adverise with khmeread 1 %281%29

លោក Hitzfeld៖ ការតែងតាំង​លោក Zidane ជា​គ្រូបង្វឹក​គឺជា​រឿង​ដ៏​ឆ្កួត​

​អតីត​គ្រូបង្វឹក​ក្លឹប Dortmund, Bayern Munich និង​ប្រទេស Switzerland  លោក Ottmar Hitzfeld បាន​និយាយ​ចំៗ​ចំពោះ​ប្រធានបទ​នៃ​ការផ្លាស់ប្តូរ​គ្រូបង្វឹក​នៅក្នុង​ក្រុម​អធិរាជ​ស Real Madrid ដោយ​លោក​បាន​ប្រាប់​កាសែត Blick របស់​ស្វី​ស​ថា "​លោក Zidane បាន​ចាក់​ឆ្នោត​ត្រូវ​"​។​

​លោក Hitzfeld បាន​បញ្ចេញ​ទស្សនៈ​ចំពោះ​ការសម្រេចចិត្ត​របស់​ក្រុម Real Madrid ក្នុងការ​តែងតាំង​លោក Zidane ថា "​ឆ្កួត​លីលា​" បន្ទាប់ពី​សម្គាល់​ឃើញថា វីរៈបុរស​របស់​បារាំង​រូបនេះ​មាន​គ្មាន​បទពិសោធន៍​ដឹកនាំ​ក្រុម​ធំ​ទេ​។ គាត់​ក៏បាន​ធ្វើការ​រិះគន់​ផងដែរ​ថា "​គាត់​រស់នៅ​យ៉ាង​សុខ​ស្រួល​ជាមួយនឹង​កេរ្តិ៍ឈ្មោះ​របស់គាត់​ជា​កីឡាករ ប៉ុន្តែ​ការដែល​ធ្លាប់ជា​កីឡាករ​អស្ចារ្យ​ម្នាក់ មិន​មានន័យថា​អ្នកនឹង​ក្លាយជា​គ្រូបង្វឹក​ល្អ​នោះទេ​"​។​

​គ្រូបង្វឹក​ចូលនិវត្តន៍​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​ជឿថា លោក Florentino Pérez មានបំណង​ធ្វើ​ឲ្យ​សភាពការណ៍​ជុំវិញ​ក្លឹប​មាន​ភាពស្ងប់ស្ងាត់​។ លោក​ក៏បានផ្តល់​ជា​មតិយោបល់​ផងដែរ​ថា "​លោក Zidane នឹង​ចាប់ផ្តើម​តំណែង​របស់ខ្លួន​នៅក្នុង​ផ្ទះ ដែល​ពិតណាស់​ជាការ​ងារ​ដែល​លោក​ពេញចិត្ត ប៉ុន្តែ​យើង​នឹង​ឃើញថា​តើ​គាត់​អាច​ផ្តល់នូវ​លទ្ធផល​វិជ្ជមាន​ដែរឬទេ ហើយ​ខ្ញុំ​មាន​មន្ទិលសង្ស័យ​អំពី​រឿងនេះ ពីព្រោះ​គាត់​មាន​កាតព្វកិច្ច​ដ៏​លំបាក​។ ក្រុម Real Madrid មាន​បួន​ពិន្ទុ​តាម​ពីក្រោយ​ក្រុម Atlético ហើយ​ក្រុម Barça ធ្លាប់​បំបាក់​ពួកគេ​ដល់​ទៅ ៤-០​។ សម្ពាធ​នេះ​គឺ​ពិត​ជាធំ​"​។​

​បន្ទាប់មក​លោក Hitzfeld ក៏បាន​ប្រៀបធៀប​ពី​ការដឹកនាំ​ក្រុម Real Madrid ទៅនឹង​ការ​កាច់​ចង្កូតរថយន្ត Ferrari ថា "​អ្នក​ត្រូវតែ​គ្រប់គ្រង​ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​ដើម្បី​បញ្ចុះបញ្ចូល​កីឡាករ​ទាំងអស់​ឲ្យ​ធ្វើការ​តស៊ូ រួមទាំង​តារាៗ​មួយចំនួន​ដែល​មិនបាន​លេង​បាល់​។ នេះ​គឺជា​ការងារ​ដ៏​លំបាក​បំផុត​។ ខ្ញុំ​សូម​ជូនពរ​គាត់​ឱ្យមាន​សំណាងល្អ​"៕

​លោក Ottmar Hitzfeld វ័យ ៦៦ ឆ្នាំ​រូបនេះ​ជឿថា ក្រុមបាល់ទាត់​ដូចជា Bayern ជាដើម​នឹងមិន​យក​នរណាម្នាក់​ដូច​លោក Zidane ឲ្យ​មក​ដឹកនាំ​នោះទេ ព្រោះ​ពួកគេ​មិន​ទុកចិត្ត​គ្រូបង្វឹក​ដែល​មិនមាន​បទពិសោធន៍​នោះទេ​៕
 

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់