adverise with khmeread Unnamed %281%29

ភាគី​រោងចក្រ​ព្រម​អនុ​វ​ត្តលក្ខ​ខណ្ឌ​តែមាន​កម្មករ​មួយចំនួន​បែរជា​មិន​ព្រម​អនុវត្ត​

    ភ្នំពេញ ៖ មានរឿង​មួយ​ដែល​ភាគី​ខាង​រោងចក្រ​ព្រម​អនុវត្ត​ទាំងស្រុង​នូវ​សេចក្តីបញ្ជា​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល បែរ​ជាមាន​កម្មករ​មួយចំនួន​ជា​អ្នកស្នើ​សុំឱ្យ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ចេញ​បញ្ជា មិន​ព្រម​អនុវត្ត​ទៅវិញ។ ​រឿងនេះ​បានកើត​ឡើង​កាលពី​ថ្ងៃទី​៥​និង ៦​កញ្ញា​នេះ នៅ​រោងចក្រ​កាត់ដេរ​ដុង​ឌូ ថេ​ក​ស្កា​យ​(​ខេ​ម​បូ​ឌា​)​លី​មី​ឌី​ត (DONG  DU)​។​

    តំណាង​ភាគី​រោងចក្រ​មួយរូប​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៦ ​កញ្ញា​នេះ​ថា កម្មករ កម្មការិនី​ មួយចំនួន​នៅ​រោងចក្រ​កាត់ដេរ​ដុង​ឌូ ថេ​ក​ស្កា​យ​(​ខេ​ម​បូ​ឌា​)​លី​មី​ឌី​ត ដែលមាន​ទីតាំង​ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៣ សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២ ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ​បាននាំគ្នា​ធ្វើ​កូដកម្ម​នៅមុខ​រោងចក្រ​ខុស​នីតិវិធី​កាលពី​ព្រឹក​ថ្ងៃទី​១ ​សីហា ​ឆ្នាំ​២០១៦ ដឹកនាំ​ដោយ​សហជីព​ការងារ​កម្មករ​កម្ពុជា ជាពិសេស​ទាមទារ​ឱ្យ​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព​ចូលធ្វើការ​វិញ។​

    តំណាង​ដដែល​បាន​បន្តថា ពេលនោះ​ក្រុមកម្មករ​បានស្នើ​សុំ​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ទាមទារ​ឱ្យ​តំណាង​សហជីព​ចូលធ្វើការ​វិញ។​ នៅ​ថ្ងៃទី​១០​ សីហា ឆ្នាំ​២០១៦​ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ បាន​បញ្ជា​ឱ្យ​កូដ​ករ​ទាំងអស់​ផ្អាក​ធ្វើ​កូដកម្ម​ជាបន្ទាន់ ហើយ​ចូលធ្វើ​ការងារ​តាម​វេន​តាម​ផ្នែក​នីមួយ​វិញ​។ ​នៅ​ថ្ងៃទី​២២​ សីហា​ ក្រុមកម្មករ​ដែល​ធ្វើ​កូដ​កម្មបាន​ព្យាយាម​សម្រុកចូល​រោងចក្រ តែមាន​កម្មករ​មួយចំនួន​ដែល​កំពុងធ្វើការ​រារាំង​មិន​ស្វាគមន៍​។ ​ក្រោយមក​ពួកគាត់​បាន​បន្ត​លើក​បដា​នៅ​ក្រសួង​ការងារ​សុំឱ្យ​លោក​រដ្ឋមន្ត្រី​ជួយ​អ​ន្តា​គម​ន៍​។​

    តំណាង​រូបនេះ​បន្តទៀតថា ដោយសារ​តែមាន​កិច្ច​អន្តរាគមន៍​ភាគី​រោងចក្រ​បាន​យល់ព្រម​ទទួល​កម្មករ​ឱ្យចូល​ធ្វើការ​វិញ​នា​ថ្ងៃទី​៥​ កញ្ញា ​ឆ្នាំ​២០១៦ ដើម្បី​បញ្ចប់​បញ្ហា​នានា​កើតមានឡើង​កន្លងមក។ ប៉ុន្តែ​នៅពេល​ខាង​រោងចក្រ​យល់ព្រម​អនុវត្តតាម​សេចក្តីបញ្ជា​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល បែរ​ជាមាន​កម្មករ​មួយចំនួន​តូច​មិន​ព្រម​ធ្វើការ គឺ​ចូលទៅ​អង្គុយលេង​ទៅវិញ។ ​ខាង​រោងចក្រ​បានធ្វើ​លិខិត​មួយច្បាប់​សុំឱ្យ​លោក​រដ្ឋមន្ត្រីក្រសួង ការងារ​ជួយ​ក្នុង​រឿងនេះ។ ​ដោយឡែក​តំណាង​សហជីព​៣​នាក់​ខាង​រោងចក្រ​មិនទាន់​ឯកភាព​នៅឡើយ។​

    លោកស្រី XU JU FANG នាយិកា​រោងចក្រ DONG DU នៅ​ថ្ងៃទី​៥ ​កញ្ញា​ ឆ្នាំ​២០១៦ ​បានធ្វើ​លិខិត​មួយច្បាប់​ជូន​លោក​រដ្ឋមន្ត្រីក្រសួង​ការងា​រួយ​ធ្វើ​អន្តរាគមន៍​ដោះស្រាយ ដោយបាន​បញ្ញា​ក់ថា ក្រុមហ៊ុន​បាន​អន​វត្ត​តាម​សេចក្តីបញ្ជា​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ចុះ​ថ្ងៃទី​២ ​កញ្ញា​ ឆ្នាំ​២០១៦ ដោយ​ក្រុមហ៊ុន​បានអនុញ្ញាត​ឱ្យ​កម្មករ​ចូលធ្វើការ​វិញ​នៅ​ថ្ងៃទី​៥ ​កញ្ញា​ ឆ្នាំ​២០១៦ ​ជាធម្មតា​ឡើងវិញ មាន​កម្មករ​សរុប​៤៩០​នាក់​ចូលក្នុង​អាគារ​ផលិត។​

    លោកស្រី ​XU JU FANG​ បន្តថា ប៉ុន្តែ​មានកម្ម​ករ​ខ្លះ​បាន​អនុវត្តតាម​សេចក្តីបញ្ជា​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ​(​ចំនួន​១៨២​នាក់​) ហើយ​មាន​កម្មករ​ខ្លះទៀត​មិន​អុ​វត្ត​តាម​ (​ចំនួន​៣០៨​នាក់​)​ ដោយ​ពួកគាត់​បាន​អង្គុយ​នៅក្នុង​អាគារ​ផលិតកម្ម​តែ​មិន​បំពេញការងារ​និង​មាន​ចេតនា​មក​អុកឡុក​ក្រុមហ៊ុន ហើយ​លោកស្រី​បាន​សុំឱ្យ​លោក​រដ្ឋមន្ត្រី​ដោះស្រាយ​។​

    នៅក្នុង​របាយការណ៍​មួយ​របស់​រោងចក្រ​ចុះ​ថ្ងៃទី​២០​ កក្កដា​ ឆ្នាំ​២០១៦​កន្លង ទៅ​ផ្ញើជូន​លោក​ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​សុំ​ដល់​លោក​រដ្ឋមន្ត្រី​ចាត់វិធានការ​ចំពោះ​ឈ្មោះ ​មុំ សុខ​មាន, ​ឈ្មោះ​ណុប ផល្លី និង​ឈ្មោះ​ ខឹម ប៊ុនធឿន ដែល​ញុះញង់​ឱ្យមាន​កូដកម្ម​ខុសច្បាប់​នៅ​ថ្ងៃទី​២៦-២៧-២៨-២៩ ​និង​៣០​ ឧសភា ​ឆ្នាំ​២០១៦​ បណ្តាលឱ្យ​ខាតបង់​ផលិតកម្ម​ក្នុង​ថ្ងៃ​កូដកម្ម​ ចំនួន​៩២១០៩​ដុល្លារ​ និង​ខាតបង់​ប្រយោជន៍​កម្មក​រ​ចំនួន​១៧១៨៣​ដុល្លារ។ លិខិត​សុំ​អន្តរាគមន៍​នេះ​នៅ​ពុំទាន់​មាន​ចម្លើយ​ពី​លោក​រដ្ឋមន្ត្រី​នៅឡើយ៕


 

adverise with khmeread

មតិយោបល់