adverise with khmeread Unnamed %281%29

សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​រកឃើញ​ជើង​ខ្លាំង​ចំបាប់​ខេត្តពោធិ៍សាត់

    ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​សហការ​ជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តពោធិ៍សាត់ បានរៀបចំ​ការប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ ជាមួយនឹង​សម្រាំង​បាន​ម្ចាស់​ជ័យលាភី​ខ្លាំង​លើ​វិញ្ញាសា​ជាច្រើន ដើម្បី​រក្សាទុក​នូវ​ធន​ធាន​ថ្នាល​ទាំងនេះ​ឱ្យ​កាន់តែ​សម្បូរបែប ក្នុង​គោលដៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ National Games លើក​ទី​១ ចុងឆ្នាំ​២០១៦​ខាងមុខនេះ​។​

    លោក ធិ​ន វិចិត្រ អគ្គលេខាធិការ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​បញ្ជាក់ថា ការរៀបចំ​ព្រឹត្តិការណ៍​តាម​បណ្តា​ខេត្ត​នេះ គឺ​ទទួលបាន​ការជួយឧបត្ថម្ភ​ទាំងស្រុង​ពី​លោក Casey Barnet នាយក​គ្រប់គ្រង​វិទ្យាស្ថាន CamEd Business School និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ដើម្បី​ជ្រើសរើស​កីឡាករ កីឡាការិនី​ត្រៀម​ចូលរួម​ប្រកួត​កីឡា ជាតិ​លើក​ទី​១ ឆ្នាំ​២០១៦ ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

    ការប្រកួត​ជម្រើស​ជើងឯក នៅ​ខេត្តពោធិ៍សាត់​នេះ គឺមាន​កីឡាករ​ចូលរួម​សរុប​៣៣​នាក់ ចែកចេញជា ៤​ប្រភេទ​ទម្ងន់ គឺ​៥៥ គីឡូក្រាម​,៥៩, ៦៣, និង​៦៦ គីឡូក្រាម​។ ចំពោះ​លទ្ធផល​ចំណាត់​ថ្នាក់លើ​ប្រភេទ​ម្ង​ន់ ៥៥ គីឡូ ក្រាម មេដាយមាស បាន​ទៅលើ​កីឡាករ ជូន ចាំ​, មេដាយប្រាក់ ចូ លាង​, មេដាយសំរិទ្ធ និង​សំរិទ្ធ​ស្ទួន បាន​ទៅលើ​កីឡាករ សន លី និង សេង ស៊ី​វុ​ទ្ធ​។​ ទម្ងន់​៥៩ គីឡូក្រាម មេដាយមាស កីឡាករ ធៀង លុ​ញ​, មេដាយប្រាក់ ហៀវ ហ៊ឺ និង​មេដាយសំរិទ្ធ និង​សំរិទ្ធ​ស្ទួន មាស រ៉ាវី និង​កីឡាករ ហូ ប៉ា​លី​។ 

    ចំណែក​ទម្ងន់​៦៣​គីឡូក្រាម មេដាយមាស កីឡាករ គង់ លុច មេដាយប្រាក់ ឈុន ឈាង​។​ទម្ងន់​៦៦ គីឡូក្រាម មេដាយមាស កីឡាករ ជាន់ ឡាយ​ហ៊ីម មេដាយប្រាក់ ជា ច័ន្ទ​ថា និង​មេដាយសំរិទ្ធ បាន​ទៅលើ​កីឡាករ អេង លៀង​ឃីម​។​

    លោក ធិ​ន វិចិត្រ បានឱ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ការឧបត្ថម្ភ​ពី​លោក​Casey Barnet នាយក​គ្រប់គ្រង​វិទ្យាស្ថាន CamEd Business School លោក​បាន​ចុះមក​ខេត្តពោធិ៍សាត់​២​លើក​រួចមកហើយ ដោយ​លើក​ទី​១ គឺ​ចុះមក​ធ្វើ​វគ្គប​ច្ចេកទេស ក្នុងទិសដៅ​ស្វែងរក​កីឡាករ កីឡាការិនី​វ័យក្មេង ដែលមាន​ទេពកោសល្យ ដើម្បី​ជ្រើសរើស​ឱ្យ​ចូល​ហ្វឹកហាត់ ក្នុង​ក្រុម​ជម្រើសជាតិ ត្រៀម​ប្រកួត​កីឡា​ជាតិ ជាពិសេស​ត្រៀម​ជ្រើស​រើសយក​កីឡាករ ថ្នាល​ត្រៀម ស៊ី​ហ្គេម​លើក​ទី​៣២ នា​ឆ្នាំ​២០២៣​ខាងមុខ នៅ​កម្ពុជា​ផងដែរ​។​

    លោក ព្រិ​ន ពៅ គ្រូបង្វឹក សមាគម​កីឡា​ចំបាប់​ឃ្លាំងមឿង បាន​ឱ្យ​ដឹង​ដែរ​ថា លោក​ប្តេជ្ញា​ដណ្តើម មេដាយ​ឲ្យ​បាន​ជូន​ខេត្តពោធិ៍សាត់​។ ជាមួយគ្នានេះ​លោក​ក៏បាន​សំណូមពរ​ដល់ សប្បុរសជន​នានា នៅ​ខេត្ត​នេះ ជួយឧបត្ថម្ភ​គាំទ្រ​កីឡាករ ដែល​ត្រៀម​ចេញទៅ​ប្រកួត​កីឡា​ថ្នាក់ជាតិ នាពេលខាងមុខ ទាំង​ថវិកា និង​សម្ភារៈ​ហ្វឹកហាត់​ជាដើម​។​

    សូមបញ្ជាក់ថា ព្រឹ​ត្ត​ការណ៍​កីឡា​ជាតិ លើក​ទី​១ ឆ្នាំ​២០១៦ នឹងត្រូវ​ចាប់ផ្តើម នៅ​ថ្ងៃទី​២៥ ខែតុលា ដល់​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ​៕

adverise with khmeread

មតិយោបល់