adverise with khmeread These 5 entrepreneurs

សហគ្រិនទាំង ៥ រូបនេះសបញ្ជាក់ថាភាពជោគជ័យអាចកើតឡើងនៅអាយុប៉ុន្មានក៏បាន

យើងរស់នៅក្នុងសម័យកាលមួយ ដែលការទទួលបានភាពជោគជ័យគឺតម្រូវឲ្យរូបអ្នកមានវ័យក្មេង និងអាយុក្រោម ៣០។ គ្មានអ្វីទាស់ខុសទេក្នុងការចាប់ផ្តើមរកស៊ីតាំងពីអាយុនៅក្មេង។ ប៉ុន្តែភាពជោគជ័យក្នុងនាមជាសហគ្រិនមិនចាំបាច់ទាល់តែអ្នកចាប់ផ្តើមរកស៊ីតាំងពីអាយុខ្ទង់ ២០នោះទេ។ តាមពិតទៅអ្នកអាចក្លាយជាអ្វីដែលអ្នកចង់នៅអាយុណាក៏បានដូចដែលឧទាហរណ៍មួយចំនួនបានបង្ហាញក្នុងអតីតកាលស្រាប់។ ខាងក្រោមនេះគឺជាសហគ្រិនជោគជ័យមួយចំនួន ដែលក្លាយជាជោគជ័យក្នុងវិធីផ្សងព្រេងរកស៊ីខុសៗគ្នានៅអាយុលើសពី ៣០ ហើយវាមិនអាចបញ្ឈប់ពួកគេមិនឲ្យក្លាយជាមនុស្សល្បីល្បាញខាងការសម្រេចបានស្នាដៃច្នៃប្រឌិតរបស់ពួកគេបានឡើយ។    

១- លោក រ៉េ ក្រុក (Ray Kroc) ម្ចាស់ក្រុមហ៊ុន McDonald’s
"និយមន័យនៃភាពជាអ្នកលក់គឺសិល្បៈដ៏ទន់ភ្លន់នៃការទុកឲ្យអតិថិជនសម្រេចចិត្តទិញតាមរបៀបដែលអ្នកចង់ឲ្យទិញ"។ - លោក Ray Kroc

កាលនៅវ័យជំទង់ លោក Kroc បានធ្វើការជាអ្នកលក់នៅក្រុមហ៊ុន Lily-Tulip Cup Co។ ការខិតខំប្រឹងប្រែងរបស់លោកក្នុងក្រុមហ៊ុននេះបានធ្វើលោកក្លាយជាកំពូលអ្នកលក់របស់ក្រុមហ៊ុន។ ទោះយ៉ាងណា លោកបានបន្តឈ្មុសឈ្មុលរហូតទទួលបានសិទ្ធិធ្វើទីផ្សារផ្តាច់មុខចំពោះម៉ាស៊ីនផលិតការ៉េមដាក់កែវហៅថា Multimixer។ នៅមុនពេលលោកឈានដល់អាយុ ៥២ ឆ្នាំ ការលក់ម៉ាស៊ីននេះបានធ្លាក់ចុះ។ ទោះយ៉ាងណា អំឡុងពេលដ៏លំបាកនោះ មានភោជនីយដ្ឋានតូចមួយបានបញ្ជាទិញម៉ាស៊ីនរបស់គាត់ចំនួន ៨ គ្រឿងដែរ។ លោកបានចេញក្រៅដើរមើលគ្រប់ភោជនីយដ្ឋានរួចក៏រកឃើញប្រភេទភោជនីយដ្ឋានណា ដែលត្រូវការផលិតការ៉េមកែវម្តង ៤០ កែវ។ ការដែលរកឃើញនេះហើយទើបធ្វើឲ្យគាត់ខ្វារកចង់បានភោជនីយដ្ឋាន McDonald’s ដែលជាកម្មសិទ្ធិរបស់លោក Dick និង លោក Mac McDonald។ លោកបានទិញភោជនីយដ្ឋាន McDonald’s នៅអាយុ ៥២ និងបានប្រែក្លាយភោជនីយដ្ឋាននេះក្លាយជាក្រុមហ៊ុន Franchise ផ្នែកអាហាររហ័សទាន់ចិត្តធំបំផុតរបស់ពិភពលោក។ 

២- លោក​ វ៉លលី ប្លូម (Wally Blume), ម្ចាស់ក្រុមហ៊ុន Denali Flavors
"គោលដៅអាជីវកម្មរបស់យើងគឺត្រូវជឿជាក់លើការប្រឹងប្រែង"។ - លោក Wally Blume

លោក Wally Blume បានចំណាយពេល ២០ ឆ្នាំធ្វើការក្នុងក្រុមហ៊ុនលក់ផលិតផលធ្វើពីទឹកដោះមុនពេលលោកសម្រេចចិត្តចេញផ្សងព្រេង និងចាប់ផ្តើមបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនក្នុងឆ្នាំ ១៩៩៥ ឈ្មោះថា Denali Flavors។ នៅត្រឹមឆ្នាំ ២០០៩ ក្រុមហ៊ុន Denali Flavors រកចំណូលបាន ៨០ លានដុល្លារ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា លោក Wally Blume មានអាយុ ៥៧ ឆ្នាំ នៅពេលគាត់ចាប់ផ្តើមអាជីវកម្មរបស់លោក និងបានធ្វើឲ្យក្រុមហ៊ុននេះជោគជ័យយ៉ាងខ្លាំង។ 

៣- លោកស្រី អារៀនណា ហ៊ូសហ្វ៊ីងថុន (Arianna Huffington), ម្ចាស់ក្រុមហ៊ុនកាសែតអនឡាញ Huffington Post
"ការគ្មានសេចក្តីភ័យខ្លាចមិនមែនបានន័យថាអវត្តមានភាពភ័យខ្លាចនោះទេ។ វាជាការគ្រប់គ្រងភាពភ័យខ្លាចបានយ៉ាងល្អ។ ការគ្មានសេចក្តីភ័យខ្លាចគឺសំដៅលើការក្រោកឡើងឲ្យបានច្រើនជាងពេលដែលយើងដួល"។ - លោកស្រី Arianna Huffington

លោកស្រី Arianna Huffington គឺជានិពន្ធនាយកកាសែតអនឡាញ Huffington Post​ ដែលទទួលបានជ័យលាភីពានរង្វាន់ Pulitzer Prize។ លោកស្រីក៏ជាអ្នកនិពន្ធសៀវភៅចំនួន ១៤ ក្បាលផងដែរ។ លោកស្រីបានចាប់ផ្តើមបើកក្រុមហ៊ុនកាសែត Huffington Post ក្នុងឆ្នាំ ២០០៥ នៅអាយុ ៥៥ ឆ្នាំ។ លោកស្រីអាចមានសមត្ថភាពដឹកនាំក្រុមហ៊ុននេះឲ្យជោគជ័យរហូតដល់ចំណុចមួយ ដែលគាត់បានលក់វាឲ្យទៅក្រុមហ៊ុន AOL ក្នុងតម្លៃជាង ៣០០ លានដុល្លារ ខណៈនៅតែអាចរក្សាតំណែងជានិពន្ធនាយករបស់ស្ថាប័នមួយនេះទៀតផង។ 

៤- លោក ហាលែន សេនឌ័រ (Harland Sanders), ម្ចាស់ក្រុមហ៊ុនមាន់បំពង KFC (Kentucky Fried Chicken)
"អ្នកត្រូវតែស្រឡាញ់ការងាររបស់អ្នក។ អ្នកត្រូវតែចូលចិត្តអ្វីដែលអ្នកកំពុងធ្វើ។ អ្នកត្រូវតែធ្វើអ្វីមួយដែលមានតម្លៃទើបអ្នកអាចចូលចិត្តវាបាន។ ដោយសារតែការដែលវាមានតម្លៃនេះហើយ ទើបអ្នកអាចធ្វើឲ្យមានការផ្លាស់ប្តូរ។ តើអ្នកមិនយល់អ៊ីចឹងទេឬ?"។ – លោក Colonel Sanders

ដោយត្រូវបានគេល្បីហៅថា លោក ខូឡូនែល សេនឌ័រ (Colonel Sanders) និងត្រូវគេស្គាល់មុខគាត់ដែលនៅពីក្រោយអក្សរ KFC លោកសេនឌ័របានចាប់ផ្តើមអាជីពរបស់គាត់ជាម្ចាស់ភោជនីយដ្ឋាននៅអាយុ ៦២ ឆ្នាំ។ គាត់ធ្លាប់ធ្វើការជាអ្នកពន្លត់អគ្គីភ័យនៅស្ថានីយប្រេងមួយ និងធ្លាប់ធ្វើការជាអ្នកលក់ប័ណ្ណធានារ៉ាប់រង។ ក្រោយមក លោកបានបំពេញក្តីបំណងរបស់លោកក្នុងការបម្រើជូននូវមុខម្ហូបមាន់បំពងដែលលោកចូលចិត្តយ៉ាងខ្លាំង ដោយបើកក្រុមហ៊ុន KFC នេះនៅអាយុ ៦២ ឆ្នាំ។  

៥- លោក វ៉លលី អាម៉ូស (Wally Amos), ម្ចាស់ក្រុមហ៊ុនផលិតនំឈ្មោះ Famous Amos Cookies
"ត្រូវជឿថាអ្នកអាចធ្វើវាបាន មិនថាស្ថិតក្នុងកាលៈទេសៈបែបណានោះទេ។ ពីព្រោះប្រសិនបើអ្នកជឿថាអ្នកអាចធ្វើបាន អ៊ីចឹងអ្នកច្បាស់ជាអាចធ្វើបានមែន។ ជំនឿបែបនេះនឹងធ្វើឲ្យអ្នកបន្តស្វែងរកចម្លើយ ហើយមិនយូរប៉ុន្មានអ្នកច្បាស់ជារកឃើញចម្លើយនោះ"។  - លោក Wally Amos

លោក វ៉លលី អាម៉ូស ធ្លាប់ធ្វើការនៅបន្ទប់អ៊ីមែលនៅបុរីញូវយ៉ក ហើយក្លាយជាភ្នាក់ងារតន្ត្រី និងអ្នកគ្រប់គ្រងតារាៗដូចជា អ្នកចម្រៀងលោក Mavin Gaye និងក្រុមចម្រៀងស្រីឈ្មោះ the Supremes ជាដើម មុនពេលចាប់ផ្តើមក្រុមហ៊ុននំដ៏ល្បីរបស់លោកឈ្មោះថា Famous Amos Cookies។ ការធ្វើនំ (បែបនំធុង) គឺជារឿងមួយដែលលោកចូលចិត្តធ្វើខ្លាំងណាស់ ហើយឱកាសចាប់ផ្តើមការផ្សងព្រេងបើកក្រុមហ៊ុនរបស់លោកបានកើតឡើងទាល់តែក្រោយពេលលោកត្រូវបានគេឲ្យខ្ចីលុយចំនួន ២៥.០០០ ដុល្លារ។ លោកបានបើកហាងដុតនំដំបូង នៅពេលលោកហៀបនឹងឈានដល់វ័យ ៤០ ហើយក្នុងរយៈពេលតែ ៥ ឆ្នាំលោកអាចរកលុយបានប្រហែល ១២ លានដុល្លារក្នុងមួយឆ្នាំ៕ 

 

ប្រភព៖ ឡាយហ៊ែក

adverise with khmeread

មតិយោបល់