Unnamed %282%29

ឡាន​បុក​ឡាន រួច​ទៅ​ប៉ះ​ជាមួយ​ម៉ូតូ​កូនសិស្សស្លាប់​មនុស្ស​ម្នាក់​

    កំពង់ធំ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញទំហឹង រួច​ទៅ​ប៉ះ​ជាមួយ​ម៉ូតូ​ទៀត បណ្តាលឱ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​២​នាក់ ស្ថិតនៅលើ​ចំណុច​ផ្លូវ​លេខ​៦២ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤ និង​៣៥ ក្នុងភូមិ​តា​ឡែក ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​០៥ កញ្ញា ឆ្នាំ​២០១៦។​

    ប្រភពពី​កន្លែងកើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​ស៊ីណា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-0822 បើកបរ​ក្នុង​ល្បឿ​ង​យ៉ាង​លឿន មកពី​ខាង​ខេត្តព្រះវិហារ ទៅ​ភ្នំពេញ។ ចំណែក​រថយន្ត​នី​ស្សាន់ ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-5795 ចេញពី​ខេត្តកំពង់ធំ ក្នុង​គោលបំណង​ទៅកាន់​ខេត្តព្រះវិហារ។​

    លុះ​មកដល់​ចំណុច​ខាងលើ រថយន្ត​ម៉ាក​ស៊ីណា ក៏បាន​រេ​ចង្កូត​ទៅបុក​គ្នា​ជាមួយ​រថយន្ត​នី​សាន់​យ៉ាង​ពេញទំហឹង ហើយ​ខ្ទាត​ទៅ​ប៉ះ​នឹង​ម៉ូតូ​១​គ្រឿង​ទៀត បណ្តាល​ឱ្យអ្នកជិះ​ម៉ូតូ​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ។ ហើយ​ភាគី​រថយន្ត​ស៊ីណា​ចំនួន​២​នាក់រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ជួយសង្គ្រោះ។​

    ភាគី​រថយន្ត​ម៉ាក​ស៊ីណា បើកបរ​ដោយ​ឈ្មោះ ហ៊ុន រិ​ន បាន​រត់​គេចខ្លួនបាត់។ ចំណែក​ជនរងគ្រោះ​ជា​អ្នកជិះ​ម៉ូតូ​បាន​ស្លាប់ ឈ្មោះ ​ម៉ន ស៊ីណា ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អ​ណ្តា​ស ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក។​

    ចំណែក​ភាគី​រថយន្ត​ម៉ាក​ស៊ីណា អ្នករួមដំណើរ​ជាមួយ​ដែល​រងរបួស​ទី​១-​ឈ្មោះ ​ឈឿន ស្រៀ​ង ភេទ​ស្រី អាយុ​៣៦​ឆ្នាំ រស់នៅ​ខេត្តកំពង់ចាម​របួសធ្ងន់, និង២-​ឈ្មោះ​ លាង ឆេង​គ្រី អាយុ​៥០​ឆ្នាំ រស់នៅ​ខេត្តកណ្តាល​របួសធ្ងន់។ អ្នកបើករថយន្ត​នីស្សា​ន់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-5795 ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ឈ្មោះ ​ម៉ួ​ង សារី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ។​ ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើនេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ស៊ីណា ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-0822 បើក​លឿន។



    នៅពេល​មកដល់​ចំណុចកើតហេតុ បាន​បើក​វ៉ា​រថយន្ត​១​គ្រឿង​ទៀត ដោយ​រំលោភ​ចូលមក​ចំណែក​ផ្លូវ​អាទិភាព​របស់​ភាគី​ម្ខាង​ទៀត ក៏​បុក​គ្នា​ពេញទំហឹង​តែម្តង ខណៈនោះ គាប់​ជួន​ជនរងគ្រោះ​កំពុងតែ​ជិះ​ម៉ូតូ​ចេញពី​សាលារៀន បំណង​ទៅផ្ទះ​ត្រូវស្លាប់​នៅនឹងកន្លែង​កើតហេតុ៕​

មតិយោបល់