adverise with khmeread Unnamed %285%29

ព្រឹត្តិការណ៍ KMH Champion League ទទួល​ចុះឈ្មោះ​ក្រុម​ចូលរួម​ប្រកួត​ត្រឹម​ថ្ងៃទី​២២​កញ្ញា ខាងមុខនេះ​

    ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡាបាល់ទាត់ KMH Champions League រដូវ​កាល​ថ្មី ២០១៦-២០១៧ នឹង​បន្ត​ការទទួល​ចុះឈ្មោះ​ដល់​ក្រុម​នានា ដែលមាន​បំណង​ចង់​ចូលរួម​ប្រកួត​រហូតដល់​ថ្ងៃទី​២២ កញ្ញា​ខាងមុខ​នេះហើយ ដោយ​ស្ថាបនិក​នៃ​ព្រឹត្តិការណ៍​នេះ​បានប្រកាស​ឱ្យ​ក្រុម​នានា​រួសរាន់​ចុះឈ្មោះ​ឱ្យ​ទាន់ពេលវេលា ដើម្បី​ឱ្យ​គណៈកម្មការ បច្ចេកទេស​រៀបចំ​ការ​ប្រកួត​នេះ​ឲ្យ​ដំណើរការ​ដោយ​រលូន និង​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​។​

    បន្ទាប់ពី​ទទួលបាន​ជោគជ័យ កាលពី​រដូវ​កាល​ទី​១​របស់ខ្លួន​២០១៥-២០១៦ ការប្រកួត​ពាន KMH Champions League បាន​ដំឡើង​ប្រាក់រង្វាន់​ជ័យលាភី​គុណ​នឹង​៣​ដង ពោលគឺ​ម្ចាស់​ជើងឯក​នឹង​ទទួលបាន​ទឹកប្រាក់​ចំនួន ៨​ពាន់​ដុល្លារ​អាមេរិក ខណៈ​ជើងឯក​រង ៤០០០​ដុល្លារ ហើយ​ចំណាត់ថ្នាក់​លេខ​៣ នឹង​ទទួលបាន ២០០០ ដុល្លារ​។​

    KMH Champions League ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន ISI Group ដែលមាន លោក កាំ​ង សេន ជា​នាយក​ក្រុមហ៊ុន និង​ជា​ស្ថាបនិក KMH Champions League ក្នុង​គោលដៅ​ចម្បងៗ​ដើម្បី​រួមចំណែក​លើក​ដំកើង​និង​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​កាន់​តែមាន​សកម្មភាព​ផុសផុល​ឡើង​គ្រប់ទិសទី ជាពិសេស​គឺ​ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​កិច្ចការ​សង្គម​មនុស្សធម៌ ជាពិសេស​គឺ​មន្ទីរពេទ្យ គន្ធ​បុ​ប្ជា​ជាដើម​។ 

    កាលពី​ប៉ុន្មាន​ខែ​មុន ​KMH Champions League បាន​នាំយក​ថវិកា​ចំនួន ១៦០០០ ដុល្លារ​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា រួចជាស្រេច នៃ​គម្រោង​ក្នុងការ​នាំយក​ថវិកា​ឱ្យ​បាន ៣​ម៉ឺន​ដុល្លារ នៅ​ឆ្នាំ​២០១៦​នេះ​។​

    ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ លោក កាំ​ង សេន បាន​កែសម្រួល​ទៅលើ​រូបមន្ត និង​លក្ខខណ្ឌ​នៃ​ការប្រកួត​មួយចំនួន​ដោយ​ក្រុម​ទាំងអស់​នឹងត្រូវ​អនុញ្ញាត​ឱ្យ​ចុះឈ្មោះ​កីឡាករ​ទាំងអស់​ចំនួន ២៤ នាក់ ក្នុងនោះ​កីឡាករ​អាជីព ២​នាក់ និង​កីឡាករ​បរទេស ៤ នាក់ ដែល​អាច​លេង ២ នាក់​នៅលើ​ទីលាន​។​

    ចំពោះ​រដូវ​កាល​ថ្មី ២០១៦-២០១៧​នេះ គឺកំណត់​យក​ក្រុម​ចូលរួម​ចំនួន ៣២​ក្រុម ដូច​រដូវ​កាល​មុន​ដែរ ដោយ​ចាប់ពី​វគ្គ​ចែក​ពូ​ល​ទៅ ក្រុម​ទាំងអស់​ត្រូវតម្រូវ​ឱ្យ​លេង​ការប្រកួត​ពីរ​ជើង ពោលគឺ​ក្នុង​ដី និង​ក្រៅ​ដី ដូច​ទៅនឹង​ក្រុម Champions League របស់​អឺរ៉ុប​។ 

    ក្រុម​ចំនួន ១៦ ដែលជា​ជើង​ខ្លាំង​មកពី​លី​ក​តូចៗ នឹងត្រូវ​ផ្តល់​កៅអី​ឱ្យ​ឈានទៅ​ប្រកួត​វគ្គ​ចែក​ពូ​ល​ដោយ​ស្វ័យប្រវត្តិ ខណៈ​ក្រុម​ចំនួន ១៦ ទៀត​នឹងត្រូវ​ឆ្លងកាត់​វគ្គ Playoff ដើម្បី​ធ្វើការ​ប្រជែង​កៅអី​ដែល​នៅសល់​សម្រាប់​វគ្គ​ចែក​ពូ​ល​នេះ​៕

(​រូបភាព​ឯកសារ​)

adverise with khmeread

មតិយោបល់