ភ្នំពេញ ៖ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ទំនាស់យកដុំថ្មគប់បណ្តាលឱ្យរបួសក្បាល) កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង០១រំលងអាធ្រាត្រ នៅចំណុច ផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប៉ូលិសនិយាយថា កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ កែវ ឧត្តម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ទំនាស់យកដុំថ្មគប់បណ្តាលឱ្យរបួសក្បាល)។
រីឯជនរងគ្រោះឈ្មោះ នន់ សុខន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប៉ូលិសបន្តថា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង២១ នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនសង្ស័យបានយកដុំថ្មគប់ទៅលើជនរងគ្រោះក្រោយមានទំនាស់បន្តិចបន្តួច។
វត្ថុតាងចាប់យកមាន៖ ដុំថ្មចំនួន ០១ ដុំ (ជាមធ្យោបាយជនសង្ស័យធ្វើសកម្មភាព)។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
