adverise with khmeread 14285435 1113357615417779 1035250558 o

សហភាព​មួយ​សម្រេច​ដើរ​ចេញពី​ NACC ​ដោយ​ការបោះឆ្នោត​សម្លេង​ភាគច្រើន​

    ភ្នំពេញ ៖ សហភាព​សហជីព​មរ​តក​ជាតិ​កម្ពុជា (CCTUH) បានសម្រេច​ចិត្ត​សុំ​ចាក​ចេញពី សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា (NACC) ដោយសារ​មានការ​កោះប្រជុំ​ពិភាក្សា​ក្រុមប្រឹក្សា​ភិ​បាល​របស់​សហ​ជីព​នេះ នៅ​ប៉ុន្មាន​ថ្ងៃ​មុននេះ និង​បាន​ឯកភាព​បោះឆ្នោត​យល់ព្រម​នៃ​ការចាកចេញ​ពី NACC ដោយ​សម្លេង​ភាគច្រើន​។​

    លោក​ តុល ផាន់​មឿង ​ប្រធាន ​CCTUH បានធ្វើ​លិខិតផ្លូវការ​ផ្ញើជូន​លោក សោម អូន ប្រធាន NACC​ ចុះ​ថ្ងៃទី​៥​ កញ្ញា​កន្លងទៅ ដែល​នៅក្នុង​កម្មវត្ថុ​បាន​បញ្ជាក់ថា​ "សំណើសុំ​លាលែង​ចេញ​ពីស​មា​ជិ​ក​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​NACC"។​

    លោក​ តុល ផាន់​មឿង បន្តថា "នៅ​ថ្ងៃទី​៥​ កញ្ញា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​២​រសៀល​យើងខ្ញុំ​បាន​ប្រជុំ​ក្រុមប្រឹក្សាភិបាល ​ដើម្បី​ពិភាក្សា​ផ្ទៃក្នុង​ករណី សហភាព​សហជីព​មរ​តក​ជាតិ​កម្ពុជា​លាលែង​ចេញពី​សមាជិក​ NACC ដោយមាន​ការចូលរួម​៧​រូប អវត្តមាន​មួយរូប។ ក្រោយពី​ពិភាក្សា​យ៉ាង​ល្អិតល្អន់ សមាជិក​ក្រុមប្រឹក្សា បាន​ឯកភាព​ដោយ​ធ្វើការ​បោះឆ្នោត​ដោយ​សម្លេង​ឯកភាព​យល់ព្រម​ចេញពី​សមាជិក ​NACC​ មាន​ចំនួន​៥​សម្លេង មិន​ព្រម​បោះឆ្នោត​២​សម្លេង"​។ ​ដូច្នេះ សហភាព​សហជីព​មរ​តក​ជាតិ​កម្ពុជា​បាន​ឯកភាព​ចេញពី ​NACC ដោយ​សម្លេង​ភាគច្រើន តាម​លក្ខណៈ​ប្រជាធិបតេយ្យ។​

    សូមបញ្ជាក់ថា លោក​ តុល ផាន់​មឿង ប្រធាន​សហភាព​សហជីព​មរតក​ជាតិ​កម្ពុជា ដែលមាន​សហព័ន្ធ​សហជីព​ចំនួន​៥​នៅ​ចំណុះ នឹង​ឡើងកាន់ដំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​(CCNU)​ នា​ថ្ងៃទី​១​ មករា​​ ឆ្នាំ​២០១៧​ខាងមុខនេះ ដែលមាន​អាណត្តិ​រយៈពេល​មួយឆ្នាំ​៕​

adverise with khmeread

មតិយោបល់