1

​បុរស​អាមេរិក​នេះ​ជ្រើសរើស​វិធី​គេច​មុខ​ប្រពន្ធ​ដោយ​ប្លន់​ធនាគារ ឥឡូវ​ជាប់គុក​ជា​ស្ថាពរ​

​    ​បុរស​វ័យ ៧០ ឆ្នាំ​ម្នា​ក់បាន​ប្លន់​ធនាគារ​មួយ​ក្នុង​រដ្ឋ Kansas សហរដ្ឋអាមេរិក ហើយ​មិន​គេចខ្លួន​ជាមួយ​លុយ​ចំនួន ៣.០០០ ដុល្លារ បែរជា​សុខចិត្ត​ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​ទៅវិញ​។ បំណង​របស់គាត់​បាន​ក្លាយជា​ការពិត​បន្ទាប់ពី​ចៅក្រម​ម្នាក់​បាន​កាត់ទោស​គាត់​ឱ្យ​ជាប់គុក​។​

​    ​ឯកសារ​តុលាការ​បានបង្ហាញ​ថា បន្ទាប់ពី​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ លោក Lawrence John Ripple បាន​ប្រាប់​ប្រពន្ធ​គាត់​ថា គាត់​សុខចិត្ត​ជាប់គុក​ជាជាង​នៅផ្ទះ​ជាមួយ​ប្រពន្ធ​ខ្លួន​។​

​    ​បន្ទាប់មក គាត់​បាន​ទៅ​ធនាគារ​មួយ​ក្នុង​ទីក្រុង​ខាងលើ ហើយ​បាន​ហុច​ក្រដាស​មួយ​ទៅ​បុគ្គលិក​ធនាគារ ហើយ​ថែមទាំង​បាន​បញ្ជាក់ថា គាត់​មាន​កាំភ្លើង​មួយ​ដើម​ទៀតផង​។​

​    ​ប៉ុន្តែ​ជំនួស​ឱ្យ​ការរត់​គេចខ្លួន​ភ្លាមៗ​ពី​សាខា​ធនាគារ Bank of Labor ជាមួយ​សាច់ប្រាក់ ៣.០០០ ដុល្លារ បុរស​វ័យ ៧០ ឆ្នាំ​រូបនេះ​បាន​ចូលទៅ​អង្គុយ​ក្នុង​បន្ទប់ទទួលភ្ញៀវ​យ៉ាង​រំភើយ និង​ប្រាប់​សន្តិសុខ​ថា គាត់​ជា​ជនសង្ស័យ​។ បន្ទាប់មក សន្តិសុខ​បាន​តេ​ហៅ​ប៉ូលិស ដែលមាន​ស្នាក់ការ​នៅក្បែរនោះ​។​

​    ​ក្រោយមក​លោក Ripple បាន​ប្រាប់​ប៉ូលិស​ដែល​បាន​ដកហូត​លុយ​ពី​ខ្លួន​ថា គាត់​នឹង​លែង​រស់នៅ​ជាមួយ​ប្រពន្ធ​គាត់​តទៅទៀត​ហើយ​។​

​    ​បុរស​ខាងលើ​ត្រូវបាន​ចោទប្រកាន់​នៅក្នុង​តុលាការ​សហព័ន្ធ​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់ពី​ឧបទ្ទវ​ហេតុដែល​បានកើត​ឡើង​នៅ​ថ្ងៃទី ០២ ខែកញ្ញា​នេះ​។ ឥឡូវ​គាត់​ជាប់គុក​ជា​ស្ថាពរ បន្ទាប់ពី​ត្រូវបាន​នាំខ្លួន​ទៅ​គុក​សហព័ន្ធ Leavenworth ក្នុង​រដ្ឋ Kansas រីឯ​លុយ​នោះ​វិញ​ត្រូវបាន​ប្រគល់ជូន​ធនាគារ​។

​    ​ទោះយ៉ាងណា ឯកសារ​តុលាការ​មិនបាន​ពន្យល់​ពី​មូល​ហេតុដែល​បណ្តាលឱ្យមាន​ជម្លោះ​រវាង​លោក Ripple និង​ប្រពន្ធ​គាត់​ឡើយ​៕

 

ប្រភព៖ DW

អ្នកនឹងចូលចិត្ត

មតិយោបល់