adverise with khmeread Untitled 1

ឆ្លៀត​ឈប់សម្រាក​ពី​ការបង្រៀន​នៅ​វៀតណាម​ឆ្លៀត​មកលេង​ខ្មែរ ឆ្លងទៅ​ថៃ​ជួប​រឿង​អកុសល​

    ​អ្នកទេសចរ​ស្រី​ម្នាក់​បាន​រៀបរាប់​អំពី​ហេតុការណ៍​ដ៏​អាក្រក់​ដែល​បាន​កើតឡើង​ចំពោះ​នាង នៅពេល​នាង​បាន​បាក់​ខ្នង​ក្រោយ​ធ្លាក់​ពី​មាត់ជ្រោះ​កម្ពស់ ៤៥ ម៉ែត្រ​ខណៈ​នាង​ព្យាយាម​រត់គេច​ពី​ព្រាននារី​ម្នាក់​ដែល​ប៉ុនប៉ង​រំលោភ​នាង​នៅក្នុង​ប្រទេស​ថៃ​។​

​    ​កញ្ញា Hannah Gavios វ័យ ២៣ ឆ្នាំ​រស់នៅ​ទីក្រុង​ញូវយ៉ក បាន​វង្វេងផ្លូវ​នៅ​ទីកន្លែង​ដ៏​ងងឹត​មួយ​នៅ​ឆ្នេរ Railay Beach ក្នុង​រមនីយដ្ឋាន Krabi ហើយ​បាន​ទៅ​ហាង​ក្នុងស្រុក​មួយកន្លែង​ដើម្បី​សុំ​ជំនួយ​ត្រឡប់​ទៅ​សណ្ឋាគារ​នាង​វិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។​

​    ​អ្នកធ្វើការ​ក្នុង​តំបន់​ម្នា​ក់បាន​ស្ម័គ្រចិត្ត​ជួយ​នាង​ត្រឡប់​ទៅ​កន្លែង​ស្នាក់នៅ​វិញ ប៉ុន្តែ​ផ្ទុយទៅវិញ​ជន​ម្នាក់​នោះបាន​នាំ​នាង​ទៅក្នុង​ព្រៃ​ដែលជា​កន្លែង​ពួកគេ​ចាប់​ផ្តើមឡើង​ជម្រាលភ្នំ​។​

​    ​កញ្ញា Gavios ដែល​មិនទាន់​បាត់​ហត់​បន្ទាប់ពី​ឆ្លៀតពេល​វិស្សមកាល​បង្រៀន​នៅ​វៀតណាម និង​ឆ្លៀត​មកលេង​សៀមរាប​ហើយ​មកដល់​ប្រទេស​ថៃ​បាន​មួយថ្ងៃ​បាន​ដើរ​តាម​បុរស​ម្នាក់​នោះ​មុននឹង​នាង​បានដឹងថា កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់​។​

​    ​កញ្ញា​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា "​ខ្ញុំ​ពិតជា​គិតថា ខ្ញុំ​នឹង​ស្លាប់​មែនហើយ​។ នៅ​អំឡុង​ម៉ោង ១១ យប់​មេឃ​ក៏​ងងឹត ហើយ​វិធី​តែមួយគត់​ដើម្បី​ត្រឡប់​ទៅ​កន្លែង​ស្នាក់នៅ​របស់ខ្ញុំ​វិញ​គឺ​ឆ្លងកាត់​មាត់ជ្រោះ​។ ខ្ញុំ​បាន​ទៅក្នុង​ហាង​មួយ ហើយ​បាន​សុំ​ជំនួយ​ដើម្បី​ត្រឡប់​ទៅ​សណ្ឋាគារ​ខ្ញុំ​វិញ​។ ពួកគេ​និយាយថា វា​ពិតជា​គ្រោះថ្នាក់​ណាស់​ដែល​ទៅ​ក្រៅ​ពេលយប់ ដូច្នេះ​ពួកគេ​បាន​ប្រាប់​ខ្ញុំ​ឱ្យទៅ​ជាមួយ​អ្នក​បម្រើការ​ពួកគេ​ម្នាក់​។ ខ្ញុំ​មិនមាន​អារម្មណ៍ល្អ​ទាល់តែសោះ​ចំពោះ​បុរស​នោះ ប៉ុន្តែ​ខ្ញុំ​អស់កម្លាំង និង​ចង់ទៅ​ផ្ទះ​វិញ​។ ខ្ញុំ​បានធ្វើ​ដំណើរ​អស់ ១៦ ម៉ោង ដូច្នេះ​ខ្ញុំ​ទន់​ដៃជើង​អស់ហើយ​"​។​

​    ​Gavios បាន​បន្តថា "​ខណៈ​យើង​កំពុង​ដើរ គាត់​បាន​ចាប់​ខ្ញុំ ហើយ​ផ្តួល​ខ្ញុំ​ដោយ​ព្យាយាម​ដោះអាវ​ខ្ញុំ​។ ខ្ញុំ​បានចាប់ផ្តើម​ដាល់​គាត់​ចំ​កណ្តាល​មុខ និង​វាយតប់​គាត់ ហើយ​ខាំ​ត្រចៀក​របស់គាត់​។ ខ្ញុំ​ខាំ​ត្រចៀក​របស់គាត់​ប៊ិះ​តែ​នឹង​ដាច់​។ ត្រចៀក​របស់គាត់​បាន​រហែក​ពាក់កណ្តាល​។ បុរស​នោះ​មើលទៅ​ឈឺចាប់​ខ្លាំង ហើយ​សុំ​ខ្ញុំ​ឱ្យ​ឈប់ ដូច្នេះ​យើង​បាន​ចាប់ដៃគ្នា និង​បញ្ចប់រឿង ប៉ុន្តែ​ខ្ញុំ​នៅតែ​ខ្លាច ហើយ​គាត់​នៅតែ​ព្យាយាម​បំពាន​មកលើ​ខ្ញុំ ដូច្នេះ​គ្មាន​ជម្រើស​អ្វី​ទេ​ក្រៅពី​រត់​។ ខ្ញុំ​បាន​ដើរទៅ​កន្លែង​ដែល​ខ្ញុំ​បានមក ហើយ​នៅពេល​យើង​ទាំងពីរ​ឆ្ងាយ​ពីគ្នា ខ្ញុំ​ក៏​ចាប់ផ្តើម​រត់​"​។​

​    ​នាង​បាន​រត់​គ្មាន​ទិស​តំបន់​រហូត​ធ្លាក់​ជ្រោះ​ក្នុង​សភាព​ងងឹត​មើល​អ្វី​ក៏​មិនឃើញ​។​

​    ​កញ្ញា​បាន​បន្តថា "​នៅពេលនោះ​ងងឹត​ខ្លាំងណាស់ ហើយ​មុននឹង​ខ្ញុំ​បានដឹង ខ្ញុំ​បាន​ធ្លាក់​ពី​មាត់ជ្រោះ​បាន​ពាក់កណ្តាល​ទៅហើយ​។ និយាយ​តាម​ត្រង់ ខ្ញុំ​គិតថា ខ្ញុំ​នឹងមិន​រស់​ទេ​។ ក្បាល​របស់ខ្ញុំ​បាន​បុក​ទង្គិច​ប៉ុន្មាន​ដង ហើយ​ខ្ញុំ​ដួល​អុកគូថ​មួយ​ទំហឹង​។ ខ្ញុំ​បាន​ស្រែក​ទាំង​ឈឺចាប់​។ វា​ពិតជា​ឈឺចាប់​ខ្លាំងណាស់​។ ខ្ញុំ​មាន​អា​ម្មណ៍​ថា ខ្ញុំ​មិនអាច​កម្រើកខ្លួន​បាន ហើយ​ខ្ញុំ​របួស​ពេញ​ខ្លួន​។ ខ្ញុំ​មិនអាច​ទៅណា​បានទេ​នៅពេលនោះ​"​។​

​    ​រីឯ​ព្រាននារី​នោះ​វិញ ដែលមាន​ឈ្មោះថា Apai Ruengvorn វ័យ ២៨ ឆ្នាំ បាន​តាម​ពីក្រោយ​នាង​ដោយ​គ្មាន​ឧបសគ្គ​ទាំងអស់ ហើយ​បៀតបៀន​ផ្លូវភេទ​នាង​ខណៈ​នាង​ដេក​ទាំងអស់​សង្ឃឹម​។​

​    ​Gavios បាន​និយាយថា​ទៀតថា "​គាត់​បានឮ​ខ្ញុំ​ស្រែក ហើយ​ថ្ងូរ ហើយក៏​បាន​ចុះ​ពីលើ​ភ្នំ​ហើយ​ចាប់ផ្តើម​យំ និង​បួងសួង​។ គាត់​ដឹងថា​ខ្លួនឯង​ខុស​ធ្ងន់​។ ខ្ញុំ​បាន​សុំឱ្យ​គាត់​ជួយ​។ គាត់​បាន​តេ​ទូរស័ព្ទ ហើយ​ខ្ញុំ​គិតថា នឹងមាន​មនុស្ស​មករក​ប៉ុន្តែ​គ្មានទេ​។ ខ្ញុំ​បាន​ជាប់គាំង​ជាមួយ​បុរស​ឆ្កួត​ម្នាក់នេះ​។ ខ្ញុំ​បាន​ស្ថិតនៅ​ក្នុងព្រៃ​នៅក្រោម​គុម្ពោត​ព្រៃតូច​មួយ​ជាមួយ​សត្វ​ពស់​វារ​លើ​ខ្ញុំ ខណៈ​គាត់​បន្ត​បៀតបៀន​ខ្ញុំ​។ គាត់​បាន​អង្គុយ​ពីលើ​ខ្ញុំ ហើយ​ដោះ​ខោ​ចេញ និង​ចាប់ផ្តើម​សម្រេច​កាម​ដោយ​ខ្លួនឯង​នៅ​ពីលើ​ខ្ញុំ​។ គាត់​មិនបាន​រំលោភ​ខ្ញុំ​ទេ ប៉ុន្តែ​បានធ្វើ​អ្វី​ផ្សេង​។ ខ្ញុំ​ពិតជា​គិតថា ខ្ញុំ​នឹង​ស្លាប់​។ និយាយ​តាម​ត្រង់ ខ្ញុំ​មិនដឹងថា​គួរ​ធ្វើ​អ្វី​ទេ​នៅពេលនោះ ខ្ញុំ​គ្រាន់តែ​នៅ​ស្ងៀមស្ងាត់​។ នៅពេល​ខ្ញុំ​ស្រែក គាត់​ច្របាច់ក​ខ្ញុំ ដូច្នេះ​ខ្ញុំ​ត្រូវតែ​នៅ​ស្ងៀម​ធម្មតា និង​រួសរាយ​ជាមួយ​គាត់​។ នៅពេល​មេឃ​ភ្លឺ ខ្ញុំ​បាន​ស្រែកហៅ​ឱ្យគេ​ជួយ​តែ​គាត់​និយាយថា គ្មាន​ប៉ូលិស​ទេ គ្មាន​ប៉ូលិស​ទេ​"​។​

​    ​ប៉ុន្មាន​ម៉ោង​ក្រោយមក Ruengvorn ក៏បាន​ចាកចេញ ប៉ុន្តែ​បាន​ត្រឡប់មកវិញ​ជាម​នុស្ស​មួយចំនួន ដែល​ប្រញាប់ប្រញាល់​ទាក់ទង​ឱ្យគេ​មកជួយ​នាង​។ ហើយ​កញ្ញា Gavios ក៏បាន​ជួយសង្គ្រោះ និង​បញ្ជូនទៅ​មន្ទីរពេទ្យ​។ ឥឡូវនេះ​កញ្ញា​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ Bangkok Hospital នៅ​ខេត្ត​ភូ​កេ​ត​ប្រទេស​ថៃ ហើយ​ឪពុកម្តាយ​របស់​នាង​ក៏បាន​ធ្វើដំណើរ​ពី​ញូវយ៉ក​ដើម្បី​មើលថែ​នាង​ផងដែរ​។​

​    ​រីឯ​ជនល្មើស​ឈ្មោះ Apai Ruengvorn បានទទួល​ស្គាល់​ចំពោះ​អំពើ​របស់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ហើយ​រូបគេ​ក៏​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​ឥរិយាបថ​អាសគ្រាម​មកលើ​ជនបរទេស និង​បង្កឱ្យមាន​របួសធ្ងន់​ធ្ង​រ​។​

​    ​កញ្ញា Gavios បានបញ្ចប់​សេចក្តី​ថា "​ប៉ូលិស​បាន​ប្រាប់​ខ្ញុំ​ថា បុរស​នេះ​នឹង​ជាប់គុក​ពី ៥ ទៅ ១០ ឆ្នាំ​"៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់