វីដេអូខាងក្រោមនេះបានបង្ហាញពីអំឡុងពេលដ៏គួរឱ្យភ្ញាក់ផ្អើលដែលកីឡាកររបស់ក្រុម Atletico Quilmes ម្នាក់បានដាល់អាជ្ញាកណ្តាលចូលកញ្ចប់មុខក្នុងអំឡុងការប្រកួតមួយក្នុងលីកលំដាប់ទាបរបស់ប្រទេសអាហ្សង់ទីន។
តាមសេចក្តីរាយការណ៍ កីឡាករ Leonardo Vera ដែលជាម្ចាស់កណ្តាប់ដៃនៅលើផ្ទៃមុខអាជ្ញាកណ្តាលរងគ្រោះ បានស្បថអ្វីមួយទៅកាន់អាជ្ញាកណ្តាលលោក Silvio Ruiz នៅពាក់កណ្តាលការប្រកួត ដោយធ្វើឱ្យការប្រកួតបញ្ឈប់មួយសន្ទុះ។
អាជ្ញាកណ្តាលកាត់សេចក្តីនៅលើទីលានបានតតាំងជាមួយខ្សែការពាររូបនោះ ហើយបន្ទាប់មករូបគេក៏រុញអាជ្ញាកណ្តាល។
ដោយឃើញអាជ្ញាកណ្តាលលូកហោប៉ៅបម្រុងដកកាតក្រហម Vera បានផ្ទុះកំហឹងយ៉ាងខ្លាំង និងបានដាល់លោក Ruiz មួយដៃចំពេញកញ្ចប់មុខ។
ក្រោយដាក់បានពីរបីដៃបន្ថែមទៀតនោះ មិត្តរួមក្រុមរបស់ Vera បីនាក់បានចូលមកជួយទប់កំហឹងដ៏ក្លៀវក្លារបស់គាត់។
ការប្រកួតត្រូវបានបោះបង់ចោលខណៈពេលលទ្ធផល Atletico Quilmes 0-0 Sportivo Norte៕
