adverise with khmeread Castle bravo

ដឹង​អត់ គ្រាប់បែក​អ៊ីដ្រូសែន​របស់​កូរ៉េខាងជើង​សាហាវ​ជាង​គ្រាប់បែកបរមាណូ​ធម្មតា​កម្រិតណា​?

​    ​កាលពី​ថ្ងៃ​ពុធ​កូរ៉េខាងជើង​បានប្រកាស​ក្តែ​ងៗ​ថា​ខ្លួន​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន "​ជោគជ័យ​" ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​។ ប្រសិនបើ​ការ​លើក​ឡើង​នោះ​ជាការ​ពិតមែន​នោះ វា​ច្បាស់​ជា​ដំណឹង​ដ៏​អាក្រក់​បំផុត​សម្រាប់​ប្រទេស​ទាំងឡាយ​លើ​ពិភពលោក ព្រោះ​អំណាច​ដ៏​ប្រល័យ​របស់​គ្រាប់បែក​អ៊ីដ្រូសែន​ខ្លាំងខ្លា​ជាង​គ្រាប់បែកបរមាណូ​ដែល​ទម្លាក់​នៅ​ជប៉ុន​ក្នុង​ឆ្នាំ ១៩៤៥ ដល់​ទៅ ១០០០ ដង​ឯណោះ​។ 

​    ​បើ​គិត​ត្រួសៗ​ទៅ​វា​ជាការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​បួន​ហើយ​របស់​កូរ៉េខាងជើង​។ ការសាកល្បង​បី​ដង​លើក​មុន ដែល​ធ្វើឡើង​នៅ​ចន្លោះ​ឆ្នាំ ២០០៦ និង ២០១៣ គឺ​សុទ្ធតែជា​គ្រាប់បែកបរមាណូ​កម្លាំង​ប្រហែល​គ្នា​នឹង​គ្រាប់បែកបរមាណូ​ដែល​បំផ្លាញ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា និង​ទីក្រុង​ណា​កា​សា​គិ ដែល​សម្លាប់​មនុស្ស​ជាង ២ ម៉ឺន​នាក់​ប៉ុណ្ណោះ​។ 

* ការប្រៀបធៀប​រវាង​គ្រាប់បែកបរមាណូ និង​គ្រាប់បែក​អ៊ីដ្រូសែន

​    ​គ្រាប់បែកបរមាណូ​ចាប់ផ្តើម​បង្ហាញ​រូបរាង​ដំបូង​គឺ​ក្នុងសម័យ​សង្គ្រាមលោកលើកទី​ពីរ​។ គ្រាប់​នេះ​ពឹង​ទៅលើ​ការប៉ះទង្គិច​របស់​នី​ត្រុ​ង​ជាមួយនឹង​ស្នូល​អាតូម​ក្នុង​ដំណើរការ​មួយ​ហៅថា Fission ដែល​បញ្ចេញ​នី​ត្រុ​ង​ច្រើន​និង​បញ្ចេញ​អានុភាព​បំផ្លាញ​ក្នុង​បរិមាណ​ដ៏​ខ្លាំងក្លា​។​

​    ​គ្រាប់បែក​អ៊ីដ្រូសែន​ចាប់ផ្តើម​ផ្ទុះ​តាមរបៀប​ដូចគ្នា​នឹង​គ្រាប់បែកបរមាណូ​ដែរ ប៉ុន្តែ​វា​មាន​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ជាង​។ ចំហាយ​ក្តៅ​របស់​គ្រាប់​អ៊ីដ្រូសែន​អាច​ឡើងដល់​ទៅ​រាប់ពាន់​អង្សា​ឯណោះ ដោយសារតែ​ធាតុគីមី​ឈ្មោះ អ៊ីសូតូប (Isotope) របស់​អ៊ីដ្រូសែន​បាន​ចូលរួម​ជាមួយគ្នា​ក្នុង​ដំណើរការ​មួយ​ហៅថា Fusion​។ វា​ជា​ប្រភេទ​ប្រតិកម្ម​ដូចគ្នា​ដែល​ជួយ​ធ្វើឱ្យ​តារា​លើ​មេឃ​ធ្វើ​ចលនា​។ 

​    ​ដំណាក់កាល​ទី​ពីរ​នៃ​ប​ន្ទុះ​របស់​គ្រាប់​អ៊ីដ្រូសែន​នឹង​បង្កើតបានជា​ការផ្ទុះ​មួយ​ខ្លាំង​ជាង​ទំហំ​នៃ​ការផ្ទុះ​របស់​គ្រាប់​បរមាណូ​ធម្មតា​ឆ្ងាយ​ណាស់​។  ប​ន្ទុះ​នេះ​គួរតែ​វាស់​គិត​ជា​មេ​ហ្គា​តោន (Megaton) ស្មើនឹង​មួយ​លាន​តោន​នៃ​ម្សៅ TNT ជំនួស​ឱ្យ​ការ​វាស់​ក្នុង​ខ្នាត​គិត​ជា​គីឡូតោន​ដែល​ធ្វើឡើង​ក្នុង​ឆ្នាំ ១៩៤៥​។ 

​    ​លោក Takao Takahara សាស្ត្រាចារ្យ​ផ្នែក​នយោបាយ​អន្តរជាតិ និង​ស្រាវជ្រាវ​សន្តិភាព​នៅ​សាកលវិទ្យាល័យ Meiji Gakuin University ក្នុង​ក្រុង​តូ​ក្យូ​បាន​មានប្រសាសន៍ថា "​ចូរ​ស​ម្រៃ​មើលថា​នឹងមាន​អ្វី​កើតឡើង​នៅក្នុង​ព្រះអាទិត្យ​។ តាម​ទ្រឹស្តី ដំណើរការ Fusion គ្មាន​ដែន​កំណត់ឱ្យ​ពិតប្រាកដ​ទេ​។ បរិមាណ​នៃ​អំណាច​ផ្ទុះ​របស់​វា​គឺ​ពិត​ជាធំ​ខ្លាំងណាស់​"​។ 

​    ​បើ​ចង់​បង្កើត​គ្រាប់​អ៊ីដ្រូសែន​បាន គេ​តម្រូវឱ្យមាន​បច្ចេកវិជ្ជា​ទំនើប អាច​ត្រួតត្រា​បាន និង​សុ​ក្រិត​ជាង​បច្ចេកវិជ្ជា​ដែល​យើង​ឃើញ​ក្នុង​គ្រាប់បែកបរមាណូ​ធម្មតា បើទោះបីជា​គ្រាប់បែកនុយក្លេអ៊ែរ​ទាំង​ពីរ​ប្រភេទ​នេះ​ប្រើប្រាស់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម និង ភ្លុ​យ​តានី​ញ៉ូ​ម​សម្រាប់​បំផ្ទុះ​ដូចគ្នា​ក៏ដោយ​។ 

​    ​អ្វីដែល​ពិភពលោក​ខ្លាចរអា​គឺថា គ្រាប់បែក​អ៊ីដ្រូសែន​នីមួយៗ​សុទ្ធតែ​អាច​ផលិត​ក្នុង​ទំហំ​តូច​ល្មម​អាច​បំពាក់​លើ​ក្បាល​គ្រាប់​កាំជ្រួច​មី​ស៊ី​ល​អន្តរជាតិ​បាន​ទាំងអស់​។ នេះហើយ​គឺជា​កង្វល់ ប្រសិនបើ​ការលើកឡើង​របស់​កូរ៉េខាងជើង​គឺជា​ការពិត​មែន​នោះ​៕

adverise with khmeread
ប្រភព៖ news.com.au

មតិយោបល់