adverise with khmeread 14303797 1114712148615659 210898093 o

ផឹកស៊ីស្រវឹងវ៉ៃឪពុកក្មេកដេរបីថ្នេរ

    កណ្ដាល ៖​ អំពើហិង្សា​ដោយ​ចេតនា រវាងកូនប្រសានិងឪពុកក្មេក កើតហេតុកាលពីវេលា​ម៉ោង​១៨ និង៣០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ នៅ​ចំណុចផ្ទះ​ជន​ស​ង្ស័យ ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្ត​កណ្តាល។​

    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ហែម ម៉ៅ ភេទ​ប្រុស អាយុ៦៨ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ ភូមិឃុំ កើត​​ហេតុ​ខាងលើ មុខរបរកសិករ  រងរបួស​បែក​ថ្ងាស០៣ថ្នេរ និង រងរបួស​ត្រង់​កំភួនដៃ​ខាងឆ្វេង។​

    ជនសង្ស័យ​ឈ្មោះ នាង រ៉ែ​ន ភេទ​ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិឃុំ កើតហេតុ​ខាងលើ មុខរបរកសិករ (​ឃាត់ខ្លួន​)​។​


 
    ប៉ូលិសបន្តថា ​ជនរងគ្រោះ​គឺ​ត្រូវជា ឪពុកក្មេក​របស់​ជន​សង្ស័យ​ឈ្មោះ នាង រ៉ែ​ន ហើយ​កន្លងមក​អ្នក​ទាំង​០២​ពុំដែល​មានទំនាស់​អ្វី​នឹង​គ្នា​នោះទេ ។​ ប៉ុន្តែ​ជនសង្ស័យឱ្យ​តែ​បាន​ផឹក​ស៊ី​ស្រវឹង​ គឺ​តែងតែ​ទាស់​ពាក្យសម្ដី​គ្នា​ជាមួយ​ប្រពន្ធ និង​វាយបំផ្លាញ​របស់របរ​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​ជា​ញឹកញាប់។

    លុះ​នៅ​ថ្ងៃកើតហេតុ ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង រហូតដល់ វេលា​ម៉ោង ប្រមាណ​១៨ និង១០នាទី ជនសង្ស័យ​បាន​ត្រឡប់មក​ដល់ផ្ទះ​វិញ រួចហើយ​ហូបបាយ​ជាធម្មតា ក៏បាន​អង្គុយលេង​ក្នុងផ្ទះ​របស់ខ្លួន ភ្លាមនោះ​ស្រាប់​​តែ​ប្រពន្ធ​ជនសង្ស័យ​ឈ្មោះ ម៉ៅ សេង​ហោ បាន​ស្ដី​ឱ្យជនសង្ស័យ​រឿង​គិតតែ​ដើរ​ផឹកស៊ី មិន​រក​ការងារ​អ្វី​ធ្វើ ពេលនោះ​ជន​​សង្ស័យ​បាន​តប​វិញ​ហើយ​បាន​ទាក់​ពាក្យ​​សម្ដី​គ្នា​កាន់តែខ្លាំង​ឡើងៗ ឮ​ដូច​នោះ ជនរងគ្រោះ​ជា​ឪពុក​របស់​ប្រពន្ធ​ជនសង្ស័យ បាន​ដើរ​ពី​ផ្ទះ​របស់គាត់​ដែល​នៅ​ខាង​ក្រោយ​ផ្ទះ​ជ​នសង្ស័យ ទៅ​ណែនាំ​កុំ​ឱ្យ​ឈ្លោះ​គ្នា។ តែ​ជនសង្ស័យ​ពុំ​ព្រមស្ដាប់​ហើយ​បាន​ដើរ​ចុះពីលើផ្ទះ​សំដៅ​ទៅរក​ជន​រង​គ្រោះ ក៏ត្រូវ​ជនរងគ្រោះ​យក​ដំបង​ឈើ រុក​ត្រូវចំ​ខាងក្រោម​ភ្នែក​ឆ្វេងជនសង្ស័យ។ 

    ពេលនោះ​ត្រូវបាន​ជនសង្ស័យ​ប្រតាយ​យក​​ដំបង បណ្ដាលឱ្យ​ត្រូវចំ​ថ្ងាស របស់​ជន​រង​​គ្រោះ បែកចេញ​ឈាម និង​ចំ​កំភួនដៃ​ខាង​​ឆ្វេង​របស់​ជនរងគ្រោះ រួច​ត្រូវបាន​ប្រពន្ធ​ជន​សង្ស័យ និង​បងប្អូន​ចូលមក​ចាប់យក​ដំបង និង​មនុស្ស​ចេញ​រៀងៗ​ខ្លួន​។ 

    បន្ទាប់មក​ជន​រងគ្រោះ​បាន​ប្ដឹង​មក​សមត្ថកិច្ច​ប៉ុស្ដិ៍​ព្រែក​ថ្មី​ភ្លាមៗ​តែម្ដង ហើយ​ជនរងគ្រោះ​ត្រូវ​កូន​ក្មួយ​នាំយកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​កោះធំ ។ សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន បញ្ជូនមក​កាន់​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​កោះធំ ដើម្បី​ធ្វើការ​សាកសួរ បន្ត​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់