adverise with khmeread Untitled 1

អ្នកគ្រូ​ប្រាប់​ឱ្យ​កូនសិស្ស​សរសេរ​ពី​បំណង​អនាគត ហើយ​ផ្តល់​ពិន្ទុ​ជាប់​ទៅ​សិស្ស​គ្រប់គ្នា លើកលែង​កូនសិស្ស​ក្រីក្រ​ម្នាក់​បាន F តែឯង​! ១៥ ឆ្នាំក្រោយ​អ្នកគ្រូ​ភ្លឺភ្នែក​របស់​ក្មេង​ក្រីក្រ​នោះ

    ​ខ្ញុំ​មាន​មិត្តភក្ដិ​ម្នាក់​ឈ្មោះ ម៉​ង់​ធី រ៉ូបឺត មាន​វាល​ចិញ្ចឹម​សេះ​ផ្ទាល់ខ្លួន​មួយ​នៅ​ទីក្រុង​សាន់​ស៊ី​ដ្រូ​។ គាត់​បានឱ្យ​ខ្ញុំ​ប្រើ​ផ្ទះ​របស់គាត់​រៀបចំ​ព្រឹត្តិការណ៍​រៃអង្គាស​លុយ​សម្រាប់​ជួយ​យុវជន​ក្រីក្រ​ងាយ​រងគ្រោះ​។​

​    ​ពេល​កំពុង​រៀបចំ​ព្រឹត្តិការណ៍​នេះ ម៉​ង់​ធី​បាន​ប្រាប់​ខ្ញុំ​រឿង​មួយ យ៉ាង​ដូច្នេះ "​ខ្ញុំ​ចង់​ប្រាប់​ឯង​អំពី​មូល​ហេតុដែល​ខ្ញុំ​ឱ្យ​ឯង​ខ្ចី​បរិវេណ​ផ្ទះ​របស់ខ្ញុំ​ដើម្បី​រៀបចំ​កម្មវិធី​នេះ​។ វា​ទាក់ទង​នឹង​រឿង​ក្មេងប្រុស​ម្នាក់ (​ម៉​ង់​ធី​ពី​តូច​)​។ គេ​ជា​កូន​អ្នក​បង្ហាត់​សេះ​ក្រីក្រ​ម្នាក់ ដែល​ត្រាច់ចរ​គ្រប់​ទីកន្លែង​ពី​ក្រោល​សេះមួយ​ទៅ​ក្រោលសេះ​មួយទៀត ពី​ទីលានប្រណាំង​មួយ​ទៅ​ទីលានប្រណាំង​មួយទៀត ពី​កសិដ្ឋាន​មួយ​ទៅ​កា​សិ​ដ្ឋា​ន​មួយទៀត និង ពី​វាល​ចិញ្ចឹម​សេះមួយ​ទៅ​វាល​ចិញ្ចឹម​សេះ​មួយទៀត ដើម្បី​តែ​បង្វឹក​សេះ​។ ជា​លទ្ធផល ក្មេង​នោះ​រៀន​មិនបាន​ចប់​ចុង​ចប់​ដើម​ទេ​។ កាល​នៅ​ជា​សិស្ស​វិទ្យាល័យ ក្មេង​នោះ​ត្រូវបាន​អ្នកគ្រូ​ប្រាប់​ឱ្យ​សរសេរ​រ៉ាយរ៉ាប់​ពី​ការងារ​និង​គោលបំណង​អនាគត​របស់​វា​"​។​

​    ​"​ក្មេង​នោះបាន​សរសេរ​គោលបំណង​ផុស​ចេញពី​បេះដូង​របស់​វា ហើយ​ថ្ងៃ​បន្ទាប់ ក្មេង​នោះបាន​ប្រគល់​សន្លឹក​កិច្ច​ការឱ្យ​អ្នកគ្រូ​។ ពីរ​ថ្ងៃ​ក្រោយមក កូនតូច​នោះបាន​ទទួល​ក្រដាស​នោះ​ត្រឡប់មកវិញ​។ នៅលើ​ក្រដាស ឃើញ​មានទឹក​ប៊ិកក្រហម​យ៉ាង​ធំ​សរសេរ​អក្សរ F (​ធ្លាក់​) ជាមួយនឹង​កូន​ក្រដាស​មួយទៀត​ភ្ជាប់​មកជា​មួយ ដែល​សរសេរថា ជួប​អ្នកគ្រូ​ពេល​ចេញពី​រៀន​"​។​

​    ​"​ក្មេងប្រុស​ពោរពេញ​ដោយ​ក្ដី​សុបិន​នោះបាន​ទៅ​ជួប​អ្នកគ្រូ​តាម​ការ​ណាត់ជួប និង​បាន​សួរ​អ្នកគ្រូ​នោះ​ថា ហេតុអ្វី​បានជា​អ្នកគ្រូ​ឱ្យ​ខ្ញុំ​បាន​ពិន្ទុ F?"​។​

​    ​"​អ្នកគ្រូ​និយាយថា នេះ​ជា​ក្ដី​សុបិន​ហួស​ពី​ការពិត​ពេក​ណាស់​សម្រាប់​ក្មេងប្រុស​តូច​ប៉ុន​ឯង​។ ឯង​គ្មាន​ប្រាក់​។ ឯង​មកពី​គ្រួសារ​ក្រីក្រ​។ ឯង​គ្មាន​ធនធាន​អ្វី​ទាំងអស់​។ ការដែល​មាន​សេះ​ចិញ្ចឹម​ផ្ទាល់ខ្លួន​ត្រូវ​ការប្រាក់​ច្រើនណាស់​។ ហើយ​ឯង​ត្រូវតែ​ទិញ​ដី​យ៉ាងតិច ៤០០ ហិកតា ក្រោលសេះ​ទំហំ​យ៉ាងតិច ២០០ ហិកតា​។ ឯង​ត្រូវតែ​ចំណាយ​លើ​ការ​បង្កាត់​ពូជ​សេះ ហើយ​ក្រោយមកទៀត ឯង​ត្រូវ​រ៉ាប់រង​ចំណី​សេះ​ដ៏​ថ្លៃ​ថែមទៀត​។ គ្មាន​ផ្លូវ​ណា​ដែល​ឯង​អាចធ្វើ​វា​បាន​នោះឡើយ​។ បន្ទាប់មក​អ្នកគ្រូ​នោះ​បន្ថែមទៀតថា ប្រសិនបើ​ឯង​សរសេរ​គោលបំណង​សម​ទំនង​ជាង​នេះ​ម្តងទៀត អ្នកគ្រូ​នឹង​ពិចារណា​ដាក់ពិន្ទុ​ឱ្យ​ឯង​ជាប់​"​។​

​    ​"​ក្មេងប្រុស​នោះបាន​ទៅដល់​ផ្ទះ​ហើយ​គិត​យ៉ាងយូរ​ស្ទើរ​បែកក្បាល​។ កូនតូច​នោះបាន​សួរ​ឪពុក ថា​គួរ​សម្រេចចិត្ត​យ៉ាងណា​។ ឪពុក​និយាយថា កូន​ឯង​សម្រេច​ខ្លួនឯង​ទៅ វា​ជា​បំណង​អនាគត​របស់​កូន​ឯង រឿង​អី​ឱ្យ​ពុក​សម្រេចចិត្ត​ជំនួស​? ទីបំផុត បន្ទាប់ពី​អង្គុយ​គិត​រឿងនេះ​អស់​មួយអាទិត្យ ក្មេងប្រុស​នោះបាន​យក​ក្រដាស​កិច្ចការ​ទៅឱ្យ​អ្នកគ្រូ​ម្តងទៀត តែ​មិនបាន​កែ​អ្វី​ទាំងអស់​"​។​

​    ​ក្មេងប្រុស​នោះ​និយាយ​ម៉ាត់ៗ​ដាក់​អ្នកគ្រូ​ថា "​អ្នកគ្រូ​រក្សា​ពិន្ទុ F នេះ​ចុះ ខ្ញុំ​រក្សា​ក្តី​សុបិន​របស់ខ្ញុំ​"​។​

​    ​ម៉​ង់​ធី​បាន​ប្រាប់​ខ្ញុំ​ក្នុង​ពិធី​រៃអង្គាស​លុយ​នោះ​នៅ​បរិវេណ​ផ្ទះ​របស់​ម៉​ង់​ធី​យ៉ាង​ដូច្នេះ "​ខ្ញុំ​ប្រាប់​រឿងនេះ​គឺ​ដោយសារ​ឯង​ឥឡូវ​កំពុង​ជាន់​លើដី​ទំហំ ៤០០​ហិកតា​របស់ខ្ញុំ នៅ​ចំ​កណ្ដាល​ក្រោលសេះ​ទំហំ ២០០​ហិកតា​របស់ខ្ញុំ​។ ក្រដាស​ពិន្ទុ F ខ្ញុំ​នៅតែ​រក្សាទុក​ក្នុងផ្ទះ​ខ្ញុំ​ដដែល​ទេ​"​។ 

​    ​ម៉​ង់​ធី​បន្ថែមទៀតថា "​ផ្នែក​ដ៏​ល្អ​បំផុត​នៃ​រឿងនេះ​គឺថា រដូវក្ដៅ​កន្លងផុត​ពីរ​រដូវ​មកហើយ អតីត​អ្នកគ្រូ​របស់ខ្ញុំ​បាន​នាំ​កូនសិស្ស ៣០ នាក់​មកលេង​វាល​ចិញ្ចឹម​សេះ​របស់ខ្ញុំ​រាល់​សប្តាហ៍​"​។ 

​    ​នៅពេល​ត្រឡប់​ទៅវិញ អ្នកគ្រូ​និយាយប្រាប់​ម៉​ង់​ធី​ថា "​ម៉​ង់​ធី អ្នកគ្រូ​ភ្លឺភ្នែក​ណាស់​ជាមួយ​ការប្តេជ្ញា​របស់​ឯង​។ នៅពេល​ខ្ញុំ​នៅ​ជា​គ្រូ​របស់​ឯង អ្នកគ្រូ​បាន​ព្យាយាម​ប្លន់​ក្ដី​សុបិន​របស់​ឯង​។ អំឡុង​ឆ្នាំ​នោះ (១៥ ឆ្នាំមុន​) អ្នកគ្រូ​បាន​ប្លន់​ក្ដី​សុបិន​សិស្ស​គ្រប់គ្នា​។ ឯង​ពិតជា​អស្ចារ្យ​ដែល​មិន​បោះបង់​ក្ដី​សុបិន​ចោល​"​។​

​    ​*** កុំឱ្យ​នរណាម្នាក់​ប្លន់​យកក្ដី​សុបិន​របស់​អ្នក​ឱ្យសោះ​។ ធ្វើតាម​បំណង​ខ្លួនឯង ទោះ​មានរឿង​អ្វី​កើតឡើង ក៏​កុំ​ប្រែប្រួល​ឱ្យសោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់