1

ក្មេងស្រី​អាយុ ១៦ ឆ្នាំនេះ​រកលុយ​មួយខែៗ​បាន​រាប់ម៉ឺន​ដុល្លារ​ដោយ​គ្រាន់តែ​ជួយ​ជន​ជាតិចិន​ដាក់ឈ្មោះ​ឱ្យ​កូន​

    ​ក្មេងស្រី​វ័យ ១៦ ឆ្នាំ​ម្នាក់​បាន​បង្កើត​ចំណូល​បាន ៤៨.០០០ ផោន (​ជិត ៦៤.០០០ ដុល្លារ​) ពី​វេ​ប​សាយ​មួយ​ដែល​នាង​បាន​បង្កើត​ដើម្បី​ដាក់ឈ្មោះ​អង់គ្លេស​ឱ្យ​កូន​ចិន​។​

​    ​កញ្ញា Beau Jessup ជា​សិស្ស​ពូ​ល​កែ​ម្នាក់​មកពី​ជនបទ Gloucestershire ប្រទេស​អង់គ្លេស​បាន​ដុះ​គំនិត​នេះ​ឡើង​បន្ទាប់ពី​គ្រួសារ​នាង​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​។ នៅពេល​ពួកគេ​ចេញ​ក្រៅ​ញ៉ាំ​អាហារ​ជាមួយ​មិត្តភក្តិ នាង​ត្រូវបាន​គេ​សុំឱ្យ​ដាក់ឈ្មោះ​អង់គ្លេស​ឱ្យ​ក្មេង​ទើបនឹង​កើត​ម្នាក់​។​

​    ​នៅក្នុង​ប្រទេស​ចិន ឈ្មោះ​ជា​ភាសា​អង់គ្លេស ត្រូវបាន​ចាត់ទុកថា មាន​សារៈសំខាន់​ណាស់​សម្រាប់​អនាគត​ការសិក្សា ឬក៏​ការធ្វើ​ជំនួញ​ជាមួយ​ចក្រភព​អង់គ្លេស​។​

​    ​នៅ​ចិន គេ​ដាក់ឈ្មោះ​កូន​ដោយ​ពឹងផ្អែក​ទៅលើ​ធាតុ ហើយ Beau ចង់បាន​ភាពស្រដៀងគ្នា​រវាង​ពី​របៀប​ដែល​ពួកគេ​ជ្រើស​ឈ្មោះ​ចិន និង​អង់គ្លេស​របស់​ពួកគេ​។ ហើយ​នាង​បានធ្វើ​បែបនេះ​តាមរយៈ​ការកំណត់​អត្ត​ច​រិ​ក​ពិសេស​ទៅនឹង​ពាក្យ​អង់គ្លេស​នីមួយៗ​។ ពួកគេ​ក៏​ជ្រើសរើស​ភេទ​កូន ហើយ​ត្រូវ​បង់លុយ​ចំនួន ៦០ ផោន​ផងដែរ​។​

​    ​បន្ទាប់មក ឈ្មោះ​ដែល​បានជ្រើសរើស​ចំនួន​បី​ត្រូវបាន​ចែករំលែក​ជាមួយ​គ្រួសារ និង​មិត្តភក្តិ​តាម WeChat និង WhatsApp របស់​ចិន ដើម្បី​ធ្វើការ​សម្រេចចិត្ត​ចុងក្រោយ​។​

​    ​ការណែនាំ​នីមួយៗ ត្រូវបាន​បោះ​ពុ​ម្ភ​លើ​វិញ្ញាបនបត្រ​មួយ​ជាមួយ​អត្ថន័យ​របស់​វា និង​ឧទាហរណ៍​នៃ​ជន​ល្បី​ជាមួយ​ឈ្មោះ​នោះ​។​

​    ​បើ​យោងតាម​ការិយាល័យ​ស្ថិតិ​ជាតិ​ដែល​បាន​បញ្ចេញ​ទិន្នន័យ​កាលពី​សប្តាហ៍​មុន​បានឱ្យដឹងថា ឈ្មោះ Amelia និង Oliver គឺជា​ឈ្មោះ​ពេញនិយម​បំផុត​នៅ​ប្រទេស​អង់គ្លេស និង​វែ​ល​ក្នុង​ឆ្នាំ ២០១៥​។​

​    ​Beau បាន​និយាយថា នាង​មិនបាន​ដឹងថា ឈ្មោះ​ណា​ដែល​និយម​ជាងគេ​លើ​វេ​ប​សាយ​នាង​នោះទេ ហើយ​នាង​ក៏មាន​អារម្មណ៍​ចម្លែក​បន្តិចបន្តួច​ដែរ​ដែល​ដឹងថា នាង​បានដាក់​ឈ្មោះ​ក្មេង​ច្រើនជាង ២០ ម៉ឺន​នាក់​។ ទោះយ៉ាងណា នាង​សប្បាយចិត្ត​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​របស់​ក្មេង​ទាំងនោះ​៕

ប្រភព៖ BBC

អ្នកនឹងចូលចិត្ត

មតិយោបល់