1

Luis Suarez ត្រៀម​បំបែក​កំណត់ត្រា​អស្ចារ្យ ពេល​បង្ហាញខ្លួន​លើក​ទី ១០០ ឱ្យ Barcelona ថ្ងៃ​សៅរ៍​នេះ​

​    ​ពេលដែល Luis Suarez បាន​ចុះហត្ថលេខា​លេង​ឱ្យ​អ្នកមាន​បុណ្យ Barcelona បន្ទាប់ពី​ចំណាយពេល​បួន​រដូវ​កាល​ជាមួយ​ហង្ស​ក្រហម Liverpool មានការ​ចង់ដឹង​ចង់​ឮ​ជុំវិញ​សំណួរ​ថា​តើ គាត់​នឹង​អាច​បន្ត​បំបែក​កំណត់ត្រា​រក​គ្រាប់​បាល់​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់គាត់​ទៀត​ដែរឬទេ សម្រាប់​ក្រុម​យក្ស​មួយ​ក្នុងចំណោម​ក្រុម​យក្ស​ដទៃទៀត​នៅក្នុង​ពិភព​បាល់ទាត់​។​

​    ​Suarez បានធ្វើ​ដំណើរ​ទៅ​ទឹកដី​អេ​ស្ប៉ា​ញ​ដោយ​អាច​រក​គ្រាប់​បាល់​បាន​ចំនួន ៨២​គ្រាប់​ក្នុង​ឯកសណ្ឋាន​នៅ​ទឹកដី Anfield ហើយ​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ពេលដែល Brendan Rodgers ស្ទើរតែ​ដឹកនាំ​ពួកគេ​ឆ្ពោះទៅកាន់​ការកាន់កាប់​តំណែង​ជើងឯក​លី​ក​កំពូល​អង់គ្លេស Premier League ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​។​

​    ​មិនមាន​មន្ទិលសង្ស័យ​អ្វី​ឡើយ​សម្រាប់​ទេពកោសល្យ​របស់គាត់ ពេលដែល​គាត់​បាន​ផ្សារភ្ជាប់​ទំនាក់ទំនង​ផ្ទេរ​ក្នុងតម្លៃ ៧៥​លាន​ផោន​របស់គាត់ ប៉ុន្តែ​ទម្រង់​លេង​របស់​តារា​ឆ្នើម​របស់​ក្រុម​ជម្រើសជាតិ​អ៊ុយ​រូ​ហ្គា​យ​ចាប់តាំងពី​ការផ្ទេរ​ក្នុង​ឆ្នាំ​២០១៤ មិនបាន​ប្រែប្រួល​សូម្បីតែ​ម្តិច នៅតែ​មុត​ស្រួច​ដដែល​។

​    ​Suarez កំពុង​រៀង​ចំ​ខ្លួន​ជាស្រេច​ដើម្បី​ធ្វើការ​បង្ហាញខ្លួន​លើក​ទី​១០០​របស់ខ្លួន​សម្រាប់​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​នៅ​យប់​ថ្ងៃស្អែក​នេះ ពេលដែល​ពួកគេ​ទទួល​ស្វាគមន៍ Alaves សម្រាប់​ការប្រកួត​ក្នុង​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga របស់​ពួកគេ ហើយ​គាត់​នឹង​ចូលខ្លួន​នៅក្នុង​ការប្រកួត​មួយ​នេះ​ជាមួយនឹង​កំណត់ត្រា​ដ៏​គួរឱ្យកត់សម្គាល់​មួយ​។​

​    ​តារាបាល់ទាត់​វ័យ ២៩​ឆ្នាំ​រូបនេះ មាន​គ្រាប់​បាល់​ចំនួន ៨៨​គ្រាប់​សម្រាប់​អាជីព​ក្នុង​ទឹកដី Nou Camp ក្នុងការ​ប្រកួត​ចំនួន​៩៩​លើក ជាមួយនឹង​គ្រាប់​បាល់​ចំនួន​បួន​គ្រាប់​នៃ​រដូវ​កាល​ថ្មី​ដែល​ទើបនឹង​ចាប់ផ្តើម​បច្ចុប្បន្ននេះ​។​

​    ​មិន​ត្រឹមតែ​ការរំពឹងទុក​ជាមួយ​គ្រា​ប់​បាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ Suarez បានបង្ហាញ​ពី​ភាពជា​ដៃគូ​ដ៏​គួរឱ្យខ្លាច​បំផុត​ក្នុង​ពិភព​បាល់ទាត់​បច្ចុប្បន្ន​ជាមួយនឹង Lionel Messi និង Neymar ផងដែរ​។​

​    ​ក្បាលម៉ាស៊ីន​ទាំងបី "Trio" អា​ចរក​គ្រាប់​បាល់​បាន​ចំនួន ១៣១​គ្រាប់​ក្នុងចំណោម​ពួកគេ​កាលពី​រដូវ​កាល​មុន ពេលដែល Barcelona បាន​លើក​ពាន​លី​ក​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​ក្រោម​ការដឹកនាំ​របស់ Luis Enrique៕

ប្រភព៖ DailyMail

មតិយោបល់