adverise with khmeread 1

ក្រោយ​ជួយ​លស់​បំណុល​ល្បែង ២ ដង ឪពុក​ម្នាក់នេះ​ដាច់ចិត្ត​ប្រគល់​លុយ​ខ្មោច​ឱ្យ​កូនប្រុស ដែលមាន​មហិច្ឆតា​ក្លាយជា​អ្នកមាន​តាមរយៈ​ល្បែង​យកទៅ​សង​ម្ចាស់បំណុល​

    ​គាត់​ជួយ​សងបំណុល​ល្បែង​កូនប្រុស​របស់គាត់​ពីរដង​មកហើយ ដោយសារ​ទម្លាប់​ញៀន​ល្បែង​របស់​បុរស​វ័យក្មេង​នេះ ប៉ុន្តែ​នៅពេល​កូន​គាត់​សុំឱ្យ​ជួយ​លស់​បំណុល​លើក​ទី​បី គឺ​ចំនួន ១១០.០០០ រីង​ហ្គី​ត (៣៦.៦៣២ ដុល្លារ​) ឪពុក​របស់គាត់​ក៏​ឱ្យ​លុយ​ខ្មោច​ទៅ​គាត់​ទុក​ដោះ​ទាល់​តែម្តង​។​

​    ​អ្នកលក់ដូរ​ចូលនិវត្តន៍​វ័យ ៦០ ឆ្នាំ ដែល​ត្រូវបាន​យាយី​យ៉ាង​អាម៉ាស់​ជា​សាធារណៈ និង​ផ្ទះ​របស់គាត់​ត្រូវបាន​បំផ្លាញ​ពី​ក្រុម​អន្ធពាល​ភ្នាល់​ល្បែង​រូបនេះ ចង់​ផ្ញើ​សារ​ដ៏​ច្បាស់​មួយ​ទៅ​កូន​គាត់​ថា "​ឯង​គ្មាន​ន័យចំ​ពោះ​យើង​តទៅទៀត​ទេ​"​។​

​    ​បុរស​ជា​ឪពុក​ដែល​ចង់​ឱ្យគេ​ស្គាល់​ត្រឹម​លោក Lee បាន​ប្រាប់​អ្នក​ចងការ​ប្រា​ក់ថា "​រយៈពេល ៨ ឆ្នាំ​មកនេះ ខ្ញុំ​បាន​បំពេញ​កាតព្វកិច្ច​ជា​ឪពុក​ម្នាក់​។ ឪពុក​ណា​ក៏​ត្រូវតែ​ជួយ​កូនប្រុស​របស់ខ្លួន​ដែរ​។ ប៉ុន្តែ​បន្ទាប់ពី ៨ ឆ្នាំនេះ អ្នក​ត្រូវតែ​បញ្ឈប់​។ ខ្ញុំ​ចង់​ប្រាប់ Ah Long (​អ្នក​ចងការ​ប្រាក់​) ថា ឈប់​រំខាន​ពួកយើង​តទៅទៀត​។ ខ្ញុំ​ឈឺ ហើយ​ខ្ញុំ​ត្រូវតែ​មើលថែ​ខ្លួន​ខ្ញុំ​។ កុំ​រំខាន​យើង​តទៅទៀត​"​។​

​    ​កូនប្រុស​ញៀន​ល្បែង​ឈ្មោះ Ken បានមក​ជួប​ឪពុក​ជាមួយ​បំណុល​ដំបូង​ចំនួន ១៥០.០០០ រីង​ហ្គី​ត កាលពី​ឆ្នាំ ២០០៩ ដោយ​និយាយថា ខ្លួន​បាន​ខ្ចីលុយ​ពី​អ្នក​ចងការ​ប្រាក់​ចំនួន ៦ នាក់​ដើម្បី​លេងល្បែង​តាម​អន​ឡាញ​។ នៅពេលនោះ​ឪពុក​ខ្លួន​បាន​ជួយ​លស់​បំណុល ហើយ​បាន​បញ្ជូន​រូបគេ​ទៅ​ប្រទេស​អូស្ត្រាលី​ដើម្បី​បន្ត​ថ្នាក់​បរិ​ញ្ញា ដោយ​សង្ឃឹមថា រូបគេ​នឹងមាន​អនាគត​ល្អ​។​

​    ​ប៉ុន្តែ Ken បាន​ដើរ​ផ្លូវ​ចាស់​បន្ទាប់ពី​បញ្ចប់​ការសិក្សា ដោយ​ខ្ចីលុយ​គេ​ចំនួន ៤០.០០០ រីង​ហ្គី​ត​កាលពី​ឆ្នាំ ២០១៣ ដោយ​ខ្លួន​បាន​អះអាងថា នេះ​គឺ​សម្រាប់​មុខ​ជំនួញ ហើយ​សុំឱ្យ​ឪពុក​ជួយ​សង​ម្តងទៀត​។​

​    ​ប៉ុន្មាន​ឆ្នាំ​មកនេះ លោក Lee បាន​និយាយថា ពួក​អ្នក​ចងការ​ប្រា​ក់បាន​បាញ់ថ្នាំ​ពណ៌​ក្រហម​នៅមុខ​ផ្ទះ​របស់គាត់ ក្នុង​គោលបំណង​បង្ខំ​គ្រួសារ​នេះ​ឱ្យ​សងបំណុល Ken​។ 

​    ​រឿង​ដដែល​បាន​កើតឡើង​កាលពី​ខែសីហា​កន្លងទៅ នៅពេល​កូនប្រុស​របស់គាត់​បាន​បាត់​ខ្លួន ហើយ​លោក Lee បាន​ងើប​ពី​ដេក​ជាមួយ​ថ្នាំ​ពណ៌​បាញ់​នៅមុខ​ផ្ទះ​របស់គាត់ និង​ការជូនដំណឹង​អំពី​បំណុល​ដោយ​ក្រុម​អ្នក​ចងការ​ដែលមាន​តម្លៃ ១១០.០០០ រីង​ហ្គី​ត​។ នៅពេលនោះ​ហើយ​ដែល​គាត់​បានធ្វើការ​សម្រេចចិត្ត​ចំពោះ​កូនប្រុស​គាត់​។​

​    ​លោក Lee បាន​ប្រាប់​នៅក្នុង​ស​ន្និសិទ​កាសែត​មួយ​នៅឯ​សមាគម​ចិន​-​ម៉ាឡេស៊ី​សម្រាប់​សេវាកម្ម​សាធារណៈ និង​នាយកដ្ឋាន​ពាក្យបណ្តឹង​ថា "​ខ្ញុំ​គ្មាន​លុយ​ទៀត​ទេ​។ ខ្ញុំ​មានតែ​លុយ​ខ្មោច​។ ប្រសិនបើ Ah Long នៅតែ​ឱ្យ​លុយ​កូនប្រុស​ខ្ញុំ​ខ្ចី ហើយ​ព្យាយាម​ទារ​ពី​ខ្ញុំ ខ្ញុំ​គ្មាន​លុយ​សង​ទៀត​ទេ​"​។​

​    ​លោក Lee និង Ken បាន​ស្វែងរក​ជំនួយ​ពី​ប្រធាន​សមាគម​លោក Michael Chong ចំពោះ​បញ្ហា​នេះ ហើយ​ម្តងទៀត កូនប្រុស​អាយុ ២៨ ឆ្នាំ​រូបនេះ​សុំឱ្យ​ឪពុក​ជួយ​។ លោក Lee ក៏បាន​ឱ្យ​លុយ​ខ្មោច​ទៅ​រូបគេ​។​

​    ​លោក Michael Chong បាន​និយាយថា "​ខ្ញុំ​បានធ្វើ​ការងារ​នេះ​អស់​រយៈពេល ៣០ ឆ្នាំ​មកហើយ ហើយ​ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ចំពោះ​រឿងនេះ​។ ខ្ញុំ​បាន​សួរ​គាត់​ហេតុអ្វី​បានជា​ខ្លួន​នៅតែ​ធ្វើបែបនេះ​ចំពោះ​គ្រួសារ Ken បាន​និយាយថា '​ខ្ញុំ​អាច​ក្លាយជា​អ្នកមាន​នៅពេល​ខ្ញុំ​លេងល្បែង​។ ខ្ញុំ​សង្ឃឹមថា ថ្ងៃ​ណាមួយ​ខ្ញុំ​អាច​ឈ្នះ​ហើយ​សងលុយ​ទាំងអស់នោះ​'​។ ប៉ុន្តែ​មើលចុះ​ថា​តើ​គាត់​បាន​សាង​អ្វីខ្លះ​"​។​

​    ​គួរ​បញ្ជាក់ថា ឪពុក​កូន​នេះ​ជា​ជន​ជាតិចិន​ម៉ាឡេស៊ី រស់នៅ​សិង្ហ​បុរី​៕

 

adverise with khmeread
ប្រភព៖ straitstimes

អ្នកនឹងចូលចិត្ត

មតិយោបល់