adverise with khmeread 1

ប៉ូលិស​បញ្ចេញ​របាយការណ៍​លម្អិត​ករណី​ផ្ទុះ​គ្រាប់បែក​នៅ​សង្កាត់​បឹង​កេងកង​៣

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌចំការមន​ បាន​បញ្ចេញ​រប​យ​ការណ៍​នៅ​ល្ងាច​ថ្ងៃទី​៧ ​កញ្ញា​នេះ​ លម្អិត​ជុំវិញ​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​ខណ្ឌចំការមនកាលពី​ពេលយប់​ បណ្តាលឱ្យ​មនុស្ស​៤​នាក់​រងរបួស និងខូច​យានយន្ត​៤​គ្រឿង។​

    យោងតាម​របាយការណ៍​ប្រចាំថ្ងៃ របស់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌចំការមន នៅ​ថ្ងៃទី០៦​ កញ្ញា ​ឆ្នាំ​២០១៦ ម៉ោង៧ ​និង​៣០​នាទី មាន​ករណីផ្ទុះ​គ្រាប់បែក​១លើក កើតឡើង​ត្រង់​មុខផ្ទះ​លេខ​៤២២ ផ្លូវ១៦៣ ក្រុម៥៤ ភូមិ២ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រងរបួស​ជនរងគ្រោះ​ចំនួន​៤ នាក់(​ស្រីម្នាក់​) មានឈ្មោះ​ដូចខាងក្រោម៖ ទី១.ឈ្មោះ ហ្វី​ង ហ៊ី​វ ភេទប្រុស អាយុ​៣៨ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ លក់​ខោ​-​អាវ​ជជុះ​បោះ​ដុំ ស្នាក់នៅផ្ទះ​លេខ៤០ ផ្លូវ៤៥៦ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន (រងរបួស​ស្រាល ត្រូវចំ​កណ្តៀតខ្អម​ខាង​ឆ្វេង ដើមដៃ​ស្តាំ និង​ខ្នង​ខាងក្រោយ ឈរនៅ​កន្លែងកើតហេតុ), ២.​ឈ្មោះ ចាន់ វ៉ាន់​នី ភេទស្រី អាយុ៣៧ឆ្នាំ ខ្មែរ មុខ​របរ​គ្រូបង្រៀន​ភាសា​អង់គ្លេស ស្នាក់​នៅផ្ទះ​គ្មាន លេខផ្លូវ៥៨២សង្កាត់បឹងកក់​២ ខណ្ឌទួល​គោក (រងរបួស​ធ្ងន់ ត្រូវ​ក្បាល​ចំហៀង​ខាងឆ្វេង ត្រកៀក​ខាងឆ្វេង និង​ខ្នង​ខាងក្រោយ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រដោយ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក ហ្សូ​មមើ ពណ៌ស សេរី២០១៦ ពាក់​ស្លាកលេខ 1FZ-1464 ភ្នំពេញ), ៣.ឈ្មោះ ដាយ មិន​ដ្រា ភេទប្រុស អាយុ៣២ឆ្នាំ
ជនជាតិឥណ្ឌា មុខរបរ គ្រូបង្រៀន​ភាសា​អង់គ្លេស ស្នាក់​នៅផ្ទះលេខ៤៥​អឺ​២ ផ្លូវ៣៥០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន (រងរបួស​ស្រាល ត្រូវ​ចង្កេះនិង​របួស​ដៃស្តាំ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​សូ​វៀត ដោយ​ជនរងគ្រោះ​ជិះ​ម៉ូតូឌុប) និង​៤-​ឈ្មោះ សេង ជា ភេទប្រុស អាយុ៥៨ឆ្នាំ ខ្មែរមុខរបរ មន្ត្រីនាយកដ្ឋាន​បុគ្គលិក​ក្រសួងមហាផ្ទៃ ស្នាក់នៅ​ភូមិដើម​ចាន់ ផ្លូវ៣៦៩ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ (រងរបួស​ស្រាល ត្រូវ​ខាងក្រោយ​ខ្នង​ខាង ឆ្វេងសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ រួច​ចេញទៅ​សំរាក​ផ្ទះ​វិញ)។​

    ហេតុការណ៍​នេះ​បណ្តាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ​មួយចំនួន រួមមាន​ដូចខាងក្រោម ទី​១.ឈ្មោះ ជឹម វុ​ទ្ធា​នី ភេទស្រីអាយុ២៨ឆ្នាំ ខ្មែរមុខរបរ គ្រូបង្រៀន​ភាសា​អង់គ្លេស ស្នាក់​នៅផ្ទះ​លេខ២៤​អឺ​០ ផ្លូវ៣៣៦ សង្កាត់​វាលវង់ ខណ្ឌ៧មករា (មិន​រងរបួស,​ ខូចខាត​រថយន្ត​ម៉ាកហាយ​ឡេ​ន​ឌើ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ 2AB-6607 ភ្នំពេញ  ដោយ​ធ្លុះ​ដំបូល​គំរប​ម៉ាស៊ីន​ខាងមុខ ,​បែក​កង់​ខាងឆ្វេង​មុខក្រោយ​ទាំងពីរ និង​បែកកាទែ​ម៉ាស៊ីន​ធ្លាយ ហូរ​ប្រេង ទី​២.ឈ្មោះ សូ ណា​ម ភេទប្រុស អាយុ៤៥ឆ្នាំ ខ្មែរមុខរបរ មន្ត្រី​នាយកដ្ឋាន​ជលផល ស្នាក់​នៅផ្ទះ​លេខ១៦ ផ្លូវ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា ( មិន​រងរបួស,​ ខូចខាត​រថយន្ត​ម៉ាក ឡិច​ស៊ី​ស RX400 ពណ៌ស ពាក់​ស្លាក​លេខ 2U-7352 ភ្នំពេញ ត្រូវ​អំបែង​គ្រាប់បែក​កង់​រថយន្តទាំងពីរ​​ខាងឆ្វេង,​ កញ្ចក់​រថយន្ត​ខាងមុខ​ប្រេះ ស្រាំ, ​ទ្វារ​រថយន្ត​ខាងមុខ​ប្រេះស្រាំ​កញ្ចក់ និង​ទ្វា​រថយន្ត​ខាងក្រោយ​ចំហៀង​ខាងឆ្វេង​បែក​កញ្ចក់ និង​ជ​ញ្ចាំ​ងទ្វារ រថយន្ត​ខាងឆ្វេង​ត្រូវ​ធ្លុះ​ជាច្រើន​កន្លែង​ហើយ​មាន​រោល​ផ្សែងខ្មៅ​នៅ​កាង​រថយន្ត​ខាងមុខ​ចំហៀង​ខាងឆ្វេង (អ្នកធ្វើ​តាមផ្លូវ ពុំមាន​គំនុំ​ជាមួយ​អ្នកណា​ទេ)និង​ទី​៣.ឈ្មោះ វណ្ណ ថា ភេទប្រុស អាយុ៤៤ឆ្នាំ ខ្មែរ មុខរបរយោធា ស្នាក់​នៅផ្ទះ​លេខ៩៨C ផ្លូវវេ​ង​ស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ (មិន​រងរបួស, ​ខូចខាត​រថយន្ត​ម៉ាក តា​តូ​ម៉ា ពណ៌ទឹកប្រាក់ ពាក់​ស្លាក​លេខ 2Y-7136 ត្រូវ​បែក​កង់​ក្រោយ​ខាងឆ្វេង​ចត​លើ​ចិញ្ចើមផ្លូវ) ​និង ទី​៤.ឈ្មោះ សុខហេង ភេទប្រុស អាយុ៤៤ឆ្នាំ ខ្មែរ មុខរបរលក់ដូរ ស្នាក់​នៅផ្ទះ​លេខ១០៧ ផ្លូ​វ២០១១ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ (មិន​រងរបួស, ​ខូចខាត​រថយន្តម៉ាក តូយ៉ូតា​ហ៊ី​លុច​រី​វ៉ូ​ពី​បាំង​កន្លះ ពណ៌ស ពាក់​ស្លាក​លេខ 2AI-6775 ត្រូវ​ជ​ញ្ចាំ​ង​ខាងឆ្វេង បែក​កញ្ចក់​រថយន្ត​ទ្វា​មុខ​-​ក្រោយ​ទាំងពីរ ខាងឆ្វេង និង​បែក​កង់រថយន្ត​ក្រោយ​ខាងឆ្វេង។​

    ចំពោះ​រថយន្ត ក្រោយពេល​ប្រតិបត្តិការ​ចប់ សមត្ថកិច្ច​បានប្រគល់​អោយ​ជនរងគ្រោះ​ទាំងអស់ ដោយឡែក ម៉ូតូ​ម៉ាក ហ្សូ​មមើ រក្សាទុក​នៅ​ប៉ុស្តិ៍ជា​បណ្តោះអាសន្ន។​

    របាយការណ៍​បន្តថា នៅ​ថ្ងៃទី០៦ ​កញ្ញា​ ២០១៦ ម៉ោង​ប្រហែល៧ ​និង​៣០​នាទី​ជនរងគ្រោះ​ឈ្មោះ ជឹម វុ​ទ្ធា​នី បាន​បើករថយន្ត ម៉ាក ហាយ​ឡេ​ន​ឌើ ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ 2AB-6607 ដោយ​ជិះ​ម្នាក់ឯង​ចេញពី​បង្រៀន​ភាសា​អង់គ្លេស នៅ​សាលា​បញ្ញា​សាស្ត្រ ក្នុង​គោលបំណង
​ទៅផ្ទះ​នៅក្រោយ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ធ្វើដំណើរ​តាមផ្លូវ១៦៣ ទៅ​ទិស​ខាងជើង។​

    លុះ​មកដល់​ចំណុច​មុខ​កើតហេតុ​ខាងលើ មាន​រថយន្ត​ម៉ាក ឡិច​ស៊ី​ស RX400 ពណ៌ស ជិះ​ពី​ខាងមុខ​រថយន្ត​របស់​គាត់ ពេលនោះ​គាត់​បានឮសំឡេង​ផ្ទុះ​លាន់​ផូង គាត់​ស្មានតែ​ផ្ទុះ​កង់​ឡាន ហើយមាន​ហ៊ុយ​ផ្សែង​ពីមុខ​ឡាន​របស់គាត់ និង​មាន​ស្នាម​បែក​កញ្ចក់​ខាងឆ្វេង ហើយ​បាន​បើក​អែម​មកចិញ្ចើមផ្លូវ​ខាងស្តាំ រីឯ​រូបគាត់​បាន​បើករថយន្ត​បន្ត​ទៅមុខទៀត។​

    បន្ទាប់មក​គាត់​បើក​ទៅមុខ​បាន​បន្តិច​ឡាន​របស់គាត់​បាន​បែក​កង់ ខាងមុខ​-​ក្រោយ ផ្នែក​ខាងឆ្វេង បន្ទាប់មក​គាត់​បាន​ចុះមក​ពិនិត្យឃើញ​ឡានរបស់គាត់​បាន​បែក​កាទែ​ម៉ាស៊ីន​ខាងមុខ និង​ហៀ​ប្រេងម៉ាស៊ីន និង​ធ្លុះ​ដំបូង​ខាងមុខ បន្ទាប់មក​គាត់​បាន​ទូរស័ព្ទ​ទៅ​ឪពុក របស់គាត់​ឱ្យមក​បើកឡានយកទៅ​ទុក​នៅផ្ទះ ហើយ​គាត់​បាន​បញ្ជាក់ថា ពុំដែល​ធ្លាប់​មានទំនាស់​ជាមួយ​អ្នកណាម្នាក់​ទេ​។​

    របាយការណ៍​ពុំទាន់​បានបញ្ជាក់​អំពី​មុខសញ្ញា​នោះ​ជា​អ្នកណា និង មូលហេតុ​អ្វី​នៅឡើយ។​

    ជុំវិញ​ករណីនេះ​សមត្ថកិច្ច​បាន​បង្ហើប​ថា សមត្ថកិច្ច​មាន​ពន្លឺ​គ្រប់គ្រាន់​ហើយ បច្ចុប្បន្នកំពុង​​​តាម​ប្រ​ម៉ាញ់​ចាប់ខ្លួន​ជនល្មើស​មក​ផ្តន្ទាទោសតាមច្បាប់៕​

adverise with khmeread

មតិយោបល់