adverise with khmeread 1

វេ​ប​សាយ​រុស្ស៊ី​មួយ​លើកឡើងថា គិញ​សម្ងាត់​បរទេស​ជា​អ្នក​រៀប​ផែនការ​សម្លាប់​សូ​ហ្វ័​រ​ឡាន​លោកពូ​ទីន​

    ​រថយន្ត​ផ្លូវការ​របស់​ប្រធានាធិបតី​រុស្ស៊ី​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​រថយន្ត​ក្នុង​រដ្ឋធានី​មូ​ស្គូ​កាលពី​ថ្ងៃ​អង្គារ ទី ៦ កញ្ញា​។ 

​    ​រថយន្ត BMW ពណ៌​ខ្មៅ​របស់​ប្រធានាធិបតី​ខ្ទេច​សល់​តែ​ដែក​អេតចាយ បន្ទាប់ពី​វា​បាន​បុក​ជាមួយ​រថយន្ត Mercedes  មួយគ្រឿង​ទៀត​ដែល​បើក​បញ្ច្រាសទិស​គ្នា​នៅលើ​វិថី​ដ៏​មមាញឹក​មួយ​។ 

​    ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​រាយការណ៍​ថា រថយន្ត​នេះ​ត្រូវបាន​បើក​ដោយ "​សូ​ហ្វ័​រ​ឡាន​សំណព្វចិត្ត​" របស់​លោកពូ​ទីន ដែល​ស្លាប់​ភ្លាមៗ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​។ 

​    ​លោកពូ​ទីន​មិនបាន​ស្ថិតនៅក្នុង​រថយន្ត​នោះទេ ពេល​ជួប​ឧបទ្ទវ​ហេតុនេះ​។ 

​    ​ក្រុមគ្រូពេទ្យ​បាន​ប្រញាប់​ទៅ​កន្លែងកើតហេតុ​ភ្លាមៗ ប៉ុន្តែ​ជនរងគ្រោះ​ដែលមាន​បទពិសោធន៍​បើកបរ ៤០ ឆ្នាំ​បាន​ស្លាប់​ភ្លាមៗ​ទៅហើយ​។ 

​    ​ប៉ូលិស​បញ្ជាក់ថា ពួកគេ​បាន​បើក​ការស៊ើបអង្កេត ដោយ​មិន​ផ្តល់នូវ​ព័ត៌មាន​លម្អិត​បន្ថែម​ទេ ដោយ​ញ៉ាំងឱ្យមាន​ការសន្និដ្ឋាន​ជុំវិញ​ការស្លាប់​នេះ​។ 

​    ​ឥឡូវនេះ ការអះអាង​មិន​ផ្លូវការ​ថា​គ្រោះថ្នាក់​នេះ​ជា​ផែនការ​ធ្វើឃាត ដែល​អនុវត្ត​ដោយ "​គិញ​សម្ងាត់​បរទេស​" កំពុង​ផុសផុល​ពេញ​អន​ឡាញ​។ 

តើ​ឃាតករ​កំពុង​ទាញ​សព​សូ​ហ្វ័​រ​ឡាន​?

​    ​យោងតាម​វេ​ប​សាយ Millennium Report ដែលមាន​ទំនោរ​គាំទ្រ​លោកពូ​ទីន​បាន​លើកឡើងថា ផែនការ​ធ្វើឃាត​នេះ​ធ្វើឡើង​ដោយ​គិញ​សម្ងាត់​លោកខាងលិច ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ពី​ក្នុង​ទីក្រុង​មូ​ស្គូ​។ 

​    ​ក្នុង​អត្ថបទ​មួយ​ចំណងជើង​ថា "​តើ​ក្រុម​ឧក្រិដ្ឋជន​អន្តរជាតិ​ទើបតែ​ផ្ញើ​សារ​ទៅ​ប្រធានាធិបតី​វ្ល៉ា​ឌី​មៀរ ពូ​ទីន​?" វេ​ប​សាយ​នោះបាន​លើកឡើងថា ការធ្វើឃាត​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​ដ៏​ទូលំទូលាយ​របស់ "​អង់គ្លេស​-​អាមេរិក​" ដើម្បី​កម្ចាត់​មនុស្ស​ជំនិត​របស់​លោកពូ​ទីន​។ 

​     វេ​ប​សាយ​នេះ​អះអាងថា ក្រុម​ឧក្រិដ្ឋជន​អន្តរជាតិ​ហៅថា "AAA cabal" ចង់​ដណ្តើម​ការគ្រប់គ្រង​សម្បត្តិ​ធម្មជាតិ​របស់​រុស្ស៊ី រួមទាំង​ប្រេង ឧស្ម័ន មាស និង​អ៊ុយ​រ៉ានី​ញ៉ូ​ម​។ 

​    ​នៅលើ​វេ​ប​សាយ​នោះ Millennium Report បាន​ពណ៌នា​ខ្លួនឯង​ជា "​ស្ថាប័ន​ព័ត៌មាន​គួរឱ្យ​ទុកចិត្ត​" ដែល​ផ្តល់ព័ត៌មាន​ថ្មី​បំផុត និង​សុ​ក្រិត​បំផុត​ដែល​អាច​រកបាន​តាម​អ៊ី​ន​ធឺ​ណេ​ត​។ 

​    ​ការអះអាង​ថា​មាន​គិញ​សម្ងាត់​បរទេស​រៀប​ផែនការ​សម្លាប់​សូ​ហ្វ័​រ​ឡាន​ជំនិត​របស់​លោកពូ​ទីន​បានធ្វើឱ្យ​វេ​ប​សាយ Millennium Report ក្លាយជា​វេ​ប​សាយ​ផ្តល់ព័ត៌មាន​មិន​ពិត និង​ទំនង​មាន​ចេតនា​នយោបាយ​។ 

​    ​រូបភាព​កាមេរ៉ា​សុវត្ថិភាព CCTV បង្ហាញថា រថយន្ត BMW បាន​បើកបរ​លឿន​ហួស​ដែន​កំណត់​សុវត្ថិភាព​មុនពេល​បាត់បង់​ម្ចាស់ការ​។ ស្ថានភាព​របួស​របស់​អ្នកបើកបរ​រថយន្ត​ផ្សេងទៀត​នៅ​មិនទាន់​ដឹង​ទេ​។ 

​    ​គ្មាន​ការ​លើកឡើងថា ហេតុការណ៍​គ្រោះថ្នាក់​រថយន្ត​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការធ្វើឃាត​ដូច​ការលើកឡើង​របស់​វេ​ប​សាយ Millennium Report ទេ​។ 

​    ​គ្រោះថ្នាក់​នេះ​បានធ្វើឱ្យ​មានការ​បារម្ភ​អំពី​សុវត្ថិភាព​របស់​មេដឹកនាំ​រុស្ស៊ី នៅពេល​ជិះ​រថយន្ត​ផ្លូវការ​។ 

​    ​ហេតុការណ៍​នេះ​កើតឡើង បន្ទាប់ពី​មេៗ​ចារកម្ម​អាមេរិក​លាតត្រដាង​ថា ពូ​ទីន​កំពុង​សាងសង់​លេណដ្ឋាន​គ្រប់គ្រង និង​ការពារ​នុយក្លេអ៊ែរ​ក្នុង​និង​ជុំវិញ​ទីក្រុង​មូ​ស្គូ​ដើម្បី​ត្រៀម​ធ្វើសង្គ្រាម​នុយក្លេអ៊ែរ​៕

សូ​ហ្វ័​រ​ឡាន លោក Mikhail Lesin និង​ភរិយា Victoria Rakhimbayeva

​ប្រភព​៖ ដេលី​ស្តា

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់