1

ជើងឯក​លេខ​១ គូ​បូ​តា រដូវ​កាល​ទី​៦ មាន​កីឡាករ​ថៃ​ចូលរួម​ប្រជែង​ខ្សែក្រវាត់​តម្លៃ ៥​ពាន់​ដុល្លារ​

​    ​ភ្នំពេញ ៖ ក្រុមហ៊ុន​គូ​បូ​តាខេ​ម​បូ​ឌា សហការ​បច្ចេកទេស​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បានប្រកាស​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ការប្រកួត​ជ្រើសរើស​ជើងឯក​ប្រដាល់​លេខ​១ គូ​បូ​តា រដូវ​កាល​ទី​៦ នេះ​មាន​កីឡាករ​ថៃ​២​រូប បាន​ចូលរួម​ប្រកួតប្រជែង​ដោយ​ម្ចាស់​ជើងឯក​មាន​ប្រាក់រង្វាន់ ៥​ពាន់​ដុល្លារ​អាមេរិក និង​ជើងឯក​រង​មាន​ប្រាក់រង្វាន់​ចំនួន ៣​ពាន់​ដុល្លារ​។​

​    ​ព្រឹត្តិការណ៍​នេះ​មាន​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​ខ្មែរ​៤​រូប និង​កីឡាករ​ថៃ ២​រូប​ដែល​ត្រូវបាន​សម្រិតសម្រាំង ឲ្យ​ចូលរួម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ក្នុង​ព្រឹត្តិការណ៍​លក្ខណៈ​អន្ដរជាតិ​នេះ​។

​    ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៦​រូប​ដែល​ត្រៀម​អង្រួន​សង្វៀន និង​ផ្ដល់​ទស្សនីយភាព​ដ៏​អស្ចារ្យ​ឲ្យ​អ្នកគាំទ្រ​ទស្សនា​កម្សាន្ដ​ជា​រៀងរាល់​ចុង​សប្ដាហ៍​នេះ​គឺ មាន​កីឡាករ​កម្ពុជា​៤​រូប​រួមមាន​៖ លោក​ផល សោ​ភ័​ណ្ឌ​, លោក​ឡៅ ចន្ទ្រា​, លោក​ឈឿន ឆៃ​ដែន និង​លោក សុខ សុវណ្ណ​។​

​    ​រីឯ​កីឡាករ​ថៃ​២​រូប​គឺ​កីឡាករ ឌើ​ន ឈុន​លេក រុង​រៀន​ជី​ឡា​ភី​ត​សា​នុ​លោក និង​កីឡាករ ផា​សុ​ត​សៃ ឈឿង​ម៉ៃ ផា​ហុ​យុ​ត ដែល​ពួកគេ​នឹងត្រូវ​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ក្នុង​ម្នាក់ៗ ៥​ប្រកួត​ដើម្បី​ចម្រាញ់​យក​កីឡាករ​មាន​ពិន្ទុ​ខ្ពស់​ជាងគេ ៤​រូប​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។​

​    ​លោក ឆ​លឺ​ម​ឆៃ គី​ទី​ប៊ុនតន អគ្គនាយក​ក្រុមហ៊ុន​គូ​បូ​តាខេ​ម​បូ​ឌា​បាន​ថ្លែងថា​តាមរយៈ​ការគាំទ្រ​ពេញទំហឹង​របស់​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​កម្ពុជា ទើប​ធ្វើ​ឲ្យ​ការរៀបចំ​៥​លើក​កន្លងមក​ទទួល បាន​ជោគជ័យ​។

​    ​ហេតុនេះហើយ​ទើប​ក្រុមហ៊ុន​សម្រេច​ឧបត្ថម្ភ​ទាំងស្រុង​ដើម្បី​រៀបចំ​កម្មវិធី «​ជើងឯក​ប្រដាល់​លេខ​១ គូ​បូ​តា​» ជា​លើក​ទី​៦​នេះ​បន្តទៀត ដោយបាន​ជ្រើសរើស​កីឡាករ​ជើង​ខ្លាំង ៦​រូប​ខាងលើ មក​ប្រកួត​បំពេញ​ការទទូច​ចង់បាន​របស់​អ្នកគាំទ្រ​។ លើសពីនេះ​ក្រុមហ៊ុន​ក៏​ចង់​លើកស្ទួយ និង​រួមចំណែក​អភិរក្ស​ក្បាច់គុន​បុរាណ​ខ្មែរ​នេះ​ផងដែរ​។​

​    ​ចំណែក​លោក ពេជ្រ អំបូ​ពង្ស អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​គូ​បូ​តាខេ​ម​បូ​ឌា​បានបញ្ជាក់​ថា​គូ​បូ​តា​មិន​ត្រឹមតែ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​កសិករ​កម្ពុជា លើ​វិស័យ​គ្រឿងចក្រ​កសិកម្ម​នោះទេ ប៉ុន្តែ​ក្រុមហ៊ុន​ក៏​តែង​ស្វែងរក​កម្មវិធី​ថ្មីៗ​សម្រាប់​អតិថិជន និង​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ ។​

​    ​ជាក់ស្ដែង​ដូចជា​ការរៀបចំ​កម្មវិធី​នេះ​ជាដើម ដែល​អាច​ចូលរួម​ផ្សព្វផ្សាយ​ពី​ក្បាច់គុន​បុរាណ​ខ្មែរ​ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើងៗ និង​អាច​បម្រើ​អារម្មណ៍​ប្រជាពលរដ្ឋ នៅពេល​សម្រាក​ពី​ការងារ​ផ្សេងៗ​ទៀតផង​។​

​    ​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​មានប្រសាសន៍​ថា ក្រុមហ៊ុន​គូ​បូ​តា​គឺជា​ដៃគូ​ដ៏​ល្អ​នៅក្នុង​ការ​រួច​ចំណែក​អភិវឌ្ឍ​សមត្ថភាព​កីឡាករ ប្រដាល់​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​។

​    ​លើសពីនេះ​លោក​បានស្នើរ​ឲ្យ​កីឡាករ​ម្នាក់ៗ​ត្រូវ​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​បញ្ជាក់​ពី​ភាពយុត្តិធម៌​ក្នុងការ​ប្រកួត និង​ឆ្លើយតប​ចំពោះ​ការចំណាយ​ថវិកា ដើម្បី​ឧបត្ថម្ភ​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ​ផងដែរ​។​

​    ​ជាពិសេស​លោក​បានចាត់ទុក​ការរៀបចំ​ពីមួយ​កម្មវិធី​ទៅមួយ​កម្មវិធី​នេះ​គឺជា​បទពិសោធន៍​ល្អ​ដើម្បី​ជំរុញ​កីឡាប្រដាល់​កម្ពុជា​ឆ្ពោះទៅ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម នា​ឆ្នាំ​២០២៣​ផងដែរ​៕​

មតិយោបល់