

​    ​Vardy បានសម្រេច​ចិត្ត​បដិសេធ​កាំភ្លើង​ធំ ខណៈដែល​គាត់​កំពុង​បំពេញ​កាតព្វកិច្ច​បាល់ទាត់​អន្តរជាតិ ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ក្នុង​ដំណើរ​ប្រជែង​ពាន​អឺរ៉ុប Euro 2016 ។​

​     គាត់​បាន​បញ្ជាក់ថា "​ខ្ញុំ​បាន​ស្ថិតនៅក្នុង​បន្ទប់​សណ្ឋាគារ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ជា​រៀងរាល់ថ្ងៃ​គ្មានអ្វី​ត្រូវធ្វើ​ទាល់តែសោះ​។ ខ្ញុំ​មាន​ពេលវេលា​ជាច្រើន​នៅក្នុង​ដៃ​រស់​ខ្ញុំ​។ និយាយឱ្យចំ ខ្ញុំ​គិត​អំពី​រាល់​រឿង​តូចតាច​ទាំងអស់ រហូតដល់​នារី​អ្នកបម្រើ​អាហារ​។ អ្នក​គិតពី​អ្វីដែល​ប្រហែលជា​នឹង​អាច​កើតឡើង អ្វីដែល​មិនអាច​កើតឡើង កន្លែង​ដែល​អាច​ទៅ កន្លែង​ដែល​អ្នក​មិនអាច​នៅ​។ ជា​រៀង​រាល់ពេល ខ្ញុំ​គិតពី​រឿង​តូចតាច​ទាំងអស់ ទាំង​ខួរក្បាល និង​បេះដូង​បាន​និយាយថា អ្នកត្រូវការ​ស្នាក់នៅ​បន្ត​"​។​

​    ​Vardy បាន​បន្តទៀតថា "​ខ្ញុំ​បាន​រក្សា​ការគិត​ទៅលើ Arsene Wenger នៅឯ​គ្រប់​សណ្ឋាគារ​ដែល​យើង​បាន​ស្នាក់នៅ​ក្នុងអំឡុង​ព្រឹត្តិការណ៍ Euro ហើយ​ខ្ញុំ​ក៏បាន​ឃើញ​គាត់​ផងដែរ​ចាប់តាំងពី​ពេល​នោះមក​។ មិនមាន​អ្វីដែល​ឆ្គាំឆ្គង​នោះឡើយ​។ គ្រាន់តែ​ជាការ​រាក់ទាក់​សាមញ្ញ​មួយ​ដោយ​និយាយថា "​សួស្តី​" ឬ "​តើ​អ្នកសុខ​សប្បាយ​ទេ​? រឿង​គឺ​ប៉ុន​ហ្នឹងឯង​"​។ 

​    ​"​វា​បាន​ក្លាយទៅជា​ការសម្រេច​ចិត្ត​ដ៏​ធំ​មួយ​នៃ​អាជីព​របស់ខ្ញុំ មិនមែន​ទើបតែ​ខ្ញុំ​ក្លាយជា​កីឡាករ​អាជីព​ថ្មីៗ​នេះ​ទេ ប៉ុន្តែ​ការដែល​មាន​គេ​តាម​ទិញ​បែបនេះ​ពិតជា​អស្ចារ្យ​ណាស់​។ ប៉ុន្តែ Leicester កំពុង​រះ ហើយ​ខ្ញុំ​គិតថា​រឿង​នោះ​នឹង​បន្ត​ទៅមុខទៀត​។ យើង​ដូចជា​បងប្អូន​មួយក្រុម​អ៊ីចឹង​"៕

ប្រភព៖ Mirror

មតិយោបល់