adverise with khmeread 3

ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋ​បើក​កិច្ចប្រជុំ​ស្តីពី​កីឡា​ជាតិ​លើ​បញ្ហា​ធំៗ​

​    ​ភ្នំពេញ ៖ ស្ថាប័ន​កីឡា​ជាតិ​នានា​មាន​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិ​នានា​បាន​បើក​កិច្ចប្រជុំ​មួយទៀត កាលពី​ព្រឹក​មិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដើម្បី​ពិភាក្សាគ្នា​លើ​បញ្ហា​ធំៗ​មួយចំនួន​បន្ថែមទៀត ក្នុង​គោលដៅ​ធ្វើយ៉ាងណា​ឱ្យ​ព្រឹត្តិការណ៍​កីឡា​ជាតិ ឬ National Game ដែល​គ្រោង​ធ្វើឡើង​រៀងរាល់​ពីរ​ឆ្នាំ​ម្តងនោះ​ទទួលបាន​លទ្ធផល​ល្អ និង​ជោគជ័យ​។​

​    ​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​មានប្រសាសន៍​ថា សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍ NATIONAL GAMES នេះ NOCC រកបាន​ដៃគូ​ឧបត្ថម្ភ​ចំនួន ២ ដែលជា​ក្រុមហ៊ុន​ធំៗ​នៅ​កម្ពុជា​ដែលមាន​ទឹកប្រាក់​ប្រមាណ​២០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ប៉ុន្តែ​មិនទាន់បាន​ចុះ MOU ជាមួយគ្នា​នៅឡើយ​ទេ​។

​    ​លោក​បន្ថែមថា ពិធី​បើក​ការប្រកួត​កីឡា​ជាតិ​នេះ​ត្រូវតែ​ធំ និង​មានការ​ទាក់ទាញ​ព្រមទាំង​រក​សត្វ​ជា​និម្មិត​រូប​សម្រាប់​ការប្រកួត​នេះ​។ មិនតែប៉ុណ្ណោះ​ក៏មាន​ការបង្ហាញ​ពី​ក្បាច់គុន​កងទ័ព​ល្បុក្កតោ និង​អប់រំ​កាយ​ព្រមទាំង​បង្ហាញ​ពី​វប្បធម៌​ជាតិ​ទៀតផង​។​
 
​    ​ចប់​ការបង្ហាញ​នេះ​ពិធី​កីឡា​នឹង​ចាប់ផ្ដើម​ដោយ​មានការ​ដង្ហែ​ក្បួន​ការ​ថ្លែង​សន្ទរកថា​របស់​ថ្នាក់ដឹកនាំ​ការបាញ់​កាំជ្រួច​ជាដើម​។​

​    ​លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​បាន​ថ្លែងថា របបហូបចុក​របស់​អត្ត​ពលិកម​ន្ត្រី​បច្ចេកទេស​ក្នុងពេល​ប្រកួត​ល្បែង​កីឡា​ជាតិ​ត្រូវបាន​បង្កើន​។ របបហូបចុក​ដែល​ពីមុន​មួយថ្ងៃ​សម្រាប់​ម្នាក់​តែ ១៦០០០ រៀល នោះ​ត្រូវបាន​បង្កើន​ដល់ ៤៤០០០ រៀល​ក្នុង​មួយថ្ងៃ​សម្រាប់​ម្នាក់ៗ​។

​    ​ចំពោះ​មន្ត្រី​បច្ចេកទេស​ត្រូវ​បង្កើន​ពី ៣៨០០០ រៀល​ក្នុង​មួយថ្ងៃ​សម្រាប់​ម្នាក់​ត្រូវ​បង្កើន​ដល់ ៨០០០០ រៀល​ក្នុង​មួយថ្ងៃ​។ ចំពោះ​ការ​សម្រាក គឺ​សណ្ឋាគារ​ដែលមាន​តម្លៃ​២០​ដុល្លារ​មួយថ្ងៃ​ក្នុង​មួយ​បន្ទប់​ដោយ​មួយ​បន្ទប់​សម្រាក ៤ នាក់​។ លោក​បន្តថា ការចំណាយ​សម្រាប់​ការប្រកួត​កីឡា​ជាតិ​នេះ​អស់​ប្រមាណ ៤០០០  លាន​រៀល​។​

​    ​សូមបញ្ជាក់ថា មកទល់​ថ្ងៃទី ៥ កញ្ញា​នេះ មាន ១៥ រាជធានី​ខេត្តហើយ​ដែល​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួត​ដែលមាន​អត្ត​ព​លិ​ក​ចំនួន ១.៥៩៤​នាក់​។ ចំនួន​នេះ​អាច​កើន​ដល់ ៣.០០០ នាក់​ព្រោះ​នៅ ១២ រាជធានី​ខេត្ត និង​ក្រសួង ២ ទៀត​គឺ​មហាផ្ទៃ និង​ការពារជាតិ​៕​

adverise with khmeread

មតិយោបល់