1

នារី​ម្នាក់​ភ័យ​បះសក់​ពេល​ឃើញ​រូបថត​ខ្លួនឯង​បិត​លើ​ដប​សម្រាប់​ចូល​បច្ច័យ​បុណ្យសព​

    ​នារី​ម្នាក់​ដែល​រស់នៅក្នុង​ទីក្រុង Bakersfield រដ្ឋ California និយាយថា រូប​របស់​នាង​ត្រូវបាន​គេ​បិត​លើ​ដប​សម្រាប់​ចូល​បច្ច័យ​បុណ្យសព​គ្រប់​ទីកន្លែង​ក្នុង​ទីក្រុង Shafter​។​

​    ​កញ្ញា Lupita Gonzalez និយាយថា សាច់ញាតិ​នៅ​ទីក្រុង Shafter បាន​តេ​មក​ម្តាយ​របស់​នាង​កាលពី​ចុង​សប្តាហ៍​មុន ព្រោះ​ព្រួយបារម្ភ​ថា Lupita បាន​បាត់​បង់ជីវិត​។​

​    ​កញ្ញា Lupita បាន​និយាយ​ទាំង​ភ្ញាក់ផ្អើល​ថា នាង​បានទទួល​ការ​ហៅចូល​ភ្លាមៗ​ពី​ម្តាយ​របស់​នាង​ដើម្បី​បញ្ជាក់​ពី​សុខទុក្ខ​របស់​នាង​។​

​    ​ជាការ​ពិត កញ្ញា​នៅមាន​ជីវិត​នៅឡើយ ហើយ​រូបភាព​ដែល​បិត​នៅលើ​ដប​នោះ ត្រូវបាន​ទាញ​ចេញពី​គណនី Facebook របស់​នាង​។ ដោយ​ជាប់​ជាមួយ​រូបភាព​នោះ ដប​ចូល​បច្ច័យ​បុណ្យ​ខ្មោច​នេះ​ជាប់​ទាក់ទិន​នឹង​រឿងរ៉ាវ​ដ៏​ក្តុកក្តួល​មួយ​អំពី​ក្មេងស្រី​ម្នាក់​ឈ្មោះ Enriquetta Nunez ដែល​បាន​ស្លាប់ ហើយ​គ្រួសារ​នាង​ត្រូវការ​លុយ​ដើម្បី​នាំ​សាកសព​នាង​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក​វិញ​។​

​    ​Lupita បាន​និយាយថា នាង​មិនដឹងថា នរណា​ជា​អ្នកធ្វើ​ដប​នេះ​ឡើង​ទេ ហើយ​នាង​មាន​អារម្មណ៍​ខ្លាច​ណាស់​។ ទោះយ៉ាងណា នាង និង​ប៉ូលិស​បាន​ប្រមូល​ព័ត៌មាន​ពី​ម្ចាស់​ហាង​ដើម្បី​សួររក​ជនសង្ស័យ​ដែល​យក​រូប​របស់​នាង​មក​បិត​លើ​ដប​ដោយ​គ្មាន​ការអនុញ្ញាត​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់