adverise with khmeread 2

សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​គាំទ្រ​សមាសភាព​ថ្នាក់ដឹកនាំ​២​រូប​ក្រោយ​អតីត​ប្រធាន និង​អនុប្រធាន​ចាស់​ទទួលមរណភាព​

​    ​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​បានរៀបចំ​មហាសន្និបាត​វិសាមញ្ញ​របស់ខ្លួន​កាលពី​ព្រឹក​មិញ​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដោយ​បោះឆ្នោត​គាំទ្រ​សមាសភាព​ថ្នាក់ដឹកនាំ​ក្បាលម៉ាស៊ីន​ថ្មីៗ​២​រូប​ជំនួស​អតីត​ប្រធាន និង​អនុប្រធាន​ចាស់ ដែល​ទទួលមរណភាព​កាលពីពេល​កន្លងទៅ​។​

​    ​លោក ជា ប៊ុនហេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា ( Soft Tennis) មានប្រសាសន៍ថា ការរៀបចំ​អង្គសន្និបាត​វិសាមញ្ញ​នេះ គឺ​ដើម្បី​បោះឆ្នោត​គាំទ្រ​ដល់​សមាសភាព​ថ្នាក់ដឹកនាំ​២​រូប ដើម្បី​សម្រួល​ការងារ​នានា​ឲ្យ​កាន់តែ​ដំណើរ​ល្អ​បន្ទាប់ពី​លោក ឈឹម ជួន អតីត​ប្រធាន​សហព័ន្ធ និង​លោក ហែម ថុ​ន អតីត អនុប្រធាន​សហព័ន្ធ​ទទួលមរណៈភាព​កាលពី​កន្លងទៅ​។

​    ​លោក​បញ្ជាក់ថា ការគាំទ្រ​ពី​សមាជិក​របស់​សហព័ន្ធ ដែលមាន​សិទ្ធិ​បោះឆ្នោត​នោះ​អង្គ​មហាសន្និបាត​ទទួលបាន​ការបោះឆ្នោត​ដោយ​ការលើកដៃ​ភាគច្រើនបំផុត ពោលគឺ​៩៩%​។ ដោយសារ​សហព័ន្ធ​បាន​បាត់បង់​ថ្នាក់ដឹកនាំ​ទាំង​២​រូប​បែបនេះ គឺ​សហព័ន្ធ​ត្រូវការ​ថ្នាក់ដឹកនាំ​ថ្មី​ដើម្បី​បន្ដ​យុទ្ធនាការ​អភិវឌ្ឍ​កីឡា​មួយ​នេះ​ឆ្ពោះទៅរក​ភាព​រីកចម្រើន​ជា​បន្តទៀត​។​

​    ​ជា​លទ្ធផល​នៃ​មហាសន្និបាត​បានសម្រេច​តែងតាំង​លោក ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ដែល​ទើបនឹង​ជាប់ឆ្នោត​ជា​ប្រធាន​សហព័ន្ធ និង​លោក ម៉ក់ សំអុល ជា​អនុប្រធាន​សហព័ន្ធ​។ ដោយឡែក សមាជិក​ប្រតិបត្តិ​ផ្សេងៗ​ទៀត​ដែលមាន​ចំនួន​១៥​រូប​រក្សាទុក​នៅ​ដដែល​។

​    ​លោក ជា ប៊ុនហេង រំពឹងថា​ការទទួលបាន​នូវ​ថ្នាក់ដឹកនាំ​ថ្មី​នេះ​នឹង​ជំរុញ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ដើម្បី​សម្រេច​ទិសដៅ ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​អាស៊ាន នា​ឆ្នាំ​២០១៨ និង​ត្រៀម​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​ផងដែរ​។​

​    ​សូមបញ្ជាក់ថា នៅក្នុង​អង្គសន្និបាត​នេះ​ក៏មាន​ការចុះ​កិច្ចព្រមព្រៀង​គ្នា​លើ​ការអភិវឌ្ឍ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​រវាង​សហព័ន្ធ​នេះ និង​សមាគម​កីឡា​វាយ​កូន​បាល់​ស្ម័គ្រចិត្ត​កូរ៉េ​ផងដែរ​៕​

adverise with khmeread

មតិយោបល់